អ៊ីស្រាអែល​បើក​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​ ចូល​ទៅ​ទីទួល​វិហារ​អ៊ីស្លាម​បូរាណ ដើម្បី​បន្ថយ​ភាព​តានតឹង

ទីបំផុត​​ បន្ទាប់​ពី​មាន​អន្តរាគមន៍ ​ពី​សហគមន៍​អន្តរជាតិ​​ ដែល​សំណូមពរ​ ឲ្យ​មាន​ការ​យល់យោគ​គ្នា ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ ​រវាង​អ៊ីស្រាអ៊ែល ​និង ​ប៉ាឡេស្ទីន ​នៅថ្ងៃ​សុក្រ​ទី​ ២៣​ តុលា​ម្សិលមិញ​ អាជ្ញាធរ​ អ៊ីស្រាអែល ​បាន​សម្រេច ​បើក​ច្រក​ចេញ​ចូល ​ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន​​ អាច​ចូល​ទៅ​កាន់​ទីលាន​វិហារ​អ៊ីស្លាម​បូរាណ ​ដែល​ជា​ទី​សក្ការៈបូជា​ធំ​បំផុត ​របស់​ប្រជាជន​អ៊ីស្លាម។ នេះ​ជា​កាយ​វិការ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ដើម្បី​បន្ធូរ​បន្ថយ ​សកម្មភាព​ហឹង្សា ​របស់​យុវជន​ប៉ាឡេស្ទីន ​ដែល​ក្តៅ​ក្រហាយ ​ដោយសារ​តែ​ការ​ជិះជាន់​ ហាម​ឃាត់​ពី​សំណាក់ ​អាជ្ញាធរ​អ៊ីស្រាអែល។