សមាគម​អ្នក​ផលិត​កៅស៊ូ​ធម្មជាតិ​ព្រួយបារម្ភ ជុំវិញ​ការ​ធ្លាក់​ថ្លៃ​កៅស៊ូ​បន្តបន្ទាប់​នៅ​ប្រទេស​កម្ពុជា

ខេត្តសៀមរាប ៖ ប្រទេស​កម្ពុជា ដែល​ជា​ម្ចាស់ផ្ទះ​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​១៩ នៃ​សមាគម​អ្នក​ផលិត​កៅស៊ូ​ធម្មជាតិ ដែល​រៀបចំ​ឡើង​រយៈពេល​៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៩ តុលា នៅ​ក្នុង​ក្រុង​សៀមរាប គឺ​មាន​សមាជិក​ចូលរួម​សរុប​ទាំងអស់​១១​ប្រទេស ។

ក្នុង​កិច្ចប្រជុំ​នេះ​សមាគម​អ្នក​ផលិត​កៅស៊ូ​ធម្មជាតិ បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​រិះរក​មធ្យោបាយ​ទប់ស្កាត់​ការ​ធ្លាក់​ថ្លៃ​កៅស៊ូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ សមាជិក​ទាំងអស់​នៃ​សមាគម​អ្នក​ផលិត​កៅស៊ូ​ធម្មជាតិ បាន​ឯកភាព​គ្នា​លើ​ចំណុច​មួយ​ចំនួន​សំដៅ​ធ្វើ​យ៉ាងណា ឱ្យ​ប្រាកដ​ថា​កៅស៊ូ​ធម្មជាតិ​នឹង​មាន​ទីផ្សារ​ល្អ​ឡើង​វិញ និង​ជា​ពិសេស​គឺ​ការ​រក្សា​និរន្តរភាព​នៃ​តម្លៃ ។

ប្រធានបទ​សំខាន់​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ គឺ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​របស់​ជ័រកៅស៊ូ ។ សមាជិក​ទាំងអស់ បាន​លើក​ពី​បញ្ហា​ប្រឈម​នានា ដែល​ទាក់ទង​នឹង​ដំណាំ​កៅស៊ូ ដែល​មាន​ទីផ្សារ​នាំ​ចេញ​ជាដើម ។

លោក​លី ផល្លា អនុរដ្ឋលេខាធិការ​ក្រសួង កសិកម្ម ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​កៅស៊ូ បានឱ្យ​ដឹង​ថា ការ​ធ្លាក់​ចុះ​តម្លៃ​កៅស៊ូ​នា​ពេល​បច្ចុប្បន្ន គឺ​មិន​ធ្លាប់​មាន​ទេ​កាលពី​ពេល​កន្លង​មក​។ លោក​បាន​រំឭក​ពី​តម្លៃ​កៅស៊ូ​នា​ពេល​កន្លង​មក​ថា ៖ «​កៅស៊ូ​ឡើងថ្លៃ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១១ គឺ​មាន​តម្លៃ​៥.៧០០​ដុល្លារ​ក្នុង​មួយ​តោន ហើយ​ឥឡូវ​ធ្លាក់​មក​នៅ​ត្រឹម​១.៣០០​ដុល្លារ ។ នេះ​ជា​កង្វល់​របស់​រដ្ឋាភិបាល ជា​ពិសេស​កសិករ​ដែល​ជា​អ្នក​ដាំ​កៅស៊ូ ។ ការ​ធ្លាក់​ថ្លៃ​គឺ​ទូ​ទាំង​ពិភពលោក ដោយសារ​ការ​ប្រើប្រាស់​ថយ​ចុះ ហើយ​ការ​ផ្គត់ផ្គង់​លើស​ពី​តម្រូវការ​ថែម​ទៀត​» ។

ក្នុង​កិច្ចប្រជុំ​រយៈពេល​៥​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២៣ តុលា កិច្ចប្រជុំ​បាន​សម្រេច​នូវ​លទ្ធផល​មួយ​ចំនួន​រួម​មាន ការងារ​គ្រប់គ្រង​ផ្ទៃដី​ដាំ​កៅស៊ូ ដើម្បី​ងាយស្រួល​ប៉ាន់ស្មាន​ចំពោះ​បរិមាណ​ផ្គត់ផ្គង់​ទៅ​តាម​ទីផ្សារ ជាមួយនឹង​តម្រូវ​ឱ្យ​ស្មើគ្នា ។ មួយ​ចំណែក​ទៀត គឺ​ការ​កំណត់​គោលនយោបាយ ពង្រឹង​ការ​ប្រើប្រាស់​កៅស៊ូ​ក្នុងស្រុក មាន​ន័យ​ថា ក្រៅពី​ការ​នាំ​ចេញ បណ្តា ប្រទេស​ជា​សមាជិក​នៃ​សមាគម​អ្នក​ផលិត​កៅស៊ូ​ធម្មជាតិ ត្រូវ​រិះរក​វិធីសាស្ត្រ​ដើម្បី​ផលិត​ជា​ឧស្សាហកម្ម​ក្នុងស្រុក​ផង ។ ចំណុច​មួយទៀត គឺជា​ការ​គិតគូរ​ពី​និរន្តរភាព​របស់​កៅស៊ូ ។

ប្រទេស​កម្ពុជា​មាន​ផ្ទៃដី​ដាំ​កៅស៊ូ​សរុប​ចំនួន​៣៦​ម៉ឺន​ហិ​កតា ដែល​អាច​ផលិត​ជ័រកៅស៊ូ​បាន​១០​ម៉ឺន​តោន ក្នុង​មួយ​ឆ្នាំ​ៗ ។ តាម​គោលការណ៍​កម្ពុជា​គ្រោង​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដល់​ទៅ​ជាង ៤០​ម៉ឺន​ហិ​កតា​នៅ​អំឡុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ ។ ទីផ្សារ សំខាន់​ៗ​ក្នុង​ការ​នាំ​ជ័រកៅស៊ូ​ចេញ​របស់​កម្ពុជា មាន​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ចិន និង​វៀតណាម ។

កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នៃ​សមាគម​អ្នក​ផលិត​កៅស៊ូ​ធម្មជាតិ​លើក​ទី​១៩ ក្នុង​រយៈពេល​២​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០១៥ ដល់​២០១៦ ហើយ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នឹង​បន្ត​ធ្វើ​ជា​ម្ចាស់ផ្ទះ​បន្ទាប់​ពី​កម្ពុជា ៕