ការ​ផ្គត់ផ្គង់​ថាមពល​មាន​តម្លៃ​សមរម្យ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​សហភាព​​ទន្លេ​ Mano

ការ​ផ្គត់ផ្គង់​ថាមពល​មាន​តម្លៃ​សមរម្យ​សម្រាប់​បណ្តា​ប្រទេស​ក្នុង​សហភាព​​ទន្លេ​ Mano

អ្នក​ទស្សនា​មួយ​រូប​ដើរ​កាត់​ផ្ទាំង​រូបភាព​បង្ហាញ​ពី​ផែនទី​អាហ្វ្រិក​នៅ​ឯ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក។ ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិកបាន​ឲ្យ​ដឹង​ថា ​ប្រជាជន​អាហ្រ្វិក​ម្នាក់​ក្នុង​ចំណោម​ ប្រាំ​នាក់​ប៉ុណ្ណោះ​ដែល​មាន​លទ្ធភាព​ប្រើប្រាស់​អគ្គិសនី។ ហើយ​ប្រសិន​បើ​និន្នាការ​នេះ​នៅ​តែ​បន្ត​ វា​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​តិច​ជាង​៤០​ភាគរយ​ប៉ុណ្ណោះ​ឈាន​ដល់​ការ​ប្រើប្រាស់​អគ្គិសនី​ជា​សកល​នៅ​ឆ្នាំ​ ២០៥០ ។ វ៉ាស៊ីនតោន​ ឌីស៊ី —

ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​និយាយ​ថា ​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ កាន់​តែអាក្រក់​ឡើង​ រហូត​ធ្លាក់​ចូល​ក្នុង​វិបត្តិ​មួយ។ ធនាគារ​នេះ ​បាន​ឲ្យ​ដឹង​ថា ​ប្រជាជន​អាហ្រ្វិក​ម្នាក់​ក្នុង​ចំណោម​ ប្រាំ​នាក់​ប៉ុណ្ណោះ​ដែល​មាន​លទ្ធភាព​ប្រើប្រាស់​អគ្គិសនី។ ហើយ​ប្រសិន​បើ​និន្នាការ​នេះ​នៅ​តែ​បន្ត​ វា​ត្រឹម​តែ​អាច​ធ្វើ​ឲ្យ​បណ្តា​ប្រទេស​នៅ​ទ្វីប​អាហ្វ្រិក​តិច​ជាង​៤០​ភាគរយ​ប៉ុណ្ណោះ​ឈាន​ដល់​ការ​ប្រើប្រាស់​អគ្គិសនី​ជា​សកល​នៅ​ឆ្នាំ​ ២០៥០ ។

នៅ​ក្នុង​ឆ្នាំ​ ១៩៩៩ ក្រុម​ហ៊ុន​ West African Power Pool​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​អគ្គិសនី​ ដល់​អនុ​តំបន់​ក្នុង​តម្លៃ​ប្រកួត​ប្រជែង​និង​សមរម្យ​មួយ។ នៅ​ក្នុង​ឆ្នាំ ​២០១២ ​ប្រទេស​សមាជិក​ចំនួន​បួននៃ​ក្រុម​ហ៊ុន​ ​Power Pool ​រួម​មាន​ ប្រទេស​កូតឌីវ័រ(Ivory Coast) ​លីបេរីយ៉ា(Liberia) សេរ៉ាឡេអូន(Sierra Leone)​ និងហ្គីណេ​(Guinea) ហៅ​កាត់​ថា​ CLSG ​បាន​ចុះ​ហត្ថលេខា ​លើ​សន្ធិសញ្ញា​បង្កើត​ក្រុមហ៊ុន​ដែល​មាន​គោលបំណង​ពិសេស​មួយ ​ហៅថា​ TRANSCO CLSG ​ដើម្បី​អភិវឌ្ឍ​និង​នាំ​យក​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ទៅ​កាន់​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​ខាង​លិច​ទាំង​បួន។

លោក ​Mohammed​ Sheriff អ្នក​គ្រប់គ្រង​ទូទៅ​នៃ ​TRANSCO CLSG ​បាន​ឱ្យ​ដឹង​ថា ​គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រតិបតិ្តការ​នៅ​ដើម​ឆ្នាំ ​២០១៧ ​ជាមួយ​នឹង​ប្រទេស​កូតឌីវ័រ ​ដែល​ផ្តល់​នូវ​បរិមាណ​អគ្គិសនី​ទំហំ​៨៣ ​មេហ្គាវ៉ាត់។

លោក Sheriff និយាយ​ថា​ «គម្រោង​នេះ​នឹង​ក្លាយ​ជា​ការ​ពិត​ នៅ​ដើម​ឆ្នាំ ​២០១៧។ បច្ចុប្បន្ន​នេះ ​យើង​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការលទ្ធកម្ម​របស់​យើង។ យើង​សង្ឃឹម​ថា​នៅ​ដើម​ខែ​ឧសភា ​ឆ្នាំ​២០១៦​នេះ ​យើង​នឹង​ចាប់​ផ្តើម​ចុះ​កិច្ច​សន្យា​ឲ្យ​អ្នក​ម៉ៅការ។ យើង​បាន​វាយ​តំលៃ​គុណសម្បត្តិ​មុន​នៃអ្នក​ដែល​អាច​នឹង​ក្លាយ​ជា​អ្នក​ម៉ៅការ​។ ដំណើរ​ការ​នោះ​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ចន្លោះ​ខែ​ធ្នូ​និងមករា»។

លោក​បាន​និយាយ​ថា ​គម្រោង​នេះ​ត្រូវ​បាន​ផ្តល់​ហិរញ្ញប្បទាន​ ដោយ​ធនាគារ​ពិភព​លោក​ ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​ ធនាគារ​អភិវឌ្ឍន៍​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់​(KFW )​ និង​ធនាគារ​វិនិយោគ​អឺរ៉ុប។

ការ​ស្នើរ​សុំ​ត​បណ្តាញ​អគ្គិសនី​ប្រវែង ​១,៣៤៩ ​គីឡូម៉ែត្រ​ នឹង​ចាប់​ផ្តើម​ពី​ក្រុង​ Man ក្នុង​ប្រទេស​កូតឌីវ័រ ។ នៅ​ក្នុង​ប្រទេស​លីបេរីយ៉ា​ វា​នឹង​ត​ទៅ​ដល់​ក្រុង​ Yekepa ក្នុង​មណ្ឌល Nimba ​ហើយ​ទៅ​ដល់ទីក្រុង​ Buchanan ​ក្នុង​មណ្ឌល Grand Bassa ​និង​រដ្ឋធានី Monrovia ។ វា​នឹង​បន្ត​ចូល​ទៅ​តំបន់​ទន្លេ​ Mano ក្រុង​ Kenema, Bikongor, Bumbuna, Yiben, Kamakwie និង Kassa "B" ​ក្នុង​ប្រទេស​សេរ៉ាឡេអូន ក៏​ដូច​ជា​ទៅ​ដល់​ក្រុង​ Linsan​ និង​ Nzerekore ក្នុង​ប្រទេស​ហ្គីណេ។

លោក​ Sheriff និយាយ​ថា «យើង​នៅ​មិន​ទាន់​ធ្វើ​ការ​សន្និដ្ឋាន​អំពី​ការត​បណ្តាញ​ប្រវែង​ ​១,៣៤៩ គីឡូម៉ែត្រ​ទាំង​អស់​នោះ​ទេ​ មុន​ពេល​ដែល​យើងអាច​ឲ្យ​ខ្សែ​បណ្តាញ​នោះ​ថាមពល​អគ្គិសនី។​ ដូច​ដែល​យើង​បាន​សាងសង់​និង​ បញ្ចប់​នូវ​កន្លែង​ដែល​បាន​ផ្តល់​ឱ្យ​នោះ ​យើង​នឹង​ធ្វើ​ឲ្យ​បណ្តាញ​នោះ​មាន​ថាមពល​អគ្គិសនីនិង​ធ្វើ​ឲ្យ​ប្រជាជន​នៅ​តំបន់​នោះ​អាច​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​បាន​»។

លោក​ Sheriff បាន​ឱ្យ​ដឹង​ថា ​រចនា​សម្ព័ន្ធ​ស្ថាប័ន​របស់​ក្រុមហ៊ុន​នេះ ​ត្រូវបាន​ដឹក​នាំ​ដោយ​ក្រុម​ប្រឹក្សា​ភិបាល ​ដែល​ក្នុង​នោះ​មាន​អ្នក​ដឹកនាំ​នៃ​ស្ថាប័ន​អគ្គីសនីនៅ​ក្នុង​ប្រទេស​ទាំ​ងបួន។ ហើយ​ក្រុមហ៊ុន​នេះ​ក៏​មាន​គណៈកម្មាធិការ​ដឹក​នាំ ​ដែល​ជារដ្ឋ​មន្រ្តី​ខាង​ផ្នែក​ថាមពល​នៅ​ក្នុង​ប្រទេស​ទាំង​បួន​នៃប្រទេសលីបេរីយ៉ា​ ប្រទេស​កូតឌីវ័រ ​ប្រទេស​ហ្គីណេ ​និង​ប្រទេស​សៀរ៉ាឡេអូន។

TRANSCO CLSG​ មិន​ផលិត​អគ្គិសនី​ទេ នេះបើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ Sheriff ។ ផ្ទុយ​ទៅ​វិញ ​វា​កំណត់​តែ​ប្រភព​នៃ​ថាមពល​អគ្គិសនី​ដែល​មាន​តម្លៃ​ថោក​ និង​បញ្ជូន​វា​ទៅ​ឱ្យ​អតិថិជន។

លោក​និយាយ​ថា​ «អ្វី​ដែល​យើង​ធ្វើ​ គឺ​យើង​កំណត់ប្រភព​អគ្គិសនី​ដែល​មាន​តម្លៃ​ថោក​ និង​បញ្ជូន​ទៅ​ឲ្យ​អ្នក​ដែល​ត្រូវ​ការ។ បើ​គិត​ទៅ​លើ​ការ​ចាយ​វាយ យើង​ជឿ​ថា​នៅ​ពេល​ដែល​យើង​បញ្ចប់​ការ​ត​ខ្សែ​បណ្តាញនេះ ​ការ​បញ្ចូន​អគ្គិសនី​នឹង​មាន​តម្លៃ​ថោក​ជាង។ ការ​ព្យាករ​របស់​យើង​ អាចនិយាយ​បាន​ថា ​វា​នឹង​មាន​តម្លៃ​ថោក​ជាង​៥០ ទៅ ៦០​ ភាគរយ »។

លោក​បាន​និយាយ​ថា ​ប្រទេស​កូតឌីវ័រ​ដែល​និយាយ​ថា​ខ្លួន​មាន​ថាមពល​អគ្គិសនី​ច្រើន​លើស​ការប្រើប្រាស់​នោះ​ ​បាន​សន្យា​ថា​នឹង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ ទំហំ​ ៨៣ មេ​ហ្គាវ៉ាត់​ នៅ​ដំណាក់កាល​ដំបូង​នេះ។ ថាមពល​ទាំង​នេះ​ នឹង​បាន​មក​ពី​ការបញ្ចូល​គ្នានៃ​ការ​បង្កើត​វារីអគ្គិសនី​ ​និង​ទួរប៊ីនឧស្ម័ន។

កម្មវិធី​ថាមពល​ទ្វីប​អាហ្រ្វិក​ ដែល​មាន​តម្លៃ​៧​ពាន់​លាន​ដុល្លារអាមេរិក​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា​ គ្រោង​នឹង​ពង្រីក​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក​។ លោក​ Sheriff បាន​ឱ្យ​ដឹង​ថា ​គម្រោង​Power Pool នៃ​ទ្វីប​អាហ្រ្វិក​ខាងលិច ​គឺ​មិន​មែន​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តួចផ្តើម​ថាមពល​ទ្វីប​អាហ្រ្វិក​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ៖ ឆាយ គីម​ហ៊ង