រថយន្ត​កុង​តឺន័រ​កាច់ចង្កូតចៀស​​រថយន្តក្រុង ​និង​ម៉ូតូ​កង់​៣ ​ធ្លាក់​ស្នាម​ភ្លោះ​​ខ្លួនឯ​ង

ខេត្តកំពង់ឆ្នាំង ​៖ ​រថយន្ត​ដឹក​​កុង​តឺ​ន័រ​​​មួយ​គ្រឿង​ បានបើក​​ធ្លាក់​ប្រឡាយ​​ទៅ​មុខ​លែង​រួច បន្ទាប់​ពី​គេច​នឹង​រថយន្ត​ក្រុង និង​ម៉ូតូ​កង់​បី​មួយ​គ្រឿង ​ដែល​បើក​មក​ពីមុខ​​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា​ ដែល​​ហេតុ​ការ​ណ៍​​នេះ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​១០ ​និង​១៥​នាទី​ព្រឹក​​ថ្ងៃ​ទី​២៣ ​តុលា ២០១៥ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៥ ត្រង់​ចំណុច​មុខ​ទីស្នាក់ការ​តំបន់សឹករង​​ស្រុក​រលារ​ប្អៀ​រ ​ក្នុងភូមិ​ព្រៃ​​កោះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលារ​ប្អៀ​រ ​។

​សមត្ថកិច្ច​នគរបាល​​មូលដ្ឋាន​បានឱ្យ​​ដឹង​ថា​ ​នៅ​​មុន​ពេល​កើតហេតុ​ គេ​ឃើញរ​ថយន្ត​ម៉ាកហ៊ី​ណូ ពណ៌​​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3943 ជា​​ប្រភេទ​រថយន្ត​ដឹក​​កុង​តឺន័រ​ធ្វើ​ដំណើរ​ពី​​ត្បូង​​ទៅ​ជើង លុះ​មក​ដល់​ចំណុច​​កើតហេតុ​ខាងលើ អ្នក​បើកបរ​រថយន្ត​​បាន​កាច់​ចង្កូត​គេច​ពី​រថយន្ត​ក្រុង​ និង​ម៉ូតូកង់​បី ដែល​មក​ពីមុខ​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ពី​ផ្លូវ​ចូល​ប្រឡាយ​ទឹកវិះ​នឹង​ក្រឡាប់ តែសំណាងល្អ ដែល​​មិន​បណ្តាល​ឱ្យ​​មាន​គ្រោះថ្នាក់​ដល់​អ្នកដ​ទៃ​ឡើយ ។

បុរស​​ជា​អ្នកបើកបរ​នោះ​បានឱ្យ​​ដឹង​ថា​ ​រថយន្ត​នេះ​ជា​របស់​ក្រុមហ៊ុនរូប​គាត់​គ្រាន់​ជា​អ្នក​ស៊ីឈ្នួល​បើក​ឱ្យ​​គេ​ទេ ចំពោះ​ហេតុ​ការ​ណ៍​ដែល​​កើតឡើង​នេះ ​គឺ​គាត់​មិន​បាន​ងោក​ងុយ​​ ឬ​ក៏​ធ្វេស​ប្រហែស​ឡើយ ។ តែបើ​គាត់​មិន​កាច់ចង្កូត​គេច​ពី​ម៉ូតូ​កង់​​បី និង​រថយន្តក្រុង​ទេ​នោះ  អ្នក​ជិះ​លើ​ម៉ូតូ​កង់​បី​ទាំងអស់ និង​រង​គ្រោះ​ទាំងអស់​គ្នា​មិន​ខាន​ឡើយ ។

​រថយន្ត​​ដែល​ធ្លាក់​ផ្លូវ​ខាងលើ​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ជួល​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ចេញ​នៅ​រសៀល​ថ្ងៃ​ដដែល ព្រោះ​រថយន្ត​ខាងលើ​ពុំ​បាន​បង្ក​ការ​រាំងស្ទះ​ចរាចរ​ណ៍​​នៅ​លើ​ផ្លូវជាតិ​ឡើយ​៕