គណៈមេធាវី​ដាក់​ចេញ​ទិស​ដៅ​ការងារ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៥-២០១៦

​ឆ្លង​តាម​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​២០​របស់​គណៈមេធាវី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​(BAKC)​ ដែល​មាន​លោក​មេធាវី​ ប៊ុ​ន​ ហុ​ន​ អត្តលេខ​១៤១​ជា​ប្រធាន​ កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ គណៈមេធាវី​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​ការងារ​សម្រាប់​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៥-២០១៦​ ដើម្បី​បន្ត​ការពារ​វិជ្ជាជីវៈ​មេធាវី​ និង​លើកកម្ពស់​កិត្យានុភាព​របស់​គណៈមេធាវី​នៅ​ក្នុង​សង្គម​ចំនួន​២០​ចំណុច​ ដូច​ខាងក្រោម​ ៖

១-​បន្ត​ការ​ធានា​ឯករាជ្យ​ក្នុង​ការ​អនុវត្តន៍​វិជ្ជាជីវៈ​មេធាវី​ និង​ឯករាជ្យ​របស់​ស្ថាប័ន​គណៈមេធាវី​ ។​
២-​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​មេធាវី​ ក្រមសីលធម៌​ បទបញ្ជាផ្ទៃក្នុង​ និង​សេចក្តីសម្រេច​ផ្សេងៗ​របស់​គណៈមេធាវី​ឲ្យ​បាន​ត្រឹមត្រូវ​ និង​មាន​ប្រសិទ្ធភាព​ ។​
៣-​រៀបចំ​វិធាន​គ្រប់គ្រង​ និង​តាមដាន​ការ​អនុវត្ត​វិជ្ជាជីវៈ​មេធាវី​របស់​មេធាវី​បរទេស​ និង​ចាត់វិធានការ​ចំពោះ​ជនបរទេស​ទាំងឡាយ​ដែល​អនុវត្តន៍​វិជ្ជាជីវៈ​មេធាវី​ដោយ​ខុសច្បាប់​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
៤-​បន្ត​ពិនិត្យ​ តាមដាន​ និង​ការពារ​ការ​អនុវត្ត​វិជ្ជាជីវៈ​មេធាវី​បន្ថែម​ទៀត​ ។​
៥-​បន្ត​ការ​ការពារ​មេធាវី​ពី​ការ​ចាប់ខ្លួន​ ឃុំខ្លួន​ និង​ចោទប្រកាន់​ដោយ​បំពាន​ច្បាប់​ និង​វិធាន​វិជ្ជាជីវៈ​មេធាវី​ ។​
៦-​បន្ត​ពង្រឹងគុណភាព​ និង​សមត្ថភាព​មេធាវី​ តាម​រយៈ​ការ​បណ្តុះបណ្តាល​បឋម​ នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី​ និង​ការ​បណ្តុះបណ្តាល​បន្ត​នៅ​គណៈមេធាវី​ ។​
៧-​បន្ត​រៀបចំ​សិក្ខាសាលា​ និង​វគ្គ​បណ្តុះបណ្តាល​បន្ត​ដល់​មេធាវី​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ ដើម្បី​បង្កើន​នូវ​ចំណេះដឹង​ និង​ពង្រឹងសមត្ថភាព​មេធាវី​ ស្រប​ពេល​ជាមួយនឹង​កា​រវិ​វ​ឌ្ឍ​របស់​សង្គម​ និង​ការ​ធ្វើ​សមាហរណកម្ម​តំបន់​របស់​អាស៊ាន​ ។​
៨-​ស្វែងរក​ឱកាស​សិក្សា​ និង​ផ្តល់​ការ​លើកទឹកចិត្ត​សម្រាប់​មេធាវី​ដែល​មាន​បំណង​បន្ត​ការ​សិក្សា​របស់​ខ្លួន​នៅ​ថ្នាក់ក្រោយឧត្តម​សិក្សា​ និង​បង្កើន​ឱកាស​ដល់​មេធាវី​ ដើម្បី​ធ្វើ​ទស្សនកិច្ច​សន្យា​ និង​/​ឬ​ទទួល​បានការ​អាហារូបករណ៍​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​បរទេស​ ។​
៩-​បន្ត​ដោះស្រាយ​វិវាទ​រវាង​មេធាវី​ និង​មេធាវី​ និង​រវាង​មេធាវី​និង​អតិថិជន​ដែល​បាន​ប្តឹង​មក​គណៈមេធាវី​ ។​
១០-​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​មេធាវី​ដែល​បំពាន​វិធាន​វិជ្ជាជីវៈ​មេធាវី​ និង​ចំពោះ​ជន​ដែល​ប្រកប​វិជ្ជាជីវៈ​ខុសច្បាប់​ ។​
១១-​បន្ត​ជំរុញ​សិទ្ធិ​ទទួល​បាន​យុត្តិធម៌​របស់​កុមារ​ និង​ស្ត្រី​ ។​
១២-​រៀបចំ​ធ្វើ​វិសោធនកម្ម​ បទបញ្ជាផ្ទៃក្នុង​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
១៣-​បន្ត​ពង្រឹងគុណភាព​នៃ​ការ​ផ្សព្វផ្សាយ​ច្បាប់​របស់​មេធាវី​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ ។​
១៤-​បន្ត​ធ្វើ​បច្ចុប្បន្នភាព​ និង​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ នៅ​លើ​គេហទំព័រ​របស់​គណៈមេធាវី​ ដើម្បី​ជា​ទុន​ក្នុង​ការ​ស្រាវជ្រាវ​របស់​សមាជិក​គណៈមេធាវី​ ។​
១៥-​បន្ត​ធ្វើការ​កែ​លម្អ​បណ្ណាល័យ​របស់​គណៈមេធាវី​ ដើម្បី​ធ្វើ​ឲ្យ​បណ្ណាល័យ​នេះ​ក្លាយទៅជា​មជ្ឈមណ្ឌល​សិក្សា​ ស្រាវជ្រាវ​ច្បាប់​ដែល​មាន​ប្រជាប្រិយភាព​ពី​សំណាក់​អ្នក​អាន​ និង​អ្នក​ស្រាវជ្រាវ​គ្រប់ៗ​រូប​ ។​
១៦-​ពង្រីក​កិច្ចសហការ​រវាង​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ និង​វិជ្ជាជីវៈ​មេធាវី​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ ។​
១៧-​បន្ត​ស្នើ​សុំ​បន្ទប់​មេធាវី​នៅ​តាម​សាលា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់​ ដើម្បី​ឲ្យ​មេធាវី​អាច​មាន​បន្ទប់​សមរម្យ​ដើម្បី​ត្រៀមខ្លួន​ផ្លាស់​សម្លៀក​បំពាក់​ និង​ពិគ្រោះ​យោបល់​ជាមួយ​កូនក្តី​របស់​ខ្លួន​ មុន​ពេល​សវនាការ​ ។​
១៨-​បន្ត​ពង្រីក​សកម្មភាព​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​ ដោយ​បន្ត​និង​ពង្រីក​កិច្ចសហការ​ជាមួយ​រាជរដ្ឋាភិបាល​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍​នានា​ ។​
១៩-​បន្ត​កិច្ចសហការ​ជាមួយ​ស្ថាប័ន​គណៈមេធាវី​បរទេស​ ដើម្បី​ចែក​រំ​លឺ​កប​ទ​ពិសោធន៍​ល្អ​ក្នុង​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​មេធាវី​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​
២០-​ជំរុញ​ការ​ផ្សព្វផ្សាយ​វិជ្ជាជីវៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទាំង​លើ​ក្នុង​ឆាក​ជាតិ​ និង​ឆាក​អន្តរជាតិ​ ៕​

គណៈមេធាវី​ដាក់​ចេញ​ទិស​ដៅ​ការងារ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៥-២០១៦គណៈមេធាវី​ដាក់​ចេញ​ទិស​ដៅ​ការងារ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៥-២០១៦គណៈមេធាវី​ដាក់​ចេញ​ទិស​ដៅ​ការងារ​អនុវត្តន៍​បន្ត​ឆ្នាំ​២០១៥-២០១៦