សង្ស័យ​លង់ទឹក​ស្លាប់ ខណៈ​ប្រទះ​ឃើញ​ខោអាវ​នៅ​មាត់ទឹក

រាជធានី​ភ្នំពេញ ៖ បុរស​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​ត្រូវ​បាន​គេ​សង្ស័យ​ថា​លង់ទឹក​ស្លាប់ ខណៈ​ប្រទះ​ឃើញ​ខោអាវ​ ​និង​ស្បែក​ជើ​ង​របស់​ជន​រង​គ្រោះ​នៅ​មាត់ទឹក ដែល​ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៣ តុលា ២០១៥ នៅ​ចំណុច​ភូមិ​ស្រែ​អំពិល សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ស្ត្រី​ឈ្មោះ ចាន់ អេ​ង អាយុ​៥០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានមុខរ​បរដក​ព្រលិត​លក់ ត្រូវជា​ម្តាយ​របស់​ជន​រង​គ្រោះ​ដែល​សង្ស័យ​លង់ទឹក​ស្លាប់​បានឱ្យ​ដឹង​ថា កូន​របស់​គាត់​ឈ្មោះ សំណាង ហៅ​ប៉ូ​ឡូ អាយុ​១៨​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី (​មិន​គ្រប់ទឹក​) ។

លោក ខុន វ៉ា​ន់​នី អាយុ​៥២​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បានឃើញ​ជន​រង​គ្រោះ​កាន់​ស្រាថ្នាំ​១​ដប បាយ​១​កញ្ចប់ សម្លរ​១​ថង់ មក​អង្គុយ​ស៊ីផឹក​ម្នាក់ឯង ខណៈ​ផឹក​បាន​បន្តិច​ក៏​ងើប​ដើរ​សំដៅ​ទៅ​មាត់ទឹក ក៏​ស្រែកសួរ​ថា ឯង​ទៅ​ណា ជន​រង​គ្រោះ​ក៏​ឆ្លើយ​ថា​ទៅ​នោម តែ​ដោយ​បាត់​យូរ​ពេក​គាត់​ក៏​​ស្រែកហៅ តែ​មិន​ឮតប​ក៏​ដើរទៅ​រក​មើល​ស្រាប់តែ​ប្រទះ​ឃើញ​ខោអាវ និង​ស្បែកជើង​ជន​រង​គ្រោះ​នៅ​មាត់ទឹក ពេល​នោះ​គាត់​ភ័យ​ណាស់​ក៏​រត់​មក​យក​ម៉ូតូ​ជិះ​ទៅ​ប្រាប់​អ្នក​ភូមិ​ឱ្យ​ដឹង និង​មក​ជួយ​រាវរក​ជន​រង​គ្រោះ​ទាំងអស់គ្នា​ តែ​រហូត​មក​ដល់​ពេល​នេះ​ម៉ោង​ជិត​៨​ទៅ​ហើយ​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ៕