ឃាត់ខ្លួន​ជនអន្តោប្រវេសន៍ ១៤​នាក់ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

ភ្នំពេញ:  កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដែល​មក​ប្រកបមុខរបរ​រកស៊ី​និង​ស្នាក់ នៅ​ដោយ​ខុសច្បាប់ ១៤​នាក់ ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍​។​

​ដោយ​អនុវត្តន៍​តាម​ការចង្អុល​ណែនាំ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ក៏ដូចជា​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍ ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វីរៈ ស្នងការរង​នគរបាល​ខេត្ត និង​លោក​វរសេនីយ៍ទោ ជា គឹម​សាន នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ជំរឿន និង​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ដែល​បាន​ស្នាក់​នៅក្នុង​ខេត្តសៀមរាប នៅក្នុង​ការ​ជំរឿន​នោះ​ដែល​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ដែល​មក​ប្រកបមុខរបរ​រកស៊ី​និង​ស្នាក់នៅ​ដោយ​ខុសច្បាប់ ១៤​នាក់ ស្រី​៦​នាក់ អនីតិជន​ចំនួន​០៥​នាក់ ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​ចុង​ឃ្នៀ​ស ក្រុង​សៀមរាប នៅក្នុង​នោះ​មាន​អ្នក​ដែល​ប្រកបមុខរបរ​នេសាទ​ត្រី​ចំនួន ៩​នាក់ ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អគ្គនាយកដ្ឋាន​អន្ត​ប្រវេសន៍ មាន​វិធានការ​ជា​បន្តទៀត​៕

ឃាត់ខ្លួន​ជនអន្តោប្រវេសន៍ ១៤​នាក់ បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​