បើកការប្រកួតពានរង្វាន់ «មិត្តភាពយុវជន អន្ដរក្រសួង-ស្ថានប័ន» លើកទី៣ ជាផ្លូវការ

ភ្នំពេញ៖ ការប្រកួតបាល់ទាត់មិនអាជីព ដណ្តើមពាន រង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» លើកទី៣ ឆ្នាំ២០១៥ នេះបានសម្ពោធន៍បើកប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី២៣ ខែតុលាម្សិលមិញ នៅមជ្ឈមណ្ឌលកីឡា Premium Sport Club ដោយមានការចូលរួមជាអធិបតីពីសំណាក់លោកជំទាវ ដាំ ដារីនី ប្រធានស្ដីទីសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សុខ សប្បាយណា ប្រធានគណៈកម្មាធិការកីឡាបាល់ទាត់នៃពានរង្វាន់នេះ រួមទាំង មន្ដ្រីពាក់ព័ន្ធ និងកីឡាករ ដែលជាមន្ដ្រីរាជការជាច្រើននាក់ទៀតផងដែរ ។

លោក បាន បុត្ដា ប្រធានគណៈកម្មការប្រតិបត្តិក្នុងការរៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងថា ការប្រកួតពានជាលើកទី៣នេះ គឺមានក្រុមបាល់ទាត់មកពីក្រសួង-ស្ថាប័នរដ្ឋចូលរួមចំនួន២៥ក្រុម ហើយបែងចែកជា៦ពូល ដោយពូលនី មួយៗមាន៤ក្រុម លើកលែងតែពូល (ច) ដែលមាន៥ក្រុម ។ ចំពោះពូល (ក) មានក្រុមយុវជនក្រសួងសុខាភិបាល, ក្រសួងបរិស្ថាន, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមយុវជនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។ ពូល (ខ) មានក្រុមយុវជនក្រសួងទេសចរណ៍, ក្រសួងធម្មការ និងសាសនា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមយុវជនក្រសួងសង្គមកិច្ចអតីតយុទ្ធជន ។

ចំណែកពូល (គ) មានក្រុមក្រសួងអប់រំយុវជន និងកីឡា, ក្រសួងកិច្ចការនារី, ក្រសួងធនធានទឹក និងឧតុនិយម និង ក្រុមក្រសួងអភិវឌ្ឍន៍ជនបទ ។ ពូល (ឃ) មានក្រុមយុវជនសាលាដំបូង រាជធានីភ្នំពេញ, ក្រសួងពាណិជ្ជកម្ម, សាលារាជធានីភ្នំពេញ និងក្រុមក្រសួងយុត្តិធម៌ រីឯពូល (ង) មានក្រុមទីស្ដីការគណៈរដ្ឋមន្ត្រី, ក្រសួងសាធារណការ និងដឹក ជញ្ជូន, ក្រសួងការបរទេស និងក្រុមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

ដោយឡែកពូល (ច) មានក្រុមក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ក្រសួងព័ត៌មាន, ធនាគារជាតិនៃកម្ពុជា, ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងក្រុមក្រសួងទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ។ លោក បាន បុត្តា បន្ដថា ការប្រកួតនឹងធ្វើឡើង៤ថ្ងៃក្នុងមួយសប្ដាហ៍ ដែលត្រូវធ្វើការប្រកួតចាប់ពីថ្ងៃទី២៣ ខែតុលានេះ ហើយ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខ ។

ថ្លែងក្នុងឱកាសបើកការប្រកួតនោះដែរលោកជំទាវ ដាំ ដារីនី បានមានប្រសាសន៍ថា បាល់ទាត់ គឺលេងដើម្បីសុខភាព និងមិត្តភាព ដូច្នេះលោកជំទាវពិតជាគាំទ្រខ្លាំង ចំពោះការរៀបចំឲ្យមានពានរង្វាន់មិត្តភាពអន្ដរក្រសួង-ស្ថាប័ននេះ ដែលជាឱកាសធ្វើឲ្យមន្ដ្រីរាជការបានចូលរួមលេងកីឡា ហើយថែមទាំងបានស្គាល់គ្នា រាប់អានគ្នានៅលើទីលានទៀត ផង ។ លោកជំទាវសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងទទួលបានជោគជ័យ ហើយក៏ជាការរួមចំណែកបំផុសសកម្មភាព យុវជនឲ្យងាកមកលេងកីឡា ដើម្បីបញ្ចៀសការប្រើប្រាស់គ្រឿងញៀន ឬប្រព្រឹត្តអំពើអបាយមុខផ្សេងៗផងដែរ ។

លោក សុខ សប្បាយណា បានប្រសាសន៍ឲ្យដឹងដែរថា «ព្រឹត្តិការណ៍នេះ គឺផ្ដួចផ្ដើមគំនិតរៀបចំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តាំងពីឆ្នាំ២០១៣មកម្ល៉េះ ដោយបង្កើតក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការប្រកួតកីឡាបាល់ទាត់រវាងមន្ដ្រីរាជការតាមបណ្ដាក្រសួង និងស្ថាប័ននានា ។ កម្មវិធីនេះ នឹងផ្ដល់ឱកាសដល់យុវជនមកពីតាមបណ្ដាក្រសួង-ស្ថាប័នខុសគ្នា ដែលមានមុខងារ និងវិជ្ជាជីវៈផ្សេងៗគ្នា ដែលត្រូវប្រកួតពង្រីក ចំណងមិត្តភាពជាមួយគ្នា ដើម្បីបង្កើតទំនាក់ទំនងល្អ ក្នុងស្រទាប់ការងារ យុវជន ព្រមទាំងបានស្គាល់គ្នា និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកផងដែរ» ៕

បើកការប្រកួតពានរង្វាន់ «មិត្តភាពយុវជន អន្ដរក្រសួង-ស្ថានប័ន» លើកទី៣ ជាផ្លូវការ

បើកការប្រកួតពានរង្វាន់ «មិត្តភាពយុវជន អន្ដរក្រសួង-ស្ថានប័ន» លើកទី៣ ជាផ្លូវការ

បើកការប្រកួតពានរង្វាន់ «មិត្តភាពយុវជន អន្ដរក្រសួង-ស្ថានប័ន» លើកទី៣ ជាផ្លូវការ

បើកការប្រកួតពានរង្វាន់ «មិត្តភាពយុវជន អន្ដរក្រសួង-ស្ថានប័ន» លើកទី៣ ជាផ្លូវការ

បើកការប្រកួតពានរង្វាន់ «មិត្តភាពយុវជន អន្ដរក្រសួង-ស្ថានប័ន» លើកទី៣ ជាផ្លូវការ

បើកការប្រកួតពានរង្វាន់ «មិត្តភាពយុវជន អន្ដរក្រសួង-ស្ថានប័ន» លើកទី៣ ជាផ្លូវការ