ចាក់​បេតុង​បញ្ចប់​កំណាត់​តួ​ស្ពាន​អាកាស​តិច​ណូ គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​បណ្តោះ​អាសន្ន​ថ្ងៃ​ទី​២១​វិច្ឆិកា​តាម​ប្រសាសន៍​របស់​សម្តេច​តេ​ជោ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ តុលា ២០១៥​នេះ ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​តិច​ណូ ចាក់​បេតុង​បញ្ចប់ នៃ​កំណាត់​តួ​ស្ពាន​ចុង​ក្រោយ ប្រវែង​៩០​ម៉ែត្រ ទទឹង​១៥,៨​ម៉ែត្រ ត្រូវជា​បរិមាណ​បេតុង​សរុប​៦១០​ម៉ែត្រគូប ។ គិត​ត្រឹម​ថ្ងៃនេះ ល​ទ្ឋ​ផល​ការងារ​សម្រេច​បាន​៨៥%​នៃ​គម្រោង​ហើយ ។

សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ជំរុញ​ការងារ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​អំ​ទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ ។