សម្រាប់​លោក​នេ​តាន់​យ៉ា​ហ៊ូ អ៊ី​ត្លែរ​គ្មាន​បំណង​សម្លាប់​ជនជាតិ​ជ្វី​ហ្វ​កាលពី​សង្គ្រាមលោក​ទេ

គ្រប់គ្នា​សុទ្ធតែ​ដឹងថា កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី២ មេ​ផ្តាច់កា​រណា​ស៊ី​អាល្លឺម៉ង់ អា​ដុល អ៊ី​ត្លែរ បានសម្លាប់​ជនជាតិ​ជ្វី​ហ្វ​ប្រមាណ៦លាន​នាក់ គិត​ទៅ​ត្រូវជា៤០ភាគរយ​នៃ​ជនជាតិ​ជ្វី​ហ្វ​ក្នុង​ពិភពលោក។ ក្នុងនាម​ជនជាតិ​ជី​ហ្វ​មួយរូប ជាជាង​ទទួលស្គាល់​កំហុស​ធ្ងន់ធ្ងរ​របស់​អ៊ី​ត្លែរ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បិ​ន​យ៉ា​មីន នេ​តា​យ៉ា​ហ៊ូ បែរជា​ថា​អ៊ី​ត្លែរ​គ្មាន​បំណង​សម្លាប់​រង្គាល​ជនជាតិ​ជ្វី​ហ្វ​ទៅវិញ។ សម្រាប់​លោក​នេ​តា​យ៉ា​ហ៊ូ កាលនោះ គឺ អាមីន អាល់ ហ៊ូ​សី​នី (Amin al-Husseini)  ជា​មេដឹកនាំ​សាសនា​ប៉ា​ឡេ​ស្ទី​ន​ទេ ដែល​បាន​ញុះញង់​អ៊ី​ត្លែរ​អោយ​បង្ក​បទឧក្រិដ្ឋ។ ក្នុងពេល​ស្ថានភាព​ហិង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​កំពុងពុះ​កញ្ជ្រោល លោ​កនេ​តាន់​យ៉ា​ហ៊ូ កាន់តែ​បង្ហាញ​ទង្វើ​ផ្តេសផ្តាស ទាំង​ពាក្យសំដី ទាំង​អាកប្បកិរិយា។ ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ លោកស្រី​មែរ​គែល បាន​ចេញមុខ​រំលឹក​លោក​នេ​តាន់​យ៉ា​ហ៊ូ​ឡើងវិញ ពី​កំហុស​ប្រវត្តិសាស្ត្រ​អាល្លឺម៉ង់​ចំពោះ​ជនជាតិ​ជ្វី​ហ្វ។

សូមស្តាប់ព័ត៌មានលម្អិត៖

កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បិ​ន​យ៉ា​មីន នេ​តាន់​យ៉ា​ហ៊ូ បាន​សើរើ​ប្រវត្តិសាស្ត្រ​សង្គ្រាមលោក​ឡើងវិញ ដោយបាន​ចោទ​មេដឹកនាំ​សាសនា​នៅ​ប៉ា​ឡេ​ស្ទី​ន គឺ​លោក Amin al-Husseini ថា​ជា​អ្នក​ញុះញង់​អោយ​អា​ដុល អ៊ី​ត្លែរ បង្ក​បទឧក្រិដ្ឋ​សម្លាប់​ជនជាតិ​ជ្វី​ហ្វ​រាប់លាន​នាក់ ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី។ យោងតាម​លោក​នេ​តាន់​យ៉ា​ហ៊ូ មេដឹកនាំ​សាសនា​អ៊ីស្លាម អាល់ ហ៊ូ​សី​នី បាន​ទៅ​ជួប​អ៊ី​ត្លែរ កាលពី​ឆ្នាំ១៩៤។ កាលនោះ អ៊ី​ត្លែរ​គ្រាន់តែ​ចង់​បណ្តេញ​ជនជាតិ​ជ្វី​ហ្វ​ចេញពី​អាល្លឺម៉ង់​ប៉ុណ្ណោះ។ ប៉ុន្តែ អាល់ ហ៊ូ​សី​នី ប្រាប់​អ៊ី​ត្លែ​រថា៖ បើ​លោក​បណ្តេញ​ពួកគេ ពួកគេ​នឹង​ត្រលប់មក​ទីនេះ​វិញ​ទាំងអស់គ្នា។ អ៊ី​ត្លែរ​សួរ​ទៅវិញ​ថា៖ អញ្ចឹង​ខ្ញុំ​ត្រូវធ្វើ​ម៉េច? អាល់​ហ៊ូ​សី​នី​ឆ្លើយថា ៖ ដុត​ពួកគេ​ទៅ!

ក្រោយ​រៀបរាប់​សាច់រឿង​ចប់ លោ​កនេ​តាន់​យ៉ា​ហ៊ូ ប្រាប់ត្រួសៗថា ច្បាស់​ណាស់​ដែល​ត្រូវ​ទទួលស្គាល់​ពី​កំហុស​ពួក​ណា​ស៊ីក្នុង​ការសម្លាប់​រង្គាល​ជនជាតិ​ជ្វី​ហ្វ៦លាន​នាក់ ប៉ុន្តែ គេ​ក៏​មិនអាច​បដិសេធ​ពី​កំហុស​ធំ​របស់​មេដឹកនាំ​សាសនា​ប៉ា​ឡេ​ស្ទី​ន​ដែរ។ លោ​កនេ​តាន់​យ៉ា​ហ៊ូ​ប្រាប់ថា គឺ​អាល់​ហ៊ូ​សី​នី​នេះហើយ ដែល​គាំទ្រ​ដំណោះស្រាយ​ចុងក្រោយ​របស់​ពួក​ណា​ស៊ី​អាល្លឺម៉ង់។ លោ​កនេ​តាន់​យ៉ា​ហ៊ូ​ថែមទាំង​រិះគន់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែល​នៅតែ​បន្ត​គោរពបូជា​អាល់​ហ៊ូ​សី​នី។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ចោទប្រកាន់​បែបនេះ ដោយ​សំអាង​លើ​សាក្សី ក្នុង​សវនាការ​ក្តី ក្រោយ​សង្គ្រាមលោក។

ប៉ុន្តែ ក្នុងនាម​លោក​ជា​ជនជាតិ​ជ្វី​ហ្វ​មួយរូប ជា​អ្នកដឹកនាំ​មួយរូប លោក​បែរជា​គិតថា បើ​គ្មាន​ការ​ញុះញង់​ពី​មេដឹកនាំ​សាសនា​ប៉ា​ឡេ​ស្ទី​ន ក៏​គ្មាន​ការសម្លាប់​រង្គាល​លើ​ជនជាតិ​ជ្វី​ហ្វ​ដែរ។ ប្រជាជន​ជ្វី​ហ្វ​ប្រាកដជា​មិន​សប្បាយចិត្ត​ទេ។ បើ​វិភាគ​ទៅ គឹ​ហាក់ដូចជា អ៊ី​ត្លែរ​ជា​មេដឹកនាំ​ផ្តាច់ការ​ដ៏​ល្បីល្បាញ​មួយរូប​នោះ បែរជា​ទន់ខ្សោយ រហូត​ស្តាប់​និង​ធ្វើតាម​ពាក្យ​ញុះញង់​របស់​មេដឹកនាំ​សា​សនា​ប៉ា​ឡេ​ស្ទី​ន​ទៅវិញ។

បើ​សើរើ​ប្រវត្តិសាស្ត្រ​ឡើងវិញ យើង​អាច​ជឿថា កាលនោះ មេសា​សនា អាល់​ហ៊ូ​សី​នី ប្រហែលជា​អាច​បាន​និយាយ​ញុះញង់​អ៊ី​ត្លែរ​មែន ព្រោះ​គាត់​បាន​ទទួលស្គាល់ថា ធ្លាប់​និយាយ​ពី​បញ្ហា​ជនជាតិ​ជ្វី​ហ្វ​ជាមួយ​អ៊ី​ត្លែរ។ អាល់ ហ៊ូ​សី​នី​ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកតស៊ូ​ប្រឆាំងនឹង​ជនអន្តោប្រវេសន៍​ជនជាតិ​ជ្វី​ហ្វ ដែល​ហូរ​ចូលក្នុង​ដែនដី​ប៉ា​ឡេ​ស្ទី​ន ក្នុង​ឆ្នាំ១៩៣។ គាត់​បាន​ភៀសខ្លួន​ទៅ​អាល្លឺម៉ង់ ឆ្នាំ១៩៤។ គាត់​ធ្លាប់​សុំ​ឲ្យ​អ៊ី​ត្លែរ​គាំទ្រ​អោយ​ប៉ា​ឡេ​ស្ទី​ន​និង​បណ្តា​ប្រទេស​អារ៉ាប់ ទទួលបាន​ឯករាជ្យ។ គាត់​បាន​ជួយ​របប​ណា​ស៊ី បង្កើត​ក្រុម​តស៊ូ​ជនជាតិ​បូ​ស្នី​ដែល​កាន់សាសនា​អ៊ីស្លាម និង​ជួយ​ក្នុងការ​ឃោសនា​វិទ្យុ​ទៅកាន់​ដែនដី​អារ៉ាប់។ ក្រុមគាំទ្រ​គាត់​ដែល​ស្ថិតនៅ​ប៉ា​ឡេ​ស្ទី​ន ក៏បាន​ជួយ​ស៊ើបការណ៍​ពី​អ​ង៉​គ្លេ​ស ដើម្បី​ជួយ​អាល្លឺម៉ង់​ដែរ។

ទោះយ៉ាងណា​ក្តី ការដែល​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ឆ្លៀត​យក​កំហុស​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស ទៅ​ទម្លាក់​លើ​មេដឹកនាំ​សាសនា​ប៉ា​ឡេ​ស្ទី​ន ជំនាន់​សង្គ្រាមលោក គឺ​មិន​សម​ហេតុផល​ទេ ពិសេស​សម្រាប់​ក្រុម​អ្នកជំនាញ​ប្រវត្តិសាស្ត្រ និង​បក្សប្រឆាំង​ក្នុងស្រុក​តែម្តង។ បើ​សង្កេត​មើលទៅ លោ​កនេ​តាន់​យ៉ា​ហ៊ូ​ប្រហែល​នឿយហត់ ក្រពុលមុខ​ខ្លាំង ដោយសារ​តាំងពី​មានការ​ប៉ះទង្គិច​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន នៅ​ថ្ងៃ​ចូលឆ្នាំ​ជ្វី​ហ្វ ថ្ងៃ១៣កញ្ញា​មក ហិង្សា​ប្រើ​កាំបិត​ប្រឆាំង​អ៊ីស្រាអែល​កើតមាន​ជាប្រចាំ។

ហិង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​ធ្វើ​ឲ្យ​មាន​ជនរងគ្រោះ​រាល់ថ្ងៃ ភាគច្រើន​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន។ លោ​កនេ​តាន់​យ៉ា​ហ៊ូ​មិនបាន​ប្រើ​នយោបាយ​អហិង្សា ដោះស្រាយ​បញ្ហា​ទេ។ លោក​បាន​បញ្ចេញ​កងទ័ព​ឡោមព័ទ្ធ​ភាគ​ខាងកើត​ក្រុង​សេ​រុយ​សា​ឡិ​ម នៅតាម​ទីកន្លែង​ដែល​ប្រជាជន​អ៊ីស្លាម​រស់នៅ។ ប្រជាជន​អ៊ីស្រាអែល​ភ័យខ្លាច​ហិង្សា រហូតថ្មីៗកន្លងទៅនេះ បាន​ច្រឡំ​ទាត់​ធាក់​ជនបរទេស​មួយរូប ធ្វើ​ឲ្យ​ជន​រូបនោះ​ស្លាប់​ដោយ​អយុត្តិធម៌​ទៀតផង។ ប៉ុន្មាន​សប្តាហ៍​មកនេះ ប្រជាជន​អ៊ីស្រាអែល៧៥ភាគរយ មិន​សប្បាយ​ចិត្តនឹង​ដំណោះស្រាយ​ហិង្សា​របស់​នាយករដ្ឋមន្ត្រី​នេ​តាន់​យ៉ា​ហ៊ូ​ទេ។

មិន​ពិបាក​ឆ្ងល់​ទេ បើ​លោ​កនេ​តាន់​យ៉ា​ហ៊ូ ហ៊ាន​រហូត​ចោទ​មេដឹកនាំ​សាសនា​ប៉ា​ឡេ​ស្ទី​ន ក្នុង​ប្រវត្តិសាស្ត្រ​សង្គ្រាម ថា​ជា​មេ​ញុះញង់​ហិង្សា​នោះ។ លោក​កំពុង​រក​វិធី​បន្សាប​កំហឹង​ប្រជាជន​អ៊ីស្រាអែល​ច្បាស់​ណាស់។ ដូច​រាល់ដង លោក​ប្រហែល​ចង់​ប្រាប់ថា គ្រប់គ្នា​ក្នុង​ពិភពលោក​សុទ្ធតែ​មិន​ពេញចិត្ត​អ៊ីស្រាអែល។ តែ​គឺ​ប៉ា​ឡេ​ស្ទី​ន​ឯណោះ​ទេ ដែលជា​មេក្លោង​ហិង្សា​ប្រឆាំង​ជនជាតិ​ជ្វី​ហ្វ​តាំងពី​សម័យ​សង្គ្រាមលោក​មក។ បើ​មិន​ប្រើ​កម្លាំងបាយ​ខ្លះ គឺ​ពិបាក​ទប់​ឈ្នះ​ក្រុម​ជ្រុលនិយម​ប៉ា​ឡេ​ស្ទី​ន​ណាស់៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​