ម៉ូតូ​អត់​ពន្ធ​ច្រើន​គ្រឿង​ឈ្មួញ​តាំង​លក់​ម៉ា​សេរី លុយ​មិន​បាន​ចូល​ហោប៉ៅ​រដ្ឋ សង្ស័យ​ចូល​ទៅ​មន្ត្រី​ខិលខូច

ខេត្ត​មណ្ឌលគិរី ៖ ​ម៉ូតូ​អត់​ពន្ធ​ជា​ច្រើន​គ្រឿង ត្រូវ​បាន​ឈ្មួញ​ដាក់​តាំង​លក់​ម៉ា​សេរី​អម​តាម​សងខាង​ផ្លូវជាតិ​លេខ​៧៦ ស្ថិត​ក្នុងភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ចំ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ។

បើ​តាម​ប្រជាពលរដ្ឋ​និយាយ​ថា ម៉ូតូ​ដែល​គ្មាន​លិខិត​ស្នាម​នាំ​ចូល​ទាំងនេះ គេ​ឃើញ​ដាក់​លក់​តាម​ហាង​លក់​ម៉ូតូ​ជា​ច្រើន​កន្លែង ក្នុង​ក្រុង​សែន​មនោ​រម្យ ។ ហាង​លក់​ម៉ូតូ​ទាំងនេះ​មាន​ដាក់​លក់​ម៉ូតូ​អត់​ពន្ធ​ជា​យូរ​មក​ហើយ  ប៉ុន្តែ​កម្រ​ឃើញ​មាន​វត្តមាន​សមត្ថកិច្ច​ជំនាញ​​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ណាស់ ហាក់ដូចជា​ត្រជាក់ចិត្ត​ទាំងអស់​គ្នា ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ហាង​លក់​ម៉ូតូ​ទាំង​អស់នោះ និយាយ​ថា កាលពី​អំឡុង​ដើមឆ្នាំ​២០១៣ គេ​ធ្លាប់​ឃើញ​នគរ​បាល​សេដ្ឋកិច្ច​ចុះ​បង្ក្រាប​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងនេះ​ម្ដង​ដែរ ប៉ុន្តែ​បន្ទាប់​ពី​ការ​បង្ក្រាប​នោះ​រហូត​មក​ដល់​បច្ចុប្បន្ន គេ​ឃើញ​ហាង​លក់​ម៉ូតូ​ទាំងនោះ​ដាក់​តាំង​លក់​ម៉ូតូ​អត់​ពន្ធ​ច្រើន​ជាង​មុន​ទៅ​ទៀត ហើយ​មិន​មានការ​បង្ក្រាប​ទៀត​ឡើយ​។

សេចក្ដីរាយការណ៍​បាន​និយាយ​ទៀត​ថា មូលហេតុ​ដែល​មិន​មាន​មន្ត្រី​ជំនាញ​ចុះ​បង្ក្រាប់​ទីតាំង​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងនោះ ត្រូវ​គេ​សង្ស័យ​ថា មន្ត្រី​ជំនាញ ដែល​មាន​តួនាទី​បង្ក្រាប​បទ​ល្មើ​ទ​ទាំងនេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អ្វីមួយ ជាមួយនឹង​ឈ្មួញ​លក់​ម៉ូតូ​អត់​ពន្ធ​ទាំង​អស់នោះ​ហើយ​ទើប​មិន​បង្ក្រាប ។

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ហាង​លក់​ម៉ូតូ​មួយ​រូប ក្នុង​ក្រុង​សែន​មនោ​រម្យ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ដោយ​ត្រង់​ថា ម៉ូតូ​ដែល​ដាក់​លក់​សព្វ​ថ្ងៃនេះ​គឺ​លាយឡំ​គ្នា ទាំង​ម៉ូតូ​អត់​ពន្ធ និង​មាន​ពន្ធ ។ ចំពោះ​ម៉ូតូ​អត់​ពន្ធ គាត់​ទិញ​យក​មក​លក់​បន្ត​ពី​ឈ្មួញ ដែល​ម៉ូតូ​អត់​ពន្ធ​ទាំងនេះ​គឺ​ពួក​ឈ្មួញ​នាំ​ចូល​តាម​ច្រក​ទ្វេភាគី និង​ច្រករបៀង​មួយ​ចំនួន​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្តមណ្ឌលគិរី និង​ស្រុក​ស្នួល ខេត្តក្រចេះ ។

ជុំវិញ​ករណី​នេះ លោក សំ សុវណ្ណ​រិ​ទ្ធ ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត ថ្លែង​ថា លោក​ទទួលស្គាល់​ថា​ពិតជា​មាន​ម៉ូតូ​អត់​ពន្ធ​ដាក់​លក់​នៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​មែន តែ​លោក​មិន​ទាន់​អាច​ចុះ​បង្ក្រាប​បាន​ទេ ។  តាម​ការ​ណែនាំ​របស់​ថ្នាក់លើ តម្រូវ​ឲ្យ​ម្ចាស់​ហាង​ដែល​លក់​ម៉ូតូ​អត់​ពន្ធ​ទាំងនោះ ស្ម័គ្រចិត្ត​យក​ម៉ូតូ​ដែល​អត់​ពន្ធ​ចូល​មក​បង់ពន្ធ​ដោយ​ខ្លួនឯង​សិន តែបើ​ម្ចាស់​ម៉ូតូ​អត់​ពន្ធ​ទាំងនោះ​នៅ​តែ​មិន​ធ្វើ​តាម​ការ​ណែនាំ ទើប​ឈាន​ដល់​ការ​បង្ក្រាប ។

លោក​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​ខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ការ​នាំ​ម៉ូតូ​អត់​ពន្ធ​ចូល​តាម​ច្រករបៀង​នានា​ក្នុង​ខេត្តមណ្ឌលគិរី​នោះ លោក​មិន​បានដឹង​ច្បាស់​ទេ ព្រោះ​ច្រករបៀង​គឺ​នៅ​ក្រៅ​ដែន​សមត្ថកិច្ច​របស់​លោក ប៉ុន្តែ​នៅ​តាម​ច្រក​ទ្វារ​ទ្វេភាគី ដែល​មាន​មន្ត្រី​សាខា​គយ​ប្រចាំការ មិន​មានការ​នាំ​ម៉ូតូ​គេចពន្ធ​ចូល​ទេ ។

យ៉ាងណា​ក៏​ដោយ មជ្ឈដ្ឋាន​នានា​ក្នុង​ខេត្តមណ្ឌលគិរី បាន​លើក​ឡើង​ថា សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​មិន​គួរ​បណ្តែតបណ្ដោយ​ឲ្យ​ឈ្មួញ​លក់​ម៉ូតូ​អត់​ពន្ធ​យ៉ាង​អនាធិបតេយ្យ​យូរ​ឆ្នាំ​មក​ហើយ​បែប​នេះ​ទេ គួរ​ណា​រួម​គ្នា​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ជុំវិញ​បញ្ហា​នេះ ។ ការ​បើក​ឲ្យ​លក់ដូរ​ម៉ូតូ​អត់​ពន្ធ​យ៉ាង​សេរី​ដូច្នេះ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ​នាំ​ចូល​របស់​រដ្ឋ​យ៉ាងច្រើន​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ម្យ៉ាង​វិញ​ទៀត ការ​បើកដៃ​ឲ្យ​ហាង​លក់​ម៉ូតូ​នានា​ដាក់​លក់​ម៉ូតូ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ដូច្នេះ ក៏​អាច​ជាទី​ផ្សារងងឹត​សម្រាប់​ទិញ​លក់​ម៉ូតូ​ចោរ​ផង​ដែរ ៕