ទូក​នេសាទ​យួន​អុកឡុក​ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ខណៈ​សមត្ថកិច្ច​ឆ្ងា​ញ់​នឹង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​

​សេចក្តីរាយការណ៍​ពី​ខេត្តតាកែវ​ បាន​ឲ្យ​ដឹង​ថា​ ទូក​នេសាទ​ច្រើន​គ្រឿង​របស់​ជនជាតិ​យួន​ដែល​ប្រើប្រាស់​ឧបករណ៍​នេសាទ​សុទ្ធតែ​ស្បៃ​មុង​ និង​សៃយ៉ឺន​ចម្ងាយ​រាប់​គីឡូម៉ែត្រ​ កំពុង​ធ្វើ​សកម្មភាព​នេសាទ​ពេញទំហឹង​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ដែល​ទូក​នេសាទ​យួន​ទាំងនោះ​ភាគច្រើន​ត្រូវ​បាន​កាង​ការពារ​ និង​យក​លុយ​ដាក់​ហោប៉ៅ​ដោយ​អ្នកមាន​អំណាច​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយ​ចំនួន​ ។​

​អ្នកស្រុក​អង្គរបុរី​ បាន​រៀបរាប់​ឲ្យ​ដឹង​ដែរ​ថា​ ទូក​ដាក់​លប​ក្តាមរបស់​ជនជាតិ​យួន​ ត្រូវ​បង់លុយ​ចំនួន​២​លាន​រៀល​ក្នុង​១​ទូក​,​ ទូក​ដាក់​លប​បង្កង​ ត្រូវ​បង់លុយ​ចំនួន​៤​លាន​រៀល​ក្នុង​១​ទូក​,​ ទូក​ដាក់​លប​ត្រី​រ៉ស់​ ត្រូវ​បង់លុយ​ចំនួន​៤​លាន​រៀល​ក្នុង​១​ទូក​,​ ទូក​ដាក់​សៃយ៉ឺន​កន្ទុយ​កណ្តុរ​ ត្រូវ​បង់លុយ​ចំនួន​៦​លាន​រៀល​ក្នុង​១​ទូក​ និង​ឧបករណ៍​នេសាទ​ប្រភេទ​ស្បៃ​មុង​-​សៃយ៉ឺន​ដែល​ដាក់​ពង្រាយ​ចម្ងាយ​រាប់​គីឡូម៉ែត្រ​នោះ​ ត្រូវ​បង់លុយ​ចំនួន​២​ម៉ឺន​រៀល​ក្នុង​១​ម៉ែត្រ​ ឲ្យ​ទៅ​សមត្ថកិច្ច​ ដោយ​មាន​នាយទាហាន​ការពារ​ព្រំដែន​ប្រចាំ​ច្រក​ថ្ម​បី​ដុំ​ម្នាក់​ឈ្មោះ​ ឡេះ​ សូ​នី​ ជា​អ្នក​ប្រមូល​លុយ​ ។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ សំណាង​ ស្នងការ​នគរបាល​ខេត្តតាកែវ​ បាន​ឲ្យ​ដឹង​ថា​ ជនជាតិ​វៀតណាម​ដែល​មក​ស្នាក់​នៅ​ និង​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​ចំណុច​ស្រុក​អង្គរបុរី​នោះ​ លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​ចុះ​ទៅ​ស្រង់​ស្ថិតិ​ ដើម្បី​រាយការណ៍​សុំ​ការ​សម្រេច​ពី​ថ្នាក់លើ​រួច​ហើយ​ ។​

​ដោយឡែក​ ឯកឧត្តម​ ឡាយ​ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​បាន​នៅឡើយ​ទេ​ គិត​ត្រឹម​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​នេះ​ ពីព្រោះ​ជា​ថ្ងៃ​បុណ្យ​ឈប់​សម្រាក​ទិវា​សន្ធិសញ្ញា​សន្តិភាព​ទី​ក្រុងប៉ារីស​ ស្តី​ពី​កម្ពុជា​ ៕​

ទូក​នេសាទ​យួន​អុកឡុក​ស្រុក​អង្គរបុរី​ ខេត្តតាកែវ​ ខណៈ​សមត្ថកិច្ច​ឆ្ងា​ញ់​នឹង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​