ពលរដ្ឋ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ដោយសារ​ការ​ច្នៃ​រថយន្ត​គ្មាន​ការ​ធានា​ផ្នែក​បច្ចេកទេស

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន កំពុង​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ ខណៈ​រថយន្ត​កែ​ច្នៃ​ត្រូវ​បាន​ម្ចាស់​យានដ្ឋាន​ជា​ច្រើន​កន្លែង នៅ​ក្នុង​ក្រុងប៉ៃលិន ដំ​ទ្បើ​ង​ដាក់​លក់​យ៉ាង​គគ្រឹកគគ្រេង ដោយ​អះអាង​ថា បាន​រត់​ច្បាប់​ចេញពី​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​រួច​ហើយ ។ ការ​ដំ​ទ្បើ​ង​រថយន្ត​ដាក់​លក់​នេះ គឺ​សំដៅ​លក់​ឱ្យ​ប្រជា​កសិករ​ទិញ​យក​ទៅ​ប្រើប្រាស់​ដឹក​ពោត ដំ​ទ្បូ​ង​មី និង​ផលិតផល​ផ្សេង​ៗ ខណៈ​ខាង​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្ត អះអាង​ថា មិន​បាន​ចេញ​លិខិត​ណាមួយ សម្រាប់​ការ​ផលិត​រថយន្ត​ច្នៃ ហៅ​ក្របី​យន្ត ទាំងនេះ​ទ្បើ​យ គឺ​គ្រាន់តែ​ចេញ​ច្បាប់​ដល់​យានដ្ឋាន​នីមួយ​ៗ​ឱ្យ​ជួសជុល​រថយន្ត​តែ​ប៉ុណ្ណោះ ។

បើ​តាម​ម្ចាស់​យានដ្ឋាន​មួយ​កន្លែង​ឱ្យ​ដឹង​ថា គាត់​បាន​រត់​ច្បាប់​ចេញពី​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត រួចរាល់​អស់ហើយ ដើម្បី​ដំឡើងរថយន្ត​ទាំងនោះ​ដាក់​លក់​ឱ្យ​ប្រជា​កសិករ​ទិញ​យក​ទៅ​ដឹក​ពោត ដំ​ទ្បូ​ង​មី​ជាដើម ហើយ​ត្រូវ​បាន​កុម្ម​ង់​ទិញ​គ្រឿង​រថយន្ត​មក​ពី​ភ្នំពេញ រួច​ក៏​ច្នៃ​ដាក់​តួ​ម៉ាស៊ីន ចង្កូត កង់ ទ្រុង តាម​ស្តង់ដា​រថយន្ត​ដែល​ផលិត​មក​ពី​ប្រទេស​ក្រៅ​ដែរ​ ។ ប្រភព​ដដែល​បន្ត​ទៀត​ថា ការ​ច្នៃ​ធ្វើ​រថយន្ត​លក់​នេះ ខាង​មន្ទីរ​មិន​បាន​ធ្វើ​ស្លាក​លេខ​ជូន​ទ្បើ​យ ពោល​គឺជា​រថយន្ត​អត់​មាន​ពន្ធដា​ត្រឹមត្រូវ ហើយ​ម្ចាស់​រថយន្ត​គ្រាន់តែ​បង់ពន្ធ​ផ្លូវ​ជូន​រដ្ឋ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ឆាប់​ៗ​ខាង​មុខ ខាង​សាខា​គយ​ និង​រដ្ឋាករ​ខេត្ត នឹង​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ទាំងនោះ​បង់ពន្ធ​ជូន​រដ្ឋ ហើយ​ធ្វើ​ស្លាក​លេខ​ដូច​រថយន្ត​នាំ​ចូល​ស្របច្បាប់​ដែរ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​លើក​ទ្បើ​ង​ថា រថយន្ត​ច្នៃ ហៅ​ក្របី​យន្ត​នេះ ឧស្សាហ៍​ឃើញ​កើត​មាន​គ្រោះថ្នាក់​ក្រ​ទ្បា​ប់​ជា​ញឹកញាប់​នៅ​រដូវ​ប្រមូល​ផល​ពោត និង​ដំ​ទ្បូ​ង​មី​ម្តង​ៗ បណ្តាល​ឱ្យ​មាន​ស្លាប់ និង​របួស​ជា​បន្តបន្ទាប់ ព្រោះតែ​ការ​ផលិត​រថយន្ត​ទាំងនេះ អត់​មានការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​ណាមួយ​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ជាង​ច្នៃ​តម្រូវ​តាម​បច្ចេកទេស​ខ្លួនឯង​ប៉ុណ្ណោះ ។ ចំណែក​អ្នកបើកបរ​រថយន្ត​នេះ​វិញ ភាគច្រើន​ក៏​អត់​ចេះ​ច្បាប់​ចរាចរណ៍​ដែរ គឺ​ចេះ​បើកបរ​តាម​គ្នា​ប៉ុណ្ណោះ ពិសេស​ខណៈ​បើកបរ​នៅ​លើ​ផ្លូវលំ ឬ​ផ្លូវជាតិ អ្នកបើកបរ​រថយន្ត​នេះ​បត់​ឆ្វេង ស្តាំ ដោយ​គ្មាន​បើកភ្លើង​ស៊ី​ញ៉ូប្រាប់​សញ្ញា​ឱ្យ​បាន​ត្រឹមត្រូវ​ទ្បើ​យ ហើយ​ក៏​ប៉ះពារ​និង​បុក​គ្នា ក្រ​ទ្បា​ប់​ស្ទើរ​រាល់​ឆ្នាំ ។

ប្រភព​បន្ត​ទៀត​ថា តាម​ការ​សង្កេត​មើលទៅ គេ​ឃើញ​នៅ​តាម​យានដ្ឋាន​ជា​ច្រើន​កន្លែង​ក្នុង​ក្រុងប៉ៃលិន សម្បូរ​ទៅ​ដោយ​រថយន្ត​ច្នៃ​ទាំងនេះ​ណាស់ តែ​គេ​មិន​ធ្លាប់​ឃើញ​ខាង​មន្ទីរ​ជំនាញ​ចុះ​ពិនិត្យ ឬ​ណែនាំ​ម្ចាស់​យានដ្ឋាន​ទ្បើ​យ ។ ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​ខាង​មន្ទីរ​ពាក់ព័ន្ធ​មេត្តា​ចុះ​ពិនិត្យ​បច្ចេកទេស​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ចំពោះ​ខ្លួនឯង និង​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ជាមួយ ។

លោក ឌឹ​ន គឹ​ម ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ តុលា ២០១៥ ថា ខាង​មន្ទីរ​មិន​បាន​ចេញ​លិខិត​ឱ្យ​ម្ចាស់​យានដ្ឋាន​ណាមួយ​ដំឡើងរថយន្ត​ខ្លួនឯង​ទ្បើ​យ ។ តាម​ពិត ជា​ទូទៅ​គ្រាន់តែ​ចុះ​ឈ្មោះ​យានដ្ឋាន​ឱ្យ​ជួសជុល​យានយន្ត​ប៉ុណ្ណោះ ប៉ុន្តែ​ពួក​គាត់​បែរជា​ដំឡើងរថយន្ត​ច្នៃ​ដាក់​លក់​ទៅ​វិញ ។ ដូច្នេះ ខាង​មន្ទីរ​នឹង​ចុះ​ត្រួតពិនិត្យ​បញ្ហា​បច្ចេកទេស​យាន​យន្ត ដូច​ជា​ភ្លើង​ស៊ី​ញ៉ូ សាក់​ស៊ី តួ​ម៉ាស៊ីន និង​លក្ខណៈ​ផ្សេង​ៗ​ទៀត​នៅ​ថ្ងៃ​ខាង​មុខ ។ លោក​បន្ត​ទៀត​ថា នៅ​ក្នុង​ការ​ប្រជុំ​នៅ​ក្រសួង តែងតែ​មានការ​លើក​ទ្បើ​ង​អំពី​បញ្ហា​នេះ មិនមែន​តែ​នៅ​ខេត្ត​ប៉ៃលិន​ប៉ុណ្ណោះ​ទេ ពោល​គឺ​ស្ទើរតែ​គ្រប់​ខេត្ត ក្រុង ដែល​ម្ចាស់​យានដ្ឋាន​បាន​ដំឡើងរថយន្ត​ច្នៃ​នេះ​ទ្បើ​ង​ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ទៀត​ថា រថយន្ត​ច្នៃ​ហៅ​ក្របី​យន្ត​នេះ មាន​លក្ខណៈ​ប្រសើរ​ជាង​គោ​យន្ត​កន្ត្រៃ​ដែល​អត់​មាន​ភ្លើង​បំភ្លឺ​ត្រឹមត្រូវ ។ ចំពោះ​រថយន្ត​ច្នៃ​មិន​អាច​បង់ពន្ធ​កើត​ទ្បើ​យ ព្រោះ​គ្រឿងបន្លាស់​នាំ​មក​សុទ្ធតែ​បង់ពន្ធ លុះ​គាត់​យក​មក​ច្នៃ ដាក់​កង់​ផ្សេង សាក់​ស៊ី​ផ្សេង ។ រថយន្ត​ច្នៃ​ភាគច្រើន​នាំ​ចូល​មក​ពី​ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តបាត់ដំបង និង​ស្ទើរតែ​ទូ​ទាំង​ប្រទេស ហើយ​ខាង​លោក​នឹង​រឹត​បន្តឹង​លើ​វិធានការ​ដំឡើងរថយន្ត​ខុស​បច្ចេកទេស​បែប​នេះ ៕