តើ​វិបត្តិ​ស៊ីរី​នឹង​​ឡើង​ដល់​ចំនុច​ដែល​មិន​អាច​ដោះស្រាយ​បាន ឬ​យ៉ាង​ណា?

តើ​វិបត្តិ​ស៊ីរី​នឹង​​ឡើង​ដល់​ចំនុច​ដែល​មិន​អាច​ដោះស្រាយ​បាន ឬ​យ៉ាង​ណា?

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង​វីយែន (Vienna) ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥។

ក្នុង​សប្តាហ៍​នេះ លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry ​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​មក​ពី​ប្រទេស​មួយ​ចំនួន​ក្នុង​ភូមិ​ភាគ​មជ្ឈឹមបូព៌ា​ និង​ប្រទេស​រុស្សី​អំពី​ការ​ធ្វើ​បែប​ណា​ដើម្បី​ធ្វើ​ឱ្យ​មាន​ជា​ថ្មី​ឡើងវិញ​នូវ​ដំណើរការ​នយោបាយ​ក្នុង​ប្រទេស​ស៊ីរី​ដែល​បែកបាក់​ដោយ​សារ​សង្គ្រាម។

កិច្ច​ខិតខំ​ប្រឹងប្រែង​ខាង​ការ​ទូត​នេះ​ត្រូវ​បាន​ប៉ុនប៉ង​ធ្វើ​កាល​ពី​ពេល​មុនៗ​ ហើយ​នៅ​រៀងរាល់​ការ​ប៉ុនប៉ង​នោះ​មិន​ទទួល​បាន​ជោគជ័យ​ទេ​ក្នុង​ការ​បញ្ឈប់​ជម្លោះ​នេះ។ ជម្លោះ​នៅ​ស៊ីរី​បាន​បណ្តាល​ឱ្យ​ជនជាតិ​ស៊ីរី​រាប់​សែន​នាក់​ស្លាប់​ និង​បាន​បង្កើត​ឱ្យ​មាន​វិបត្តិ​ជន​ភៀស​ខ្លួន​អាក្រក់​បំផុត​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២​មក។​

នៅ​ពេល​នេះ​ ការ​ជំរុញ​ខាង​ការ​ទូត​កើត​មាន​ឡើង​នៅ​ពេល​សំខាន់​មួយ​ដែល​ប្រទេស​រុស្សី​បង្កើន​ការ​គាំទ្រ​ខាង​យោធា​ និង​ខាង​ការ​ទូត​ដល់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ដែល​ជា​សម្ព័ន្ធមិត្ត​យូរយារ​មក​ហើយ​របស់​រុស្សី។​

កង​យន្តហោះ​ចម្បាំង​នៃ​ប្រទេស​រុស្សី​បាន​ទម្លាក់​គ្រាប់បែក​លើ​ពួក​ឧទ្ទាម​ដែល​បាន​ខិតខំ​ព្យាយាម​ទម្លាក់​លោក Assad ពី​តំណែង​ហើយ​ការ​វាយ​ប្រហារ​តាម​អាកាស​ទាំង​នោះ​ជា​ច្រើន​សប្តាហ៍​មក​ហើយ​បាន​ជួយ​ក្រុម​យោធា​រដ្ឋាភិបាល​ស៊ីរី​ឱ្យ​វាយ​យក​បាន​មក​វិញ​នូវ​ដែនដី​ខ្លះ។

លោក Assad បាន​ធ្វើ​ដំណើរ​លើក​ទី​១​របស់​លោក​នៅ​ខាង​ក្រៅ​ប្រទេស​ស៊ីរី​ក្នុង​សប្តាហ៍​នេះ​ចាប់តាំង​ពី​មាន​ចលាចល​កាលពី​ឆ្នាំ២០១១​មក​ ដោយ​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​មូស្គូ​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​រុស្សី​ Vladimir Putin៕