អង្គការសហប្រជាជាតិ រៀបចំ​ពិធី​ជួបជុំ សាទរ​ខួប​លើក​ទី​៧០ ថ្ងៃ​បង្កើត​អង្គការសហប្រជាជាតិ នៅ​សាលា​កសិកម្ម ព្រែកលៀប​

ភ្នំពេញ: អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានរៀបចំ​ពិធី​ជួបជុំ ដើម្បី​សាទរ​ខួប​លើក​ទី​៧០ ថ្ងៃ​បង្កើត​អង្គការសហប្រជាជាតិ នៅ​សាលា​កសិកម្ម ព្រែកលៀប នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៤​តុលា​នេះ​។ ក្នុង​ពិធី​ជួបជុំ​នោះ មានការ​លេង​កីឡា រាំច្រៀង និង​សកម្មភាព​ជាច្រើន​ផ្សេង​ទៀត​។
 
​ដើម្បី​សាទរ​ដល់​ទិវា​អង្គការសហប្រជាជាតិ ថ្ងៃ​២៤​តុលា​នេះ នៅពេល​ល្ងាច រាជរដ្ឋា​ភិបាល​កម្ពុជា បានសម្រេច​បញ្ចាំង​ភ្លើងពណ៌​ខៀវ នៅ​វិមាន​សន្តិភាព និង​នៅ​វិមាន​រដ្ឋសភា ក្នុងរាជធានីភ្នំពេញ​​។​

​ជាមួយនឹង​ខួប​លើក​ទី​៧០ ថ្ងៃ​បង្កើត​អង្គការសហប្រជាជាតិ នា​ថ្ងៃទី​២៤​តុលា សាលាក្តី​ខ្មែរក្រហម ក៏បាន​ប្រកាសថា របាយការណ៍​របស់​អគ្គ​លេខាធិការ​អង្គការសហ​ប្រជា​ជាតិ ក៏បាន​លើកឡើង​ពី​សាលាក្តី​ចម្រុះ​កាត់ទោស​អតីត​មេ​ខ្មែរក្រហម ផងដែរ​។ ក្នុង​របាយការណ៍​នោះ បានលើកឡើង​ពី​ការងារ​របស់​តុលាការ​ចម្រុះ កាលពី​ឆ្នាំកន្លងមក​ស ព្រមទាំង​បង្ហាញ​នូវ​តម្រូវការ​ថវិកា​ស​ម្រា​ប់​សាលាក្តី ក្នុង​រយៈពេល ២ ឆ្នាំ​បន្ទាប់​។ តាម​របាយការណ៍ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានអនុម័ត​យល់ព្រម​លើ​ការស្នើសុំ​ថវិកា​ចំនួន ២៥ លាន​ដុល្លារ សម្រាប់​ភាគី​អន្តរជាតិ នៅ​សាលាក្តី​ចម្រុះ​កាត់ទោស​អតីត​មេ​ខ្មែរក្រហម​៕