មនុស្ស​៤២នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​បារាំង

មនុស្ស​៤២នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​បារាំង

ក្រុម​ជួយ​សង្រ្គោះ​សែង​មនុស្ស​ដែល​រង​របួស នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នៃ​ការ​ក្រឡាប់​រថយន្ត​ដឹក​ទំនិញ​នៅ​ខាង​ក្រៅ​ភូមិ Puisseguin ក្បែរ​ក្រុង Bordeaux ភាគ​ខាង​លិច​នៃ​ប្រទេស​បារាំង​ កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥។

មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៤២​នាក់​ដែរ ​ភាគ​ច្រើន​ជា​អ្នក​ចូល​និវត្តន៍ ​ត្រូវបាន​គេ​ជឿ​ជាក់​ថា ​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​តាម​ផ្លូវ​មួយ​នៅ​ជិត​ទីក្រុង​ Bordeaux ​នៃ​ប្រទេស​បារាំង ​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅ​ថា ​ជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយក្នុង​រយៈពេល​៣​ទសវត្សរ៍​របស់​បារាំង។

ក្រុម​មន្រ្តី​និយាយ​ថា ​រថយន្ត​ដឹក​ទំនិញ​បាន​បុក​រថយន្ត​ក្រុង​ដែល​ដឹក​អ្នក​ដំណើរ​យ៉ាង​ច្រើន​នៅ​លើ​ផ្លូវ​កោង​យ៉ាង​ខ្លាំង​នៅ​ជិត​ភូមិ Puisseguin ​ហើយបណ្តាល​ឲ្យ​រថយន្ត​ទាំង​២​គ្រឿង​នោះ​ឆេះ។

មនុស្ស​៨​នាក់​ត្រូវ​បាន​រាយការណ៍​ថា ​បាន​គេច​ផុត​ពី​អណ្តាត​ភ្លើង​នេះ ​ហើយ​ក្រុម​មន្រ្តី​ជួយ​សង្គ្រោះ​បន្ទាន់​រាប់​សិប​នាក់​ទៀត​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​កន្លែង​នោះ។

លោក​ប្រធានាធិបតី​បារាំង Francois Hollande បាន​ធ្វើ​អត្ថាធិប្បាយ​ពី​គ្រោះថ្នាក់​នេះខណៈ​ដែល​លោក​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក្រិក ​ដោយ​និយាយ​ថា ​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​អ្វី​ដែល​លោក​ប្រធានាធិបតី​ហៅ​ថា សោកនាដកម្ម​ដ៏​គួរ​ឲ្យ​រន្ធត់។ លោក​ប្រធានាធិបតីបារាំង​មិន​បាន​ច្រាន​ចោល​ពី​ការ​កាត់​បន្ថយ​រយៈពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ដើម្បី​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​បារាំង​វិញ​នោះ​ទេ។ ក្នុង​ខណៈ​នោះ​ដែរ ​លោក​នាយក​រដ្ឋ​មន្រ្តី Manuel Valls លោក​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ Bernard Cazaneuve និង​លោក​រដ្ឋ​មន្រ្តី​ក្រសួង​ដឹក​ជញ្ជូន Alain Vidal ​បាន​ធ្វើ​ដំណើរ​ទៅ​កន្លែង​កើត​ហេតុ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៥០​គីឡូម៉ែត្រ​ខាង​កើត​ទីក្រុង​ Bordeaux។

ការ​បុក​គ្នា​នេះ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​ជា​គ្រោះថ្នាក់​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​ឆ្នាំ​១៩៨២​នៅ​ពេល​មាន​មនុស្ស​៥៣​នាក់ ​រួម​ទាំង​កូន​ក្មេង​៤៤​នាក់​ផង ​បាន​ស្លាប់​នៅក្នុង​ការ​បុក​រថយន្ត​ក្រុង​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង៕