លោក បាន គីមូន រីករាយចំពោះ កម្មវិធីជួបជុំ គ្រួសារអន្តរកូរ៉េ

យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក បាន គីមូន បានបង្ហាញពីការសាទរ យ៉ាងកក់ក្តៅចំពោះ ការជួបជុំគ្រួសាររវាង សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ និងសាធារណរដ្ឋកូរ៉េ ក្រោយពីមានការ បែកបាក់ គ្នាជាង ៦ទសវត្សរ៍កន្លងមកនេះ។។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០១៥ នេះដោយដកស្រង់ខ្លឹមសារ ក្នុងសេចក្តីថ្លែងការណ៍ចេញដោយអ្នកនាំពាក្យរបស់លោក បាន គីមូន ឲ្យដឹងទៀតថា លោក គីមូន ជឿ ជាក់ថា វិធានការមនុស្សធម៌ ដូចជាការជួបជុំគ្រួសារ ដែលបានបែកបាក់គ្នាជាយូរលុងនេះ គួរតែត្រូវធ្វើ ដោយយកចិត្ត ទុកដាក់ ហើយវាមិនមែនជា ប្រធានបទសម្រាប់រឿងនយោបាយ និងសន្តិសុខនោះទេ។

ពិធីជួបជុំគ្រួសារអន្ដរកូរ៉េនេះ នឹងត្រូវបានធ្វើឡើងរហូតដល់ថ្ងៃទី២៦ ខែតុលា ដោយមាន មនុស្សវ័យ ចំណាស់ ជនជាតិ កូរ៉េខាងត្បូងប្រមាណជា ៣៨៩នាក់ ធ្វើដំណើរទៅកាន់ រមណីយដ្ឋានភ្នំគុមហ្គាង នៅក្នុងប្រទេស កូរ៉េខាងជើង ចាប់ពីថ្ងៃអង្គារម្សិលមិញនេះដើម្បីជួបជុំ សាច់ញាតិរបស់ខ្លួនដែលកំពុងរស់នៅក្នុងកូរ៉េខាងជើង ដែលពួកគេត្រូវបានបំបែកគ្នា ចាប់តាំងពីសង្គ្រាមកូរ៉េ ក្នុងកំឡុងឆ្នាំ១៩៥០ ដល់ ១៩៥៣ ហើយត្រូវបែកគ្នា រហូតមកដល់បច្ចុប្បន្ន៕

លោក បាន គីមូន រីករាយចំពោះ កម្មវិធីជួបជុំ គ្រួសារអន្តរកូរ៉េ