ការមើលឃើញ​របស់​អ្នកនយោបាយ ជុំវិញ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស

នៅ​ថ្ងៃទី២៣ ខែតុលា គឺជា​ទិវា​រម្លឹក​ខួប​លើក​ទី២៤  នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ឆ្នាំ១៩៩១ ។ ដើម្បី​រម្លឹក​ដល់​ថ្ងៃ​ប្រវត្តិសាស្ត្រ​នេះ ឥស្សរជន​នយោបាយ​មួយចំនួន បាន​បញ្ចេញ​ទស្សនៈផ្សេងៗគ្នា​ជុំវិញ​កិច្ចព្រមព្រៀង​នេះ។ ខាងក្រោម​នេះ គឺជា​សារ​របស់​អ្នកនយោបាយ ដែល​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន៖

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហាក់ដូច​យល់ស្រប​តាម​សម្តី​របស់លោក សូ​រិ​យ៉ា ស៊ូ​បែ​ឌី អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​តិ​ដែលថា៖ «កិច្ចព្រមព្រៀង​នេះ នៅតែមាន​តម្លៃ​ជានិច្ច រហូតដល់​ពេល​មួយ ដែលអ្វីៗទាំងអស់ ដែល​បានចែង​ក្នុង​កិច្ចព្រមព្រៀង​នេះ ដូចជា សិទ្ធិសេរីភាព និង យុត្តិធម៌ បានក្លាយ​ទៅជា​ការពិត សម្រាប់​ជនជាតិខ្មែរ​គ្រប់រូប»។ លោក សូ​រិ​យ៉ា សូ​ប៊ែ​ឌី បានលើកឡើង​នៅ​ថ្ងៃ ២៣ ខែតុលា ឆ្នាំ២០១១  ក្នុងឱកាស​ខួប​ទី២០ នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ស្តីពី​កម្ពុជា។

ចំណែកឯ លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ យល់ឃើញថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​បង្កើត​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​រួមមួយ ជំនួស​ឲ្យ​ការប្រើប្រាស់​កម្លាំងយោធា ព្រមទាំង​ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា ការបង្រួបបង្រួម​ជាតិ​ឡើងវិញ។ ជាងនេះទៅទៀត កិច្ចព្រមព្រៀង​នេះ បានផ្តល់​កំណើត​ថ្មី​ដល់​កម្ពុជា ជា​កិច្ចព្រមព្រៀង​ដ៏​រឹងមាំ ដែល​មិនអាច​កែប្រែបាន ហើយ​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ និង​ជា​មូលដ្ឋាន​ដ៏​សំខាន់ ឈានទៅ​អនុម័ត​រដ្ឋធម្មនុញ្ញ ព្រមទាំង​បង្កើត​ឲ្យ​មាន​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅ​កម្ពុជា។

អនុប្រធាន​បក្សប្រឆាំង​រូបនេះ បាន​បន្ថែមទៀតថា ដើម្បី​ឲ្យ​មាន​សន្តិភាព ស្ថិតស្ថេរ អធិបតេយ្យភាព​ពេញលេញ ប្រជាធិបតេយ្យ​រឹងមាំ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព និង​សមធម៌ គ្រប់ភាគី​នយោបាយ​ខ្មែរ ជាពិសេស​អ្នកដឹកនាំ ត្រូវ​ពិនិត្យឡើងវិញ ហើយ​បន្ត​គោរព និង​អនុវត្ត​នូវ​ស្មារតី​នៃ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឲ្យ​បាន​ខ្ជាប់ខ្ជួន។ លោក​បញ្ជាក់​ដូច្នេះ​ថា៖ «កិច្ចព្រមព្រៀង​នេះ ជា​មរតក​ដ៏​មហាសាល ដែល​អ្នកស្នេហាជាតិ​កម្ពុ​ជា​គ្រប់ភាគី​បាន​ពលី​បូជាជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បី​ឯករាជ្យ និង​ឯកភាព​ជាតិ​កម្ពុជា ដែលមាន​ការចូលរួម​គាំទ្រ​ពី​អន្តរជាតិ»។

ដោយឡែក លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពុំបាន​បញ្ចេញ​ទស្សនៈ​អ្វី​ច្រើន​ជុំវិញ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះឡើយ រូបលោក គ្រាន់តែ​សម្តែង​នូវ​ការអបអរសាទរ​តែប៉ុណ្ណោះ។ ប្រមុខ​រដ្ឋាភិបាល​រូបនេះ​បាន​បួងសួង​ដូច្នេះ​ថា៖ «សូម​សុខសន្តិភាព​បន្ត​កើតមាន​ដល់​ប្រជាពលរដ្ឋ និង ប្រទេស​កម្ពុជា​ទាំងមូល»។

ប៉ុន្តែ​កាលពី​ថ្ងៃទី១៩ ខែតុលា ប្រមុខ​រដ្ឋាភិបាល​បាន​បង្ហោះ​រូបភាព​ពីរ​សន្លឹក និង​ឯកសារផ្សេងៗទាក់ទង​នឹង​ការចរចា​សន្តិភាព​ក្រុងប៉ារីស ដែល​ដឹកនាំ​ដោយ​រូបលោក និង​អតីត​ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​បានចេញ​សេចក្តី​ថ្លែង​មួយ​ដែរ ទាក់ទង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ ខ្លឹមសារ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ បាន​លើកឡើងថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស គឺជា​មូលដ្ឋាន​គតិយុត្តិ​កម្រិត​អន្តរជាតិ​ដ៏​សំខាន់​មួយ ដែល​ធានា​នូវ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា ការលើកកម្ពស់​សិទ្ធិមនុស្ស នីតិរដ្ឋ និង​ការកសាង​លទ្ធិប្រជាធិបតេយ្យ។

ចំពោះ​គណបក្ស​អំណាច​ខ្មែរ​វិញ បក្ស​មួយ​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប រួបរួមគ្នា​ដើម្បី​ទាមទារ​ឲ្យ​អ្នកនយោបាយ​គ្រប់​បក្ស​ទាំងអស់ គោរព​និង​អនុវត្ត​ឲ្យ​បាន​ពេញលេញ នូវ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ជា​ប្រយោជន៍​របស់​ជាតិ និង​ការការពារ​មាតុភូមិ ឲ្យ​ចាក​ផុតពី​ការឈ្លានពាន​របស់​ប្រទេសជិតខាង៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​