​តើ​ការ​កាច់​ម្រាមដៃ​ម្រាម​ជើងល្អ​ដែរឬទេ​?

​តើ​ការ​កាច់​ម្រាមដៃ​ម្រាម​ជើងល្អ​ដែរឬទេ​?

យើង​តែង​ឃើញ​គេ​កាច់​ឬ​ទាញ​ដក​ម្រាមដៃ​ម្រាម​ជើង បន្លឺ​ជា​ស្នូរ​ឮ​ប្រសៗ ជាពិសេស​នៅពេល​ធ្វើ​សរសៃ​ម្តងៗ ហើយ​យើង​បាន​ទាំង​ធ្វើ​តាម​គេ​ទៀតផង​។ ក៏ប៉ុន្តែ​យើង​មិន​បានដឹងថា តើ​ការធ្វើ​បែប​នេះ វា​ល្អ​ចំពោះ​សុខភាព​ដែរ​ឬ​យ៉ាងណា នោះទេ​។​

ហេតុអ្វី​បានជា​គេ​ចូលចិត្ត​កាច់​ឬ​ដក​ម្រាមដៃ​ម្រាមជើង​?
ការ​ចូល​ចិត្ត​កាច់​ឬ​ដក​ម្រាមដៃ​ម្រាមជើង​បាន​ក្លាយទៅជា​ទម្លាប់​មួយ ដែល​អ្នកខ្លះ​និយាយថា​ការធ្វើ​បែប​នេះ​ធ្វើឱ្យ​គេ​បាន​ធូរស្បើយ​អារម្មណ៍​បាន​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ធ្លាប់បាន​ជួប​សិស្ស​ជាច្រើន ដែល​កាលណា​មិន​អាច​ឆ្លើយ​សំណួរ​បាន បាន​កាច់​ម្រាមដៃ​ប្រសៗ ជា​វិធី​ដោះ​ទាល់​។​

តើ​អ្វី​ដែល​ធ្វើឱ្យ​ឮស្នូរ​ប្រសៗ​?
នៅក្នុង​សន្លាក់ឆ្អឹង​នី​មួយៗ​មានទឹក​សន្លាក់ (le fluide synovial) ដែល​ដើរតួ​ជា​ប្រេងរំអិល​សម្រាប់​បង្កា​រកា​រ​ប៉ះទង្គិច​ខ្លាំង​ផ្សេងៗ​។ កាលណា​យើង​កាច់ ឬ​ដក​ម្រាមដៃ​ម្រាមជើង យើង​បាន​ធ្វើឱ្យ​មាន​ចន្លោះ​ចំហ​មួយ ដែល​ទឹក​សន្លាក់​រត់ទៅរក រួចហើយ​ក៏​បន្លឺសម្លេង​ប្រសៗ​ទៅ​។​

តើ​ការធ្វើ​បែប​នេះ​ធ្វើឱ្យ​មាន​ការ​រលាក​សន្លាក់​ដែរឬទេ​?
បើ​តាម​ការសិក្សា​របស់ American Board of Family Medicine ដែល​បាន​ធ្វើ​ការអង្កេត​លើ​មនុស្ស​ចំនួន​២០០​នាក់ ជម្ងឺ​រលាក​សន្លាក់​គ្មានអ្វី​ទាក់ទង​ជាមួយនឹង​ទង្វើ​ខាងលើ​នេះ​ទេ​។​

ចុះ​តើ​នឹង​មាន​អ្វី​កើតឡើង​ដែរ​?
ការសិក្សា​បាន​បង្ហាញថា ថ្វី​បើ​ការ​កាច់​ឬ​ទាញ​ដក​ម្រាមដៃ​មិន​បង្ក​ឱ្យ​មាន​ការ​រលាក​សន្លាក់​យ៉ាងណាក្តី ក៏​ប៉ុន្តែ​វា​អាច​ធ្វើឱ្យ​ដៃ​ហើម ហើយ​កាត់បន្ថយ​កម្លាំង​ចាប់​កាន់​អ្វីៗ​។ ម្យ៉ាងទៀត បើសិនជា​ប្រព្រឹត្ត​វា​ជាប់​ទៅ សរសៃពួរ​ដែល​ចង​ភ្ជាប់​ឆ្អឹង​អាច​នឹង​យឺត ធ្វើឱ្យ​ដៃ​ទៅ​ជា​លែង​រឹងមាំ​បាន​។ មាន​របាយការណ៍​មួយ​នៅក្នុង​ឆ្នាំ​២០០០ អំពី​យុវជន​ម្នាក់​ដែល​ឧស្សាហ៍​កាច់​ម្រាមដៃ​ជាប្រចាំ ថា​មាន​លេច​ជា​ពក​នៅលើ​ម្រាមដៃ ដែល​ធ្វើឱ្យ​បាត់​អស់​នូវ​សោភ័ណភាព​។​

បើ​ផ្អែក​ទៅលើ​ការអធិប្បាយ​ខាងលើ វា​គ្មាន​ផល​ល្អ​អ្វី​នឹង​កាច់​ឬ​ដក​ម្រាមដៃ​ម្រាមជើង​នោះទេ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ដ​លើ​ម្រាមដៃ​ម្រាម​ជើងបាន​៕
 

​ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។