បុរស​ពិការ​ជើង​ទៅ​រាយ​មង​លង់ទឹក​ស្លាប់​ចោល​ប្រពន្ធ​និង​កូន​២​នាក់

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​ពិការ​ជើង និង​ខ្នង​គម​ម្នាក់​បាន​លង់ទឹក​ស្លាប់​ចោល​ប្រពន្ធ និង​កូន​២​នាក់ ខណៈ​ចេញ​ទៅ​រាយ​មង​នៅ​ចំណុច​ប្រឡាយ​អូរ​ស្វាយ​ ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​ភូមិ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២២ តុលា ២០១៥ ។

ជន​រង​គ្រោះ​ឈ្មោះ ម៉េ​ង ចាន់​ថា អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​កែវ ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​បុរស​ពិការ​ជើង និង​គម​ខ្នង​​រង​គ្រោះ​តែងតែ​ចេញ​ពីផ្ទះ​ទៅ​រាយ​មង​ដើម្បី​ចាប់​យក​ត្រី​យក​មក​ធ្វើ​ម្ហូបអាហារ​សម្រាប់​ធ្វើ​ម្ហូប​ទទួលទាន​ ចៃដន្យ​អាក្រក់​នៅ​ថ្ងៃ​កើតហេតុ​ស្រប​ពេល​ដែល​បុរស​នេះ​បាន​ហែល​ទឹក​បឹង​ដើម្បី​ដោះ​យក​ត្រី​ដោយ​មាន​ប៊ីដុង​ចំណុះ​៣០​លី​ត្រ​ចំនួន​២​ចងខ្សែ​ ស្រាប់តែ​របូត​ចំណង​ខ្សែ​ប៊ី​ង​មួយ​បណ្តាល​ឲ្យ​លង់ទឹក​ជម្រៅ​ជាង​២​ម៉ែត្រ​ស្លាប់ ។ លោក​អធិការរង​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ពេល​ដែល​ឃើញ​ហេតុការណ៍​នេះ កូនប្រុស​ឈ្មោះ ថា​យ រ៉ា​ម៉េ​ត អាយុ​៥​ឆ្នាំ ដែល​ទៅ​ជាមួយ​ឪពុក​បាន​រត់​មក​ផ្ទះ​របស់​ខ្លួន​ប្រាប់​ម្តាយ និង​សាច់ញាតិ​ជា​ច្រើន​នាក់​ប្រញាប់​ចេញ​ទៅ​ជួយ​សង្គ្រោះ ប៉ុន្តែ​ទម្រាំ​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​ដល់ បុរស​រង​គ្រោះ​បាន​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​បាន​នាំ​គ្នា​ដឹក​យក​មក​ផ្ទះ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ក្រោម​សំឡេង​យំទួញសោក​ពី​ប្រពន្ធ ​និង​កូន​ៗ២​នាក់ ។

លោក​វរសេនីយ៍ត្រី សួ​ស ស៊ា​ង​លី អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ បានឱ្យ​ដឹង​ដែរ​ថា បន្ទាប់​ពី​ដឹង​ហេតុការណ៍​នេះ លោក​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​ក្រោម​ឱវាទ​ចុះ​ទៅ​ពិនិត្យ​សព តែ​មិនឃើញ​មាន​ស្លាកស្នាម​លើ​រាង​កាយ​នោះ​ទេ គឺ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា គ្រួសារ​បុរស​រង​គ្រោះ​មាន​ជីវភាព​ក្រីក្រ​ណាស់ ហើយ​ជា​រឿយ​ៗ​តែងតែ​ចេញពីផ្ទះ​ទៅ​រាយ​មង​រក​ត្រី​រាល់ថ្ងៃ​ដើម្បី​ធ្វើ​ម្ហូប​សម្រាប់​ទទួលទាន មាន​ពេល​ខ្លះ​ថែម​ទាំង​យក​ចែក​ឲ្យ​ញាតិ​ជិតខាង​នៅ​ក្នុងភូមិ​ថែម​ទៀត ធ្វើ​ឱ្យ​អ្នក​ភូមិ​ផង​របង​ជាមួយ​មាន​ក្តី​អាណិតអាសូរ​យ៉ាង​ខ្លាំង​ចំពោះ​គ្រោះ​អកុសល​នេះ ៕