​ខ្ញុំ​មាន​មេរោគ​រលាក​ថ្លើម មិនអាច​រៀបការ​បាន​ឬ ?

Sanofi

ផ្តើមចេញពី​រូបសម្បត្តិ ចំណេះវិជ្ជា សីលធម៌ និង គុណធម៌​របស់ ខ្ញុំបាទ​វា​បាន​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​នារី​ម្នាក់​ដែល​រៀន​នៅ​មហាវិទ្យាល័យ​ជាមួយគ្នា មិនអាច​កាត់ផ្តាច់​ចេញ​ពីគ្នា​បាន​រហូត​បាន​ជ្រាប​ដល់​ចាស់ៗ​ទាំងសងខាង និង ទទួលបាន​លទ្ធផល​វិជ្ជមាន ពោលគឺ​ភាព​ពេញចិត្ត​ពេញ​ថ្លើម​បានកើត​មាន​យ៉ាង​ប្រាកដ​ចំពោះ​ក្រុមគ្រួសារ​ទាំងសងខាង ។ អាពាហ៍ពិពាហ៍​មួយ​មុខជា​នឹង​កើតឡើង​ក្រោម​ការឱ្យ​ពរជ័យ និង អបអរសាទរ​ពី​មេបា និង ក្រុមគ្រួសារ​សាច់ញាតិ​… នេះ​ជា​ក្តី​រំពឹង​របស់​យើង ។​

រឿងរ៉ាវ​ស្មាន​មិន​ដល់​មួយ​ក៏បាន​កើតឡើង​បន្ទាប់ពី​លទ្ធផល​ធ្វើ​តេ​ស្តិ៍​ឈាម​បាន​បង្ហាញថា ខ្ញុំបាទ​មាន​«​ជំងឺ​រលាក​ថ្លើម​ប្រភេទ B» កម្រិតធ្ងន់ ។ លទ្ធផល​នេះ​បានធ្វើឱ្យ​ដាច់ដោច​នូវ​ចំណង​ស្នេហ៍​របស់​ខ្ញុំបាទ និង គូ​ដណ្តឹង​ដែល​ខ្ញុំ​ស្រឡាញ់​លើសពី​អ្វីៗ​ទាំងអស់ ដោយសារតែ​ឪពុក​របស់​នាង​បានប្រកែក​យ៉ាង​ដាច់អហង្ការ​ថា ដាច់ខាត​មិនឱ្យ​ខ្ញុំបាទ និង កូនស្រី​របស់គាត់​បាន​ជួបគ្នា​ឡើយ ហេតុផល និង ការយល់ឃើញ​របស់គាត់​គឺថា​ជំងឺថ្លើម​ប្រភេទ B សាហាវ ជាង​«​អេដស៍​»​ទៅទៀត ជាពិសេស​គាត់​បាន​ជួប​ផ្ទាល់​អ្នក​ដែល​ស្លាប់​ដោយសារ​មេរោគ​នេះ​ក្នុងនោះ​ក៏មាន​សាច់ញ្ញាតិ​របស់គាត់​ម្នាក់​ដែរ ។​

​រឿងរ៉ាវ​ខកបំណង​ដូចនេះ​មិនមែន​កើតមាន​ចំពោះតែ​រូប​ខ្ញុំបាទ​ម្នាក់​ទេ គូ​ដណ្តឹង​របស់ខ្ញុំ​ក៏​រឹតតែ​មានការ​សោកសង្រេង​ជាង​ខ្ញុំបាទ​ទៅទៀត ហើយ​ខ្ញុំបាទ​បាន​អង្វរករ​ឪពុក​របស់​នាង​រហូត​អស់​លទ្ធភាព​តែ​លទ្ធផល​គឺ​សូន្យ​ដោយ​គាត់​បាន​បញ្ជាក់ថា បើ​ខ្ញុំបាទ​ពិតជា​អាណិត​ស្រឡាញ់​កូ​ស្រី​របស់គាត់​មែន សូម​កាត់ចិត្ត​ទៅ​កុំ​ចង់ឱ្យ​កូនស្រី​របស់​កាត់​អាយុ​ខ្លី ព្រោះ​គាត់​មានកូន​ស្រី​តែ​ម្នាក់​គត់ ។ ចំណែកឯ​ម្តាយ​របស់​នាង​វិញ ថ្វីដ្បិតតែ​គាត់​អាណិត​ខ្ញុំ​តែ​គាត់​ក៏​មិន​ហ៊ាន​អារកាត់​រឿងនេះ​ដែរ ព្រោះ​ការសម្រេច​ចិត្តធំ​គឺ​នៅលើ​ឪពុក​របស់​នាង ហើយ​គាត់​ក៏​ពុំ​ហ៊ាន​ឱ្យយោបល់​ស្វាមី​របស់គាត់​ពិចារណា​ដើម្បី​រក​ដំណោះស្រាយ​មួយ​ថ្មី​នោះដែរ ព្រោះ​គាត់​ស្គាល់​ច្បាស់​ពី​ចរិត​របស់​ស្វាមី​គាត់​ថា អ្វីដែល​គាត់​សម្រេច​ហើយ​គឺ​មិនអាច​កែប្រែ​បានឡើយ ព្រោះ​គាត់​ជា​មនុស្ស​ម៉ឺងម៉ាត់ និង មាន​តួនាទី​ជា​មន្ត្រីប៉ូលិស​មានបុណ្យ​សក្តិ និង មុខមាត់​មួយរូប ។

​ហេតុផល​ខាងលើនេះ​បាន​រុញច្រាន​ខ្ញុំបាទ​ឱ្យ​ដើរ​មកដល់​ផ្លូវ​អស់សង្ឃឹម​មួយ​ដែល​ពិបាក​នឹង​បរិយាយ ។ តើ​ខ្ញុំបាទ​គួរ​ធ្វើយ៉ាងណា ? ឬមួយ​សូម្បីតែ​មនុស្ស​កើតមក​មាន​ជំងឺ​ក៏​ជា​កំហុស​មិនអាច​លើកលែង​បានដែរ​ឬ ? តើ​យុត្តិធម៌​ដែរ​ទេ​នៅពេលដែល​ក្តី​ស្រឡាញ់​ស្មោះ​រវាង​មនុស្ស​ពីរ​នាក់​រៀបនឹង​ចូល​រោងការ​ហើយ តែ​បែរជា​ខកខាន​ដោយសារតែ​មេរោគ​ថ្លើម​មក​កាត់សេចក្តី​បំបែក​ឱ្យ​យើង​ព្រាត់​ពីគ្នា​ទាំង​ចិត្ត​ស្រឡាញ់​ដូច្នេះ​ទៅវិញ​នោះ ? សូម​«​ប្រជាប្រិយ​»​មេត្តាជួយ​ស្រាយ​ក្តីកង្វល់​របស់ខ្ញុំ​នេះ​ផង ។​

​ជួន​ចំពោះ​យុវជន​មាន​វិបត្តិ

បើ​វិភាគ​តាមបែប​វេជ្ជសាស្ត្រ​នៅក្នុង​រូប​កាយ​របស់​មនុស្សម្នា​ក់ៗ គឺ​សុទ្ធ​តែមាន​មេរោគ មាន​ជំងឺ​ប្លែកៗ​ពីគ្នា គ្រាន់តែ​ធ្ងន់ ឬ ស្រាល​ប៉ុណ្ណោះ ។ ចំពោះ​មេរោគ​រលាក​ថ្លើម​ប្រភេទ B នេះ​គឺមាន​ច្រើន​នៅ​ប្រទេស​កម្ពុជា​ក៏ ដូចជា​បណ្តា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍ និង មិនទាន់​អភិវឌ្ឍ​ដែល​ជំងឺ​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​បាត់បង់​ជីវិត​ដោយ​មូលហេតុ​ពុំបាន​ពិនិត្យ​ព្យាបាល និង តាមដាន​បាន​ត្រឹមត្រូវ ។ ឈរលើ​មូលហេតុ​នេះហើយ ទើប​ជំងឺ​នេះ​ក្លាយទៅជា​ជំងឺ​មួយ​ដែលនាំឱ្យ​មនុស្សម្នា​ក់មាន​ការខ្លាច​រអា​ឈានទៅដល់​ការរើសអើង​ដូច​ករណី​ឪពុក​របស់​គូ​ដណ្តឹង​ប្អូន​នេះ​ផ្ទាល់ ។​

​យើង​ពិបាក​នឹង​បន្ទោស​ឪពុក​របស់​គូ​ដណ្តឹង​លោក​ណាស់ ព្រោះ​លោកឪពុក​គ្រប់រូប​ក្នុង​លោក​តែងតែ​តម្កល់​ក្តី​សុខ​សុភមង្គល​របស់​កូន​ជាធំ ។ អ្វីដែល រឹតតែ​សំខាន់​នោះ​គឺ​គាត់​មានកូន​ស្រី​តែ​ម្នាក់ ដូច្នេះ​រឹតតែ​ធ្វើឱ្យ​លោក​មានការ​ប្រយ័ត្នប្រយែង​បំផុត​ចំពោះ​រឿង​ទុកដាក់​កូនស្រី​ឱ្យមាន​គូស្រករ​ដូច្នេះ​នោះ ។ មិនមែន​គាត់​ស្អប់ខ្ពើម​លោក​ទេ បើ​យើង​សម្លឹង​គាត់​ក្នុង​ផ្លូវ​សុទិដ្ឋិនិយម នោះ​គឺជា​ក្តីបារម្ភ​ទាំងស្រុង​ចំពោះ​កូនស្រី​របស់គាត់​ដែល​តម្រូវឱ្យ​គាត់​ត្រូវ​ជ្រើស​រើសយក​ការផ្តាច់​ពាក្យ​នេះ​ទាំង​បង្ខំចិត្ត ។​ ដំណោះស្រាយ​ដែល​«​ប្រជាប្រិយ​»​សម្លឹង​ឃើញ​ចំពោះ​បញ្ហារ​របស់ លោក​នោះ​គឺ​ត្រូវ​អង្វរ​សុំ​ការ​អាណិត​ពី​គាត់​ម្តងទៀត ហើយ​សុំ​ពេលវេលា​គាត់​ដើម្បី​ព្យាបាល​ជំងឺ​របស់លោក​នៅ​មន្ទីរពេទ្យ​ដែលមាន​ឯកទេស និង ជំនាញ​ច្បាស់លាស់ ។

ការ​អង្វរ​របស់លោក​នឹង​អាចធ្វើឱ្យ​គាត់​សម្រេចចិត្ត​ជាថ្មី ។ នៅពេលដែល​គាត់​ព្រម​តាម​ការស្នើសុំ​របស់លោក​ហើយ លោក​ត្រូវតែ​ប្រញាប់​ព្យាបាល​ជំងឺ​ឱ្យចំ​គោលដៅ ហើយ​ខិតខំ​ថែរក្សា​សុខភាព​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​កុំឱ្យ​ខកខាន ឬ ធ្វេសប្រហែស ។ បើ​លោក​ធ្វើបាន មេរោគ​នៅក្នុង​ថ្លើម​របស់លោក​មុខជា​ត្រូវ​កាត់បន្ថយ ទោះបី​មិន​អាចជា​ដាច់​មួយរយ​ភាគរយ​ក៏​ប្រសើរ​ជាង​ការដែល​មិន​ព្យាបាល​ដែរ ទោះជា​មិន​ព្យាបាល​ដើម្បី​មានឱកាស​ចូល​រោងការ​ជាមួយ​នារី​ដែល​ខ្លួន​ស្រឡាញ់ ក៏ត្រូវ​ព្យាបាល​ដើម្បី​រក្សា​ជិវិត​លោក​ដើម្បី​ជួយ​គ្រួសារ និង រួមចំណែក​ជួយ​សង្គមជាតិ​របស់​យើង​ផងដែរ ។

នៅពេលដែល​មេរោគ​ថយចុះ រួម​នឹង​ទង្វើ​ប្រកបដោយ​គុណធម៌​របស់លោក​ចំពោះ​នារី​ដែល​លោក​ស្រឡាញ់ និង ក្រុមគ្រួសារ អាច​បន្ទន់ចិត្ត​ឪពុក​របស់​នាង ហើយ​ឈានទៅរក​ការសម្រេចចិត្ត​ជាថ្មី ដែលជា​ក្តី​ប៉ងប្រាថ្នា​របស់លោក ។ លោក​អាច​សុំ​ដាក់​លក្ខខណ្ឌ​ជាមួយ​គាត់​ថា នៅពេល​រៀបការ​ហើយ​ក្តី លោក​នឹង​ប្រើ​វិធី​ការពារ​មិនឱ្យ​រោគ​ថ្លើម​នេះ​ឆ្លងទៅ​ភរិយា​តាមរយៈ​ការរួម​ដំណេក​ឡើយ លុះត្រាតែ​មេរោគ​ថ្លើម​លោក​ធ្លាក់ចុះ​ដល់​កម្រិត​អប្ប​បរិ​មា ។​ «​ប្រជាប្រិយ​» ​សង្ឃឹមថា ការចូលរួម​យោបល់​នេះ​ជា​ពន្លឺ​មួយ​ដែល​អាចជា​ការរួមចំណែក​ស្វែងរក​ដំណោះស្រាយ​មួយ​នាំមក​នូវ​ផល​ល្អ​ទាំងសងខាង និង សូម​ជូនពរ​លោក​បាន​សម្រេច​បំណង​ក្នុង​រឿងនេះ​ដោយ​សន្តិវិធី ៕

Related