នៅ​​​ខួប​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​សន្តិ​​​ភាព គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា សល់​​​​​​ចំណុច​​​ច្រើន​​​ទៀត​​​ដែល​​​ត្រូវ​​​ធ្វើ​​​​​​​​​​​​

រយៈ​​​ពេល​​​២៤​​​ឆ្នាំ​​​​​​បន្ទាប់​​​ពី​​​​​​ភាគី​​​នយោ​​​បាយ​​​​​​ច្បាំង​​​គ្នា​​​​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​សន្តិភាព​​​ក្រុង​​​ប៉ារីស​​​ ជា​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏​​​ទូលំ​​​ទូលាយ​​​ ដើម្បី​​​បញ្ចប់​​​​​​នូវ​​​​​​សង្គ្រាម​​​ស៊ី​​​វិល​​​ និង​​​​​​កសាង​​​លទ្ធិ​​​ប្រ​​​ជា​​​ធិបតេយ្យ​​​ឡើង​​​វិញ​​​​​​នៅ​​​កម្ពុជា លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​ប្រ​​​ឆាំង​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ការ​​​សន្យា​​​ជាច្រើន​​​​​​មិន​​​ទាន់​​​បាន​​​បំពេញ​​​នៅ​​​ឡើយ។

ក្នុង​​​ពិធី​​​ប្រារព្ធ​​​ខួប​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​​​​​​​នៅ​​​ខេត្ត​​​កំពង់​​​ស្ពឺ លោក​​​ សុខា បាន​​​ប្រាប់​​​អ្នក​​​គាំទ្រ​​​ថា រដ្ឋាភិបាល​​​គណបក្ស​​​ប្រ​​​ជា​​​ជន​​​​​​កម្ពុជា​​​​​​ខក​​​ខាន​​​​​ជាង​​​ពីរ​​​ទសវត្សរ៍​​​មក​​​នេះ​​​​មិន​​​បាន​​​អនុវត្ត​​​​​​ចំណុច​​​របស់​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​ប្រវត្តិ​​​សាស្ត្រ​​​នេះទេ​​​។​​​​​​​​​​​​​​​​​​

លោក សុខា បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ជាទូទៅ តាមការ​​​​​​សង្កេត​​​​​​ឃើញ​​​ថា នៅមាន​​​ចំណុចមួយ​​​ចំនួន​​​ក្នុងស្មារតី​​​នៃកិច្ចព្រម​​​ព្រៀងនេះ នៅមានការខ្វះខាត​​​ក្នុងការអនុវត្ត​​​នៅឡើយ​​​ គឺ​​​ការ​​​​​​​​​រៀប​​​ចំ​​​​​​គ្រឹះនៃ​​​ប្រព័ន្ធ​​​​​​​​​ប្រ​​​ជា​​​ធិប​​​តេយ្យ​​​សេរី​​​ពហុបក្ស”។​​​

លោក សុខា​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា រដ្ឋា​​​ភិបាល​​​​​​ខក​​​ខាន​​​​​​មិន​​​បាន​​​រៀប​​​ចំ​​​​​​ការ​​​បោះ​​​ឆ្នោត​​​​​​ឲ្យ​​​មាន​​​លក្ខណៈ​​​​​​​​​សេរី និង​​​យុត្តិ​​​ធម៌ មិនទាន់​​​​​​បាន​​​បង្កើត​​​ឲ្យ​​​មាន​​​តុល្យ​​​ភាព​​​​​​ប្រកប​​​ដោយ​​​ប្រសិទ្ធ​​​ភាព​​​​​​ចំពោះ​​​អំណាចនីតិ​​​​​​ប្រតិបត្តិ​​​ ឬក៏​​​ធានា​​​ឲ្យ​​​បាន​​​នូវ​​​​​​ឯករាជ្យ​​​ភាព​​​របស់​​​ប្រព័ន្ធ​​​តុលាការ​​​​​​នៅ​​​ឡើយ​​​ទេ។​​​

លោក​​​អនុប្រធាន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​ដូច្នេះ​​​​​​ខ្ញុំ​​​​​​យល់​​​ឃើញ​​​ថា ដើម្បី​​​​​​កុំ​​​ឲ្យ​​​​​​សង្គ្រាម​​​បង្ហូរ​​​ឈាម​​​​​​​​​​​​ខ្មែរតទៅ​​​​​​​​​ទៀត និង​​​​​​ដើម្បី​​​កុំ​​​ឲ្យ​​​បរទេស​​​​​​ឆ្លៀត​​​ឱកាស​​​ឈ្លាន​​​ពាន​​​​​​ត្រួត​​​ត្រា​​​​​​ខ្មែរ​​​​​​ទៀត និង​​​ដើម្បី​​​​​កុំ​​​ឲ្យ​​​របប​​​កុម្មុយនិស្ត​​​​​​​​​ផ្តាច់​​​ការ​​​​​​​​​​​​មក​​​គ្រប់​​​គ្រង​​​ខ្មែរទៀត​​​…​​​អ្នក​​​ន​​​យោបាយ​​​ខ្មែរ​​​ទាំង​​​អស់​​​​​​មិន​​​ត្រូវ​​​បោះ​​​បង់​​​ចោល​​​នូវ​​​ស្មារតី​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​ទី​​​ក្រុង​​​ប៉ារីសនោះ​​​ឡើយ​​​”។

លោក ផៃ ស៊ី​​​ផាន អ្នក​​​នាំ​​​ពាក្យ​​​​​​រដ្ឋា​​​ភិបាល​​​ បាន​​​​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​របស់​​​លោក សុខា ប៉ុន្តែ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​សន្តិ​​​ភាព​​​​​​​​​ត្រូវ​​​បាន​​​ជំនួស​​​ដោយ​​​រដ្ឋ​​​ធម្ម​​​នុញ្ញ​​​​​​ជា​​​ឯកសារ​​​​​​​​​មគ្គុទេស​​​ក៍សម្រាប់​​​គោល​​​នយោ​​​បាយ​​​​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា។​​​​​​​​​

លោក ស៊ី​​​ផាន បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា​​​អ្វី​​​ដែល​​​លោក កឹម សុខា បាន​​​និយាយគឺ​​​គ្មាន​​​មូលដ្ឋាន​​​ទេ។ យើង​​​ជឿ​​​​​​ជាក់​​​លើ​​​គោលការណ៍​​​នៃ​​​សេរី​​​ពហុបក្ស និង​​​សិទ្ធិ​​​មនុស្ស”។​​​

លោក ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “កឹម សុខា សុំ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​គោរព​​​កិច្ច​​​ព្រម​​​ព្រៀង​​​សន្តិភាព។ គ្មាន​​​គោល​​​ការណ៍​​​បែប​​​​​​ហ្នឹង​​​​​​ដើម្បី​​​គោរព​​​កិច្ច​​​ព្រម​​​ព្រៀង​​​ក្រុង​​​ប៉ារីស​​​ទេ។ ប៉ុន្តែ​​​​​​យើង​​​គោរព​​​រដ្ឋ​​​ធម្ម​​​នុញ្ញ”។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​​​ បាន​​​អបអរ​​​ខួប​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ដោយ​​​ចេញ​​​សារ​​​​​​នៅ​​​លើ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​ដោយ​​​ពន្យល់​​​ថា​​​កិច្ច​​​ព្រម​​​ព្រៀង​​​បាន​​​ត្រួស​​​ត្រាយ​​​ផ្លូវ​​​ដើម្បី​​​អភិវឌ្ឍ។

​​​សារ​​​បង្ហោះ​​​លើ​​​ហ្វេស​​​ប៊ុក​​​​​​បាន​​​សរសេរ​​​ថា “ដោយ​​​សារ​​​​​​​​​សន្តិ​​​ភាព ទើប​​​យើង​​​មាន​​​ឱកាស​​​កសាង​​​​​​​​សមិទ្ធិ​​​ផល​​​ជា​​​ច្រើន​​​​​​សម្រាប់​​​​​​ប្រទេស​​​ជាតិ​​​​​​យើង”​​​ដូច​​​ជា​​​​​​ការ​​​សាង​​​សង់​​​​​​អគារ​​​ខ្ពស់ៗ​​​ ស្ពាន​​​ថ្មី​​​ សួន​​​ច្បារ​​​ ​​​មាន​​​សោភ័ណភាព ​​​​​​និង​​​​​​ផ្លូវ​​​​​​ថ្មើរ​​​ជើង​​​​​​ប្រប​​​​​​មាត់​​​ទន្លេ​​​ក្រុង​​​ភ្នំ​​​ពេញ។​​​​​​

“សូម​​​​​​សុខ​​​សន្តិភាព​​​បន្ត​​​កើត​​​​​​​​​មាន​​​ដល់ប្រជា​​​​​​ពលរដ្ឋ និង​​​​​​ប្រទេស​​​កម្ពុជា​​​​​​ទាំងមូល”៕(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Colin Meyn) រើន​​​

 

 

The post នៅ​​​ខួប​​​នៃ​​​កិច្ច​​​ព្រម​​​ព្រៀង​​​​​​សន្តិ​​​ភាព គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា សល់​​​​​​ចំណុច​​​ច្រើន​​​ទៀត​​​ដែល​​​ត្រូវ​​​ធ្វើ​​​​​​​​​​​​ appeared first on ខេមបូឌា ដេលី.