បើក​ម៉ូតូ​កៀរ​ចិញ្ចើម​ស្ពាន ដួល​បោក​ក្បាល ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

ត្បូងឃ្មុំ: យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង​ម្នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ខណៈ​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា ក្នុង​ល្បឿន​លឿន កាច់ចង្កូត​មិនទាន់​ក៏​ជ្រុល​ទៅ​កៀរ ចិញ្ចើម​ស្ពាន​គី​ហ្ស៊ុ​ណា បណ្តាល​ឲ្យ​ដួល កាលពី​វេលា​ម៉ោង​ជិត ៩ យប់ ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ ត្រង់​ចន្លោះ​បង្គោល​ទី​១១ និង​១២ ស្ថិតក្នុង​ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។​

​ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ លីវ ឆៃ​លីម  អាយុ​២៨​ឆ្នាំ​។ ចំណែក​ជនរងគ្រោះ ដែល​រងរបួស​ធ្ងន់ ឈ្មោះ ឡុ​ច  អាយុ​ប្រហែល​គ្នា​។ អ្នក​ទាំ​៣ រស់នៅ​ភូមិ​រអាង ឃុំ​រអាង ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​ជាមួយគ្នា​។​

​មុនពេល​កើតហេតុ គឺ​ឃើញ​មាន​ម៉ូតូ ម៉ាក​យ៉ាម៉ាហា ១​គ្រឿង ជិះ​គ្នា​២​នាក់ ចេញពី​ទិសខាងកើត​មក​លិច ដើម្បី​ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា ចូល​ក្រុង​កំពង់ចាម​។ តែ​ដោយ​
​សារ​អ្នកបើក​ម៉ូតូ​នោះ បាន​ប្រើប្រាស់​ល្បឿន​លឿន កាច់ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅ​កៀរ​ចិញ្ចើម​ស្ពាន បណ្តាល​ឲ្យ​ដួល​បែក​ផ្កាភ្លើង ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់​ម្នាក់ ។​

​ក្រោយពី​មាន​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សាមុយ របស់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម មក​ដឹក​អ្នករបួស និង​អ្នកស្លាប់ ទៅកាន់​មន្ទីរពេទ្យ ដោយ​អ្នករងរបួស ត្រូវបាន​ក្រុមគ្រូពេទ្យ​សង្គ្រោះ​។ ចំណែក​អ្នកស្លាប់​វិញ រក្សាទុក​នៅក្នុង​សាល​ដាក់​សព ដើម្បី​រង់ចាំ​សាច់ញាតិ មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕V/S