លោក​អភិបាលស្រុក​គិរីវង់ និយាយថា សំរាម​ដែល​គេ​ចាក់ចោល​លើ​ចិញ្ចើមផ្លូវ​ច្រកទ្វារ​អន្តជាតិ ភ្នំ​ដិ​ន គឺជា​រឿង​តូចតាច​

ខេត្តតាកែវ: ​លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​គិរីវង់ បាន​និយាយថា រឿង​សំរាម ដែល​ប្រជាពលរដ្ឋ យកទៅ​ចាក់ចោល​នៅលើ​ចិញ្ចើមផ្លូវ​ច្រកទ្វារ​អន្តរជាតិ ភ្នំ​ដិ​ន ដែលជា​ច្រកទ្វារ​សំបូរ​ទៅដោយ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចេញចូល​ប្រទេស​កម្ពុជា​វៀតណាម​នោះ ថា​ជា​រឿង​តូចតាច​កំប៉ិកកំប៉ុក​តែប៉ុណ្ណោះ​។​

​លោក កៅ វគ្គ​សែ​ល អភិបាលស្រុក​គិរីវង់ បាន​ថ្លែង​ដូច្នេះ កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥​។ គឺ​បន្ទាប់ពី​បណ្តាញ​សង្គម facebook បាន​រិះគន់ថា "​សំរាម​ដ៏​ស្រស់ស្អាត នៅតាម​ច្រកទ្វារ​អន្តរជាតិ ភ្នំ​ដិ​ន ស្រុក​គិរីវង់ ខេត្តតាកែវ កំពុង​បង្អួត​ភ្ញៀ​រ​ទេសចរ​"​។​

​ជាមួយគ្នា​នោះ ប្រជាពលរដ្ឋ​ចេញចូល​ឆ្លងដែន​រកស៊ី​ប្រចាំថ្ងៃ បាននាំគ្នា​និយាយ​ត្អូញត្អែរថា រឿង​សំរាម​តាម​លើ​ចិញ្ចើមផ្លូវ​ក្បែរ​ច្រកទ្វា​អន្តរជាតិ ភ្នំ​ដិ​ន ស្អុយគគ្រុក ធ្វើអោយ​ខូច​បរិស្ថាន គ្មាន​មន្ត្រី​ជំនាញ រឺ​អាជ្ញាធរ ឃុំ ស្រុក យក​ភ្នែក​មើល​ឡើយ​។​

​ប្រជាពលរដ្ឋ​បាននាំគ្នា​និយាយ​ត​ទៀតថា ពួកគាត់​ចង់ឃើញ​ភូមិ​ឃុំ​ស្រុក គ្មាន​ស្បោង​កៅស៊ូ ចោល​រាយប៉ាយ និង​មិនមាន​ក្លិនស្អុយ ទើប​កូនចៅ​របស់​ពួកគាត់ មាន​សុខ​ភាពល្អ​។

​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ មេត្តាជួយ​ពិនិត្យ និង​ជំរុញ​ដល់​លោក​អភិបាលស្រុក​គិរីវង់ អោយ​ដឹកនាំ​កម្លាំង ចុះ​សំអាត​នៅ​តំបន់​ទេសចរ​នោះ​ផង​ចុះ ព្រោះថា គេ​ឃើញ​សំរាម​នោះ មាន​គេ​ចាក់គ​នៅ​ច្រកទ្វារព្រំដែន ភ្នំ​ដិ​ន តាំងពី​លោក កៅ វគ្គ​សែ​ល ឡើងកាន់តំណែង​ជា​អភិបាលស្រុក មកម្ល៉េះ​៕​