ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​កំពុង​​​បំផ្លាញ​​​បរិស្ថាន​​​សមុទ្រ​​​របស់​​​ខេត្ត​​​កែប

ទូកអូសគូបំពាក់ដោយឧបករណ៍នេសាទឆក់ខុសច្បាប់ បើកទៅនេសាទពីភូមិព្រែកតានិនក្នុងខេត្តកែបកាលពីថ្ងៃព្រហស្បតិ៍។ រូបថត: Matt Blomberg/The Cambodia Daily

ទូកអូសគូបំពាក់ដោយឧបករណ៍នេសាទឆក់ខុសច្បាប់ បើកទៅនេសាទពីភូមិព្រែកតានិនក្នុងខេត្តកែបកាលពីថ្ងៃព្រហស្បតិ៍។ រូបថត: Matt Blomberg/The Cambodia Daily

ផែ​​​កោះ​​​ទន្សាយ,​​​ខេត្ត​​​កែប-​​​ទូក​​​ប្រើ​​​ម៉ាស៊ូត​​​រាប់​​​សិប​​​គ្រឿង​​​​​​បើក​​​កាត់​​​ឈូង​​​សមុទ្រ​​​កែប​​​​​​ដោយឮ​​​សូរ​​​លាន់​​​សន្ធឹក​​​រហូត​​​ដល់​​​វា​​​ធ្វើ​​​ឲ្យ​​​កក្រើក​​​ផែ​​​។ ទូក​​​ទាំង​​​នោះ​​​អូស​​​អួន​​​បំពាក់​​​អគ្គិសនី​​​​​​សណ្តូន​​​ចុះ​​​ទៅ​​​ក្រោម​​​នៅ​​​​​​ពាសពេញ​​​តំបន់​​​ទឹក​​​រាក់​​​​​​​​​​​​​ក្បែរ​​​ឆ្នេរ​​​សមុទ្រ​​​ ដោយ​​​ប្រមូល​​​យក​​​ជីវិត​​​សត្វ​​​សមុទ្រ​​​មិន​​​ថាតូច​​​មិន​​​ថា​​​ធំ​​​​​​ ដោយ​​​បំផ្លិច​​​បំផ្លាញ​​​កន្លែង​​​បង្កាត់​​​ពូជ​​​ដ៏​​​សំខាន់​​​​​​​​​។ ហើយ​​​ទូក​​​ទាំង​​​នោះ​​​​​​អូស​​​គូ​​​យ៉ាង​​​កៀក​​​នឹង​​​ឆ្នេរ​​​រហូត​​​ដល់​​​អ្នក​​​អាច​​​ស្តាប់​​​ឮ​​​ការ​​​និយាយ​​​ឆ្លើយ​​​ឆ្លង​​​វិទ្យុ​​​ទាក់​​​ទង​​​របស់​​​ពួក​​​គេ​​​ទៀត​​​ផង​​​។

វា​​​ជា​​​កន្លែង​​​ដែល​​​គេ​​​ធ្លាប់​​​ដឹង​​​សឹង​​​តែ​​​រាល់​​​យប់​​​ទៅ​​​ហើយ​​​នៅ​​​ទី​​​នេះ។ វា​​​បង្ក​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​បរិស្ថាន​​​ដែល​​​ពុំ​​​អាច​​​ស្តារ​​​បាន​​​ និង​​​បង្កើត​​​ភាព​​​តាន​​​តឹង​​​រវាង​​​សហគមន៍​​​នេសាទ​​​ក្នុង​​​មូល​​​ដ្ឋាន​​​។ ហើយ​​​វា​​​ខុស​​​ច្បាប់​​​ទាំង​​​ស្រុង​​​  ក៏​​​ប៉ុន្តែ អាជ្ញាធរ​​​ជា​​​ញឹក​​​ញាប់​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ។

លោក​​​ គង់ យ៉ន បាន​​​និយាយ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ ដោយ​​​ងាក​​​ក្បាល​​​បង្ហាញ​​​ក្រុម​​​ទូក​​​អូស​​​គូ​​​ប្រហែល​​​៣០​​​គ្រឿង​​​ដែល​​​ចត​​​​​​នៅ​​​ផែ​​​របស់​​​គាត់​​​ក្នុង​​​ភូមិ​​​ព្រែក​​​តានិន​​​ ដែល​​​អ្នក​​​ស្រុក​​​ហៅ​​​ថា ភូមិ​​​ឆក់​​​ ព្រោះ​​​ចំណូល​​​ចិត្ត​​​របស់​​​អ្នក​​​ភូមិ​​​ក្នុង​​​ការ​​​ប្រើ​​​ចរន្ត​​​អគ្គិសនី​​​ឆក់​​​ចាប់​​​ត្រី​​​នោះ​​​ថា “ភាគ​​​ច្រើន​​​បំផុត​​​នៃ​​​ទូក​​​ទាំង​​​នេះ​​​​​​នេសាទ​​​នៅ​​​ចន្លោះ​​​ដី​​​គោក​​​ និង​​​កោះ​​​ទន្សាយ​​​”។

លោក​​​បាន​​​និយាយ​​​ថា” ពី​​​ទី​​​នេះ​​​ទៅ​​​កោះ​​​ទន្សាយ​​​មិន​​​មាន​​​ទឹក​​​ជ្រៅ​​​​​​ជា​​​​​​ង​​​៤ម៉ែត្រ​​​ទេ​​​”។

តាម​​​មាត្រា​​​៤៩​​​នៃ​​​ច្បាប់​​​ជល​​​ផល​​​ ការ​​​អូស​​​អួន​​​នៅ​​​តំបន់​​​ក្បែរ​​​ឆ្នេរ​​​ (ដែល​​​មាន​​​ជម្រៅ​​​មិន​​​ដល់​​​២០ម៉ែត្រ) ត្រូវ​​​ហាម​​​ឃាត់​​​។ ក្នុង​​​​​​មាត្រា​​​២០​​​ ការ​​​ប្រើ​​​ឧបករណ៍​​​នេសាទ​​​អគ្គិសនី​​​គឺ​​​ហាម​​​ប្រាម​​​ជា​​​ដាច់​​​ខាត​​​នៅ​​​គ្រប់​​​តំបន់​​​់ទាំង​​​អស់​​​។ បទ​​​ល្មើស​​​ទាំង​​​ពីរ​​​នេះ​​​អាច​​​មានទោស​​​ជាប់​​​ពន្ធនាគារ​​​ ហើយអាជ្ញាធរ​​​ដែល​​​រួម​​​គំនិត​​​ ឬ​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ​​​ដោយ​​​ចេតនា​​​ ក៏​​​ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ និង​​​ការ​​​ផាក​​​ពិន័យ​​​ដែរ។

ប៉ុន្តែ បើ​​​ទោះ​​​ជា​​​មាន​​​ច្បាប់​​​ក្តី​​​ ទូក​​​នេសាទ​​​នៅ​​​តាម​​​បណ្តោយ​​​តំបន់​​​ឆ្នេរ​​​កែប​​​បន្ត​​​អូស​​​អួន​​​ក្នុង​​​សមុទ្រ​​​ ដោយ​​​គ្មាន​​​ឧបសគ្គ​​​ ដោយទូក​​​នេសាទ​​​ជា​​​ច្រើន​​​ប្រើ​​​​​​អួន​​​ឆក់​​​​​​។

អ្នកជួសជុលទូកសម្រាកពីការងារនៅឯផែព្រែកតានិនកាលពីថ្ងៃព្រហស្បតិ៍។ រូបថត: Matt Blomberg/The Cambodia Daily

អ្នកជួសជុលទូកសម្រាកពីការងារនៅឯផែព្រែកតានិនកាលពីថ្ងៃព្រហស្បតិ៍។ រូបថត:
Matt Blomberg/The Cambodia Daily

លោក យ៉ន បាន​​​និយាយ​​​ថា “រដ្ឋបាល​​​ជល​​​ផល​​​មិនមាន​​​បញ្ហា​​​ទេ​​​។ ពួក​​​គេ​​​ប្រាប់​​​យើង​​​ថា ឲ្យ​​​តែ​​​យើង​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​ជាង​​​មួយ​​​គីឡូម៉ែត្រ​​​​​​ពី​​​កោះ​​​ទន្សាយ​​​ បើ​​​ទោះ​​​វា​​​មាន​​​ជម្រៅ​​​តែ​​​៤ម៉ែត្រ​​​ក៏​​​ដោយ​​​ ក៏​​​យើង​​​អាច​​​នេសាទ​​​បាន​​​ដែរ​​​”។

“អ៊ីចឹង​​​ហើយ​​​​​​​​​ ពួកគេ​​​មិន​​​ដែល​​​ព្រមាន​​​យើង​​​ម្តង​​​ណា​​​ទេ​​​” ។

ឥឡូវ​​​នេះ​​​ នៅ​​​ពេល​​​ដែល​​​ចំនួន​​​ត្រី​​​ចាប់​​​បាន​​​តិច​​​ទៅ​​​ៗ ការ​​​ប្រកួត​​​ប្រជែង​​​ក្នុង​​​ចំណោម​​​អ្នក​​​នេសាទ​​​នៅ​​​ទី​​​នេះ​​​កាន់​​​តែ​​​ខ្លាំង​​​ជាង​​​មុន​​​។ ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​សមុទ្រ​​​កើតមាន​​​​​​ឡើង​​​ជា​​​ញឹក​​​ញាប់​​​​​​​​​​​​​​​​​​។ កាល​​​ពី​​​ខែ​​​កក្កដា អ្នក​​​នេសាទ​​​ខ្មែរ​​​ម្នាក់​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​​​​ក្នុង​​​ដែន​​​ទឹក​​​សមុទ្រ​​​ខេត្ត​​​កំពត​​​ក្នុង​​​ពេល​​​​​​មាន​​​ការ​​​ប្រឈម​​​មុ​​​ខ​​​ដាក់គ្នា​​​ជាមួយ​​​ទូក​​​អូស​​​គូ​​​ដ៏​​​ធំ​​​របស់​​​វៀតណាម​​​ ដែល​​​ហ៊ាន​​​ឆ្លង​​​​​​ព្រំដែន​​​សមុទ្រ​​​ដោយ​​​ខុស​​​ច្បាប់​​​។

ហើយ​​​ក្នុង​​​ពេល​​​ច្រឡំបល់​​​​​ អ្នក​​​នេសាទ​​​កាន់តែ​​​ប្រើ​​​អួន​​​ក្រឡា​​​ញឹក​​​ ហើយ​​​​​​មក​​​កាន់​​​តែ​​​ជិត​​​ឆ្នេរ​​​ ​​​ដង​​​យក​​​កូន​​​ត្រី​​​តូច​​​ៗ​​​ ដែល​​​ភាគច្រើន​​​ត្រូវ​​​គេ​​​បោះ​​​ចោល​​​​​​ និង​​​បំផ្លាញ​​​ស្មៅ​​​សមុទ្រ​​​ និង​​​ផ្កា​​​ថ្ម​​​តំបន់​​​ទឹក​​​រាក់​​​ដែល​​​ជា​​​កន្លែង​​​បង្កាត់​​​ពូជ​​​ដ៏​​​សំខាន់​​​សម្រាប់​​​សត្វ​​​សមុទ្រ។

អួន​​​ឆក់​​​កៀរ​​​បាត​​​សមុទ្រ​​​ ធ្វើ​​​ឲ្យ​​​រលើង​​​ឫស​​​ស្មៅ​​​សមុទ្រ និង​​​ឆក់​​​ចាប់​​​ត្រី​​​គ្រប់​​​ប្រភេទ​​​ ក្តាម​​​ បង្កង​​​ និង​​​សត្វ​​​សមុទ្រ​​​ផ្សេង​​​ទៀត​​​ដូច​​​ជា ឈ្លើង​​​សមុទ្រ​​​ និង​​​ក្រចាប់​​​សមុទ្រ​​​ជា​​​ដើម​​​។

អង្គការ​​​ស្បៀង​​​ និង​​​កសិកម្ម​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​​​​បាន​​​ចាត់​​​ទុក​​​ការ​​​អូស​​​អួន​​​ដល់​​​បាត​​​សមុទ្រ​​​ថា ជា​​​របៀប​​​នេសាទ​​​ “ដ៏​​​បំផ្លិច​​​បំផ្លាញ​​​បំផុត” នៅ​​​លើ​​​ពិភព​​​លោក​​​ ដោយ​​​ប្រដូច​​​វា​​​ទៅ​​​នឹង​​​ការ​​​កាប់​​​រំលំ​​​ដើម​​​ឈើ​​​អស់​​​ពី​​​ព្រៃ​​​​​​​​​​​​​​​​​​អ៊ីចឹង​​​។

លោក​​​ ម៉ាត់តេអូ គ្រូជ័រ (Matteo Krueger) អ្នក​​​ជីវសាស្ត្រ​​​អាល្លឺម៉ង់​​​ដែល​​​កំពុង​​​ធ្វើការ​​​ស្រាវ​​​ជ្រាវ​​​នៅ​​​តំបន់​​​កែប​​​តាំង​​​ពីខែ​​​មករា​​​មក​​​ បាន​​​និយាយ​​​ថា “គ្រប់​​​ពេល​​​ដែល​​​អួន​​​អូស​​​លើ​​​តំបន់​​​ណា​​​មួយ​​​ ប្រព័ន្ធ​​​បរិស្ថាន​​​ត្រូវ​​​បំផ្លិច​​​បំផ្លាញ​​​ទាំង​​​ស្រុង​​​ ហើយ​​​នឹង​​​មិន​​​កកើត​​​មាន​​​ដូច​​​ដើម​​​វិញ​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​”។

“សមុទ្រ​​​នៅ​​​កែប​​​ គឺ​​​ ឬ​​​ធ្លាប់​​​ ជាកន្លែង​​​ចិញ្ចឹម​​​ដ៏ធំ​​​សម្រាប់​​​សត្វ​​​សមុទ្រ ប៉ុន្តែ លែង​​​មាន​​​ទៀត​​​ហើយ​​​”។

លោក គ្រូជ័រ ដែល​​​ការ​​​សិក្សា​​​ស្រាវជ្រាវ​​​របស់​​​លោក​​​ប្រៀបធៀប​​​ស្ថាន​​​ភាព​​​បរិស្ថាន​​​សមុទ្រ​​​​​នៅ​​​កែប​​​ទៅ​​​នឹង​​​បរិស្ថាន​​​សមុទ្រ​​​របស់​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​ ដែល​​​មាន​​​មុន​​​ឆ្នាំ​​​១៩៨០​​​ នៅ​​​ពេល​​​បម្រាម​​​មួយ​​​ហាម​​​មិន​​​ឲ្យ​​​មាន​​​​​​ការ​​​អូស​​​អួន​​​​​ត្រូវ​​​បាន​​​ចេញ និង​​​អនុវត្ត​​​នោះ​​​ បាន​​​និយាយ​​​ថា ឥឡូវ​​​ចំនួន​​​ត្រី​​​ចាប់​​​បាន​​​នៅ​​​ទី​​​នេះ​​​​​​ត្រឹម​​​តែ​​​មួយ​​​ភាគ​​​នៃ​​​ចំនួន​​​ត្រី​​​ដែល​​​គេ​​​ចាប់​​​បាន​​​នៅ​​​ពេល​​​ការ​​​អូស​​​អួន​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​នៅ​​​ឆ្នាំ​​​២០០០​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​និយាយ​​​ថា ប្រទេស​​​ឥណ្ឌូណេស៊ី បាន​​​ចាប់​​​ផ្តើម​​​ល្បាត​​​ការ​​​ពារ​​​សមុទ្រ​​​របស់​​​ខ​​​្លួន​​​​​​​​​​​ទាន់​​​ពេល​​​ដោយ​​​រំពឹង​​​ថា ជីវិត​​​សត្វសមុទ្រ​​​កកើតមាន​​​​​​ច្រើន​​​ឡើង​​​វិញ​​​។ ប្រទេស​​​កម្ពុជា​​​ប្រហែល​​​ជា​​​​​​ហួស​​​ពេល​​​ហើយ​​​។

លោក​​​បាននិយាយ​​​ថា “ធ្លាប់​​​មាន​​​ថនិក​​​សត្វ​​​សមុទ្រ​​​១៣​​​ប្រភេទ​​​ និង​​​អណ្តើក​​​ប្រាំ​​​ប្រភេទ​​​នៅ​​​ទី​​​នេះ។ ឥឡូវ​​​នេះ​​​វា​​​ងាប់​​​អស់​​​ ឬ​​​ជិត​​​ផុត​​​ពូជ​​​។ ចំនួន​​​នេសាទ​​​បាន​​​ដោយ​​​ទូក​​​អូស​​​គូ​​​អាច​​​បំផ្លិច​​​បំផ្លាញ​​​​​​ប្រព័ន្ធ​​​បរិស្ថាន​​​ទាំង​​​មូល​​​”។

“ឥឡូវ​​​នេះ​​​គេ​​​នេសាទ​​​​បាន​​​តែ​​​​​​​​​២៥​​​ភាគ​​​រយ​​​នៃ​​​អ្វី​​​ដែល​​​គេ​​​ធ្លាប់​​​នេសាទ​​​បាន​​​តែ​​​ប៉ុណ្ណោះ។ ចំពោះ​​​អ្នក​​​នេសាទ​​​ដើម្បី​​​មួយ​​​រស់​​​​​​ ត្រូវ​​​តែ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​”។

នៅ​​​ចុង​​​ជួរ​​​កោះ​​​ដែល​​​​​​លាត​​​សន្ធឹង​​​នៅ​​​ទិស​​​ខាង​​​ត្បូង​​​ពី​​​ខេត្ត​​​កែប​​​​​​ទៅព្រំ​​​ដែន​​​សមុទ្រ​​​ជាប់​​​ប្រទេស​​​វៀតណាម​​​ ក្រុម​​​អភិរក្ស​​​សមុទ្រ​​​កម្ពុជា​​​ (MCC) រួម​​​ជាមួយ​​​រដ្ឋបាល​​​ជល​​​ផល​​​ និង​​​អា​​​ជ្ញាធរ​​​ក្រុង​​​កែប​​​ កំពុង​​​ព្យាយាម​​​អប់​​​រំ​​​ប្រជា​​​ជន​​​នៅ​​​តំបន់​​​​​​ជុំ​​​វិញ​​​កោះ​​​សេះ​​​​​​ដើម្បី​​​ឲ្យ​​​សម្បូរ​​​ដូច​​​ដើម​​​វិញ។

យោង​​​តាម​​​លោក ប៉ូល​​​ ហ្វឺប័រ នាយក​​​ MCC បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​សម្ភាសន៍​​​​​​ទូទៅ​​​ជាមួយ​​​សហគមន៍​​​នេសាទ​​​នៅ​​​ដី​​​គោក​​​​​​បាន​​​រក​​​ឃើញ​​​ថា ការ​​​អូស​​​អួន​​​គ្មាន​​​ចិរភាព​​​ដោយ​​​ទូក​​​ប្រហែល​​​៥០​​​គ្រឿង​​​គឺ​​​ជា​​​ការ​​​គំរាម​​ផ្ទាល់​​​មួយដល់​​​​​​ការ​​​ចិញ្ចឹម​​​ជីវិត​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​១.៥០០​​​គ្រួសារ​​​ផ្សេង​​​ទៀត​​​ក្នុង​​​តំបន់​​​ ដែល​​​រស់​​​នៅ​​ចិញ្ចឹម​​​​ជីវិត​​​ដោយ​​​សារ​​​​​​​​ការ​​​នេសាទ​​​ខ្នាត​​​តូច​​​។

លោក​​​បាន​​​និយាយ​​​ថា “៨០​​​ទៅ​​​៩០​​​ភាគ​​​រយ​​​និយាយ​​​ថា ការ​​​អូស​​​អួន​​​ដល់​​​បាត​​​សមុទ្រ​​​ ទោះ​​​មាន​​​ ឬ​​​គ្មាន​​​​​​​​​ការ​​​ឆក់​​​​​​ក៏​​​ដោយ​​​ គឺ​​​ជា​​​បញ្ហា​​​ធំ​​​បំផុត​​​។ អ្នក​​​នេសាទ​​​ខ្នាត​​​តូច​​​ជា​​​ច្រើន​​​បាន​​​បោះ​​​បង់​​​របរ​​​នេសាទ​​​ហើយ​​​ចាប់​​​យក​​​ការ​​​ងារ​​​ខាង​​​សំណង់​​​ ឬ​​​សន្តិសុខ​​​ទៅវិញ​​​​​​។ ពួកគេ​​​ត្រូវ​​​ចាក​​​ចេញ​​​ឆ្ងាយ​​​ពីតំបន់​​​នោះ​​​ ពីព្រោះ​​​គ្មាន​​​អ្វី​​​នៅ​​​សេស​​​សល់​​​ដើម្បី​​​នេសាទ​​​​​ទៀត​​​ទេ។

ក្រុម​​​អភិរក្ស​​​សមុទ្រ​​​កម្ពុជា​​​បាន​​​​​​ធ្វើ​​​ការ​​​អប់​​​រំ​​​សហគមន៍​​​នេសាទ​​​នៅ​​​កែប​​​អំពី​​​របៀប​​​នេសាទ​​​ប្រកប​​​ដោយ​​​ចិរភាព​​​​​​ ក៏​​​ដូច​​​ជា​​​ច្បាប់​​​នេសាទ​​​កម្ពុជា​​​ ជា​​​ពិសេស​​​មាត្រា​​​៤៩​​​ ដែល​​​ចាត់​​​ទុក​​​ការ​​​​​​អូស​​​អួន​​​ក្បែរ​​​​​​ឆ្នេរ​​​​​​សមុទ្រ​​​ថា ខុស​​​ច្បាប់។

លោក ហ្វឺប័រ បាន​​​និយាយ​​​ថា “ក្នុង​​​ចំណោម​​​ច្បាប់​​​ជល​​​ផល​​​ទាំង​​​អស់​​​​​​ ច្បាប់​​​នេះ​​​សំខាន់​​​បំផុត​​​ ហើយ​​​វា​​​ដូច​​​ជា​​​ច្បាប់​​​មួយ​​​ដែល​​​គេ​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​បំផុត​​​”។

នៅ​​​ផែ​​​ព្រែក​​​តានិន​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ លោក​​​ គង់ ហឿន បាន​​ប៉ះ​​​អួន​​​របស់​​​គាត់​​​ដែល​​​មាន​​​ក្រឡា​​​ញឹក​​​រហូត​​​ដល់​​​ជាប់​​​ថ្ម​​​។ នៅ​​​ក្បែរ​​​ជើង​​​គាត់​​​ ខ្សែ​​​ភ្លើង​​​អគ្គិសនី​​​ដ៏​​​វែង​​​មួយ​​​ភ្ជាប់​​​ទៅ​​​នឹង​​​ខ្សែ​​​ស្ពាន់​​​ដែល​​​មាន​​​ពេញ​​​ទាំង​​​អួន។ អ្នក​​​នេសាទ​​​នៅ​​​សមុទ្រ​​​យូរ​​​រូប​​​នេះ បាន​​​សើច​​​ចំអក​​​ចំពោះ​​​​​​ការ​​​លើក​​​ឡើង​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ឧបករណ៍​​​របស់​​​គាត់​​​ខុស​​​ច្បាប់​​​នោះ​​​។

ដូច​​​អ្នក​​​នេសាទ​​​ភាគ​​​ច្រើន​​​បំផុត​​​ដែល​​​គេ​​​សម្ភាសន៍​​​ដែរ​​​ គាត់​​​មាន​​​ការ​​​បង្ហាញ​​​ភាព​​​ត្រឹម​​​ត្រូវ​​​ពីរ​​​ចំពោះ​​​ការ​​​ធ្វើ​​​នេសាទ​​​របស់​​​គាត់​​​ គឺ​​​អាជ្ញាធរ​​​មិន​​​ដែល​​​​​​ព្យាយាមហាម​​​​​​ឃាត់​​​គាត់​​​​​​មិន​​​ឲ្យ​​​ធ្វើ​​​ទេ​​​ ហើយ​​​គាត់​​​កំពុង​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​ទូក​​​អូស​​​គូ​​​​​​​​​ដ៏​​​ធំ​​​របស់​​​វៀតណាម​​​ដែល​​​បើក​​​ទៅ​​​មក​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​ស្រេច​​​តែ​​​ចិត្ត​​​។

គាត់​​​បាន​​​និយាយ​​​ថា “យើង​​​ត្រូវ​​​នេសាទ​​​ប្រាំ​​​ម៉ោង​​​ ដើម្បី​​​ចាប់​​​បាន​​​អ្វី​​​ដែល​​​គេ​​​ចាប់​​​បាន​​​ក្នុង​​​មួយ​​​ម៉ោង​​​។ យើង​​​ដឹង​​​ថា ទូក​​​របស់​​​ពួក​​​គេ​​​បន្សល់​​​ទុក​​​តិច​​​តូច​​​ឲ្យ​​​យើង​​​ចាប់ ប៉ុន្តែ តើ​​​យើង​​​អាច​​​ធ្វើ​​​អ្វី​​​បាន​​​ទៅ​​​?”។

នគរ​​​បាល​​​សមុទ្រ​​​បាន​​​បដិសេធ​​​ជា​​​រហូត​​​មក​​​ថា គ្មាន​​​ទូក​​​បរទេស​​​នេសាទ​​​ក្នុង​​​ដែន​​​ទឹក​​​កម្ពុជា​​​ទេ​​​ ថែម​​​ទាំង​​​ចង់​​​បដិសេធ​​​ការ​​​ស្លាប់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ម្នាក់​​​នៅ​​​សមុទ្រ​​​ដែរ​​​ បន្ទាប់​​​ពីមាន​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយ​​​អ្នក​​​នេសាទ​​​វៀតណាម​​​កាល​​​ពី​​​ខែ​​​កក្កដា​​​នោះ​​​។ អ្នកនេសាទ​​​ទាំង​​​កម្ពុជា​​​ ទាំង​​​វៀតណាម បាន​​​អះអាង​​​ដូច​​​គ្នា​​​ថា នគរ​​​បាល​​​ទទួល​​​សំណូក​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក​​​ ទូច ប៉ូល័ក្ខ ​​​​​​ អនុប្រធាន​​​កង​​​វរសេនា​​​តូច​​​​​​ព្រំដែន​​​ទឹក​​​ បាន​​​និយាយ​​​ថា លោក​​​អាច​​​ “ធានា​​​ថា គ្មាន​​​ទូក​​​វៀតណាម​​​ឆ្លង​​​ចូល​​​ខេត្ត​​​កែប​​​ ឬ​​​ដែន​​​ទឹក​​​កម្ពុជា​​​ទេ”។

ឧត្តម​​​សេនីយ៍ត្រី ប៉ូល័ក្ខ បាន​​​និយាយ​​​ថា “ហេតុអ្វី​​​ពួក​​​គេ​​​ចាំ​​​បាច់​​​ត្រូវ​​​នេសាទ​​​​​​នៅ​​​កែប​​​? កែប​​​តូច​​​ណាស់​​​”។

ខ្សែឆក់ពណ៌ខៀវចងភ្ជាប់នឹងអួនអូសនៅលើទូកដែលចតជាប់នឹងផែព្រែកតានិន។ រូបថត:Matt Blomberg/The Cambodia Daily

ខ្សែឆក់ពណ៌ខៀវចងភ្ជាប់នឹងអួនអូសនៅលើទូកដែលចតជាប់នឹងផែព្រែកតានិន។ រូបថត:Matt Blomberg/The Cambodia Daily

លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​ណា​​ដែល​​​បាន​​​រាយការណ៍​​​ថា បាន​​​ឃើញ​​​ទូក​​​បរទេស​​​នៅ​​​កម្ពុជា​​​ប្រាកដ​​​ជា​​​​​​យល់​​​​​​ច្រឡំ​​​ហើយ​​​។

នៅ​​​ពេល​​​ដែល​​​មនុស្ស​​​មាន​​​អំណាច​​​ជា​​​ច្រើន​​​​​​ហាក់​​​ដូច​​​ជា​​​កំពុង​​​បណ្តែត​​​បណ្តោយ​​​បញ្ហា​​​នេសាទ​​​ដ៏​​​បំផ្លិច​​​បំផ្លាញ​​​នេះ​​​ឲ្យ​​​កើត​​​ឡើង​​​​​​ ខណ្ឌ​​​រដ្ឋបាល​​​ជល​​ផល​​​កំពត​​​ ដែល​​​ក៏​​​​​​មើល​​​ខុស​​​ត្រូវ​​​ខេត្ត​​​កែប​​​ដែរ​​​ បាន​​​ព្យាយាម​​​បង្ហាញ​​​ភាព​​​ត្រឹម​​​ត្រូវ​​​តាម​​​ច្បាប់​​​។

កាល​​​ពី​​​ខែ​​​មិថុនា ក្រុម​​​អភិរក្ស​​​សមុទ្រ​​​កម្ពុជា​​​ រួម​​​ទាំង​​​មន្ត្រី​​​ជល​​​ផល​​​​​​បាន​​​ដុត​​​បំផ្លាញ​​​ឧបករណ៍​​​នេសាទ​​​ដ៏​​​ច្រើន​​​ មាន​​​អួន អន្ទាក់​​​ ខ្សែកាប​​​អគ្គិសនី​​​ ដែល​​​រឹប​​​អូស​​​បាន​​​ពី​​អ្នក​​​នេសាទ​​​ខុស​​​ច្បាប់​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ខែ​​​មុន។

ទាក់ទង​​​កាល​​​ពី​​​ថ្ងៃសុក្រ នាយ​​​ខណ្ឌ​​​ជល​​​ផល​​​ខេត្ត​​​កំពត លោក សៅ សូរិន្ទ បាន​​​និយាយ​​​ថា មន្ត្រី​​​របស់​​​លោក​​​នៅ​​​តែ​​​ប្រចាំ​​​ការ​​​ក្នុង​​​សមុទ្រ​​​​​​ ហើយ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​ថា អ្នក​​​នេសាទ​​​​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​រក​​​ត្រី​​​​​​ដោយ​​​ខុស​​​ច្បាប់​​​ ដូច​​​ជា​​​នៅ​​​តំបន់​​​ទឹក​​​រាក់​​​ចន្លោះ​​​ដី​​​គោក​​​ និង​​​កោះទន្សាយ​​​ជា​​​ដើម​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​មិន​​​ដែល​​​អនុញ្ញាត​​​ទេ​​​។ មិន​​​មាន​​​ទូក​​​អូស​​​គូ​​​ទេ​​​ មាន​​​តែ​​​ទូក​​​តូច​​​ៗ​​​ប្រើ​​​សំណាញ់​​​ប៉ុណ្ណោះ​​​”។

នៅ​​​ពេល​​​​​​ប្រាប់​​​ថា ទូក​​​ជា​​​ច្រើន​​​គ្រឿង​​​ទាំង​​​នោះ​​​ដែល​​​ចត​​​នៅ​​​​​​ព្រែក​​​តានិន​​​ បំពាក់​​​ដោយ​​​ខ្សែ​​​ភ្លើង​​​អគ្គិសនី​​​នោះ​​​ លោក សូរិន្ទ បាន​​​កែប្រែ​​​សម្តី​​​ដោយ​​​និយាយ​​​ថា លោក​​​នឹង​​​ទៅ​​​ពិនិត្យ​​​មើល​​​ផែ​​​នោះ ដើម្បី​​ឆែក​​​ទូក​​​ទាំង​​​នោះ​​​។ ប៉ុន្តែ លោក​​​មិន​​​សូវ​​​មាន​​​ទំនុក​​​ចិត្ត​​​ដែល​​​ថា លោក​​​អាច​​​បញ្ឈប់​​​របៀប​​​នេសាទ​​​ខុសច​​​្បាប់​​​ដែល​​​កំពុង​​​បំផ្លាញ​​​បរិស្ថាន​​​សមុទ្រ​​​កែប​​​ ហើយ​​​បង្ខំ​​​គេ​​​​​​ឲ្យ​​​​​​ឈប់​​​ធ្វើ​​​អ្វី​​​ដែល​​​គ្រាន់​​​តែ​​​ដើម្បី​​​រស់​​​បាន​​​ទេ​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​នឹង​​​បន្ត​​​ពិនិត្យ​​​ផ្អែកលើ​​​ព័ត៌​​​មាន​​​ដែល​​​យើង​​​ទទួល​​​បាន​​​នៅ​​​ថ្ងៃ​​​នេះ”។

“ពិត​​​ហើយ​​​ដែល​​​យើង​​​មាន​​​ច្បាប់​​​ ប៉ុន្តែ ប្រជា​​​ជន​​​បាន​​​នេសាទ​​​ដូច​​​នេះ​​​អស់​​​រយៈ​​​ពេល​​​យូរ​​​មក​​​ហើយ​​​ ដូច្នេះ​​​តើ​​​យើង​​​អាច​​​បញ្ឈប់​​​វា​​​បាន​​​​​​ដោយ​​​របៀប​​​ណា?”៕និត​​​​​​

The post ការ​​​នេសាទ​​​ខុស​​​ច្បាប់​​​កំពុង​​​បំផ្លាញ​​​បរិស្ថាន​​​សមុទ្រ​​​របស់​​​ខេត្ត​​​កែប appeared first on ខេមបូឌា ដេលី.