បណ្តើរ​ម៉ូតូ​ខូច​ជួប​ជនសង្ស័យ​៦​នាក់ សម្លុត​ទារប្រាក់​១​ម៉ឺន​រៀល អត់​មាន​ឱ្យ វាយ​និង​យក​ម៉ូតូ​ទៅ​បាត់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុមមាន​គ្នា​៦​នាក់ ​ព្រួត​វាយ​បែកក្បាល​ដេរ​អស់​៥​ថ្នេរ ដោយ​ប្លន់​យក​ម៉ូតូ​បាន​ដោយ​​សុវត្ថិភាព ខណៈ​ដែល​ម៉ូតូ​ជន​រង​គ្រោះ​រលត់​ហើយ​ដើរ​បណ្តើរ​ម៉ូតូ​តាម​ផ្លូវ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ តែ​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ តុលា ២០១៥ ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឈឹ​ម សា​រ៉​ន អាយុ​៣៦​ឆ្នាំ ជា​ជាង​បាញ់ថ្នាំ​រថយន្ត​នៅ​ម្តុំ​ចំការ​ដូង ស្នាក់​នៅ​ភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ឌិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​កូ​ឡា ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្តកំពត ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​មួយ​គ្រឿង ពណ៌​ទឹកប៊ិច មិន​ចាំ​ស្លាក​លេខ ដោយ​ជិះ​ត្រឡប់​មក​ពី​កន្លែងធ្វើការ​នៅ​វិញ​នៅ​ម្តុំ​ចំការ​ដូង ។ លុះ​ជិះ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ ក៏​ស្រាប់តែ​ម៉ូតូ​រលត់ រួច​ជន​រង​គ្រោះ​ក៏​ដើរ​បណ្តើរ​ម៉ូតូ​តាម​ផ្លូវ​រហូត ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មួយ​ក្រុម មាន​គ្នា​ប្រមាណ​៦​នាក់ បាន​ដើរមក​ស្ទាក់ផ្លូវ​ជន​រង​គ្រោះ ហើយ​ជនសង្ស័យ​ទាំងនោះ​បាន​សម្លុត​ជន​រង​គ្រោះ​យក​លុយ​១​ម៉ឺន​រៀល ។

តែ​ជន​រង​គ្រោះ​មាន​លុយ​តែ​៥​ពាន់​រៀល​ទេ គ្រាន់តែ​និយាយ​ចប់​ភ្លាម ជនសង្ស័យ​ម្នាក់​បាន​ទាញ​ខ្សែក្រវាត់​វាយ​មក​លើ​ជន​រង​គ្រោះ​ចំ​ពីក្រោយ​ក្បាល​មួយ​ខ្សែក្រវាត់ បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន ។ រួច​ព្យាយាម​រត់គេច​ពី​ជនសង្ស័យ​ទាំង​ឈាម​ហូរ​យ៉ាង​សស្រាក់ ចំណែក​ម៉ូតូ​ត្រូវ​ជនសង្ស័យ​បណ្តើ​រទាំង​រលត់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ។