កំពង់ផែ​ប៉េ​ហាយ ក្វាង​ស៊ី​-​ព្រះសីហនុ កម្ពុជា នឹង​សហប្រតិបត្តិការ ជម្រុញ​ការដឹកជញ្ជូន​ផ្លូវ​សមុទ្រ​

​ក្វាង​ស៊ី​-​ចិនៈ: មន្ត្រី​ជំនាញ​ចិន និង​កម្ពុជា គ្រោង​ជួប​ពិភាក្សាគ្នា នៅ​ខែវិច្ឆិកា ខាងមុខនេះ ដើម្បី​ពិនិត្យ​លើ​ការបើក​ចរាចរណ៍​ផ្លូវទឹក ត្រង់ ដឹកជញ្ជូន​ទំនិញ ទៅវិញទៅមក រវាង​កំពង់ផែ​ព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​ប៉េ​ហាយ ខេត្ត​ក្វាង​ស៊ី​។​
 
​លោក ហ្វា​ង លីន​ហ្ស៊ី ប្រធានការិយាល័យ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ឈូង​សមុទ្រ ប៉េ​ហាយ និង​ការិយាល័យ​កិច្ចសហប្រតិបត្តិការ អាស៊ាន នៃ​តំបន់​ស្វយ័ត​ជនជាតិ​ជួង ខេត្ត​ក្វាង​ស៊ី ( Huang Lingzhi :Director of Foriegn Cooperation Department of Beibu Gulf Economic Zone and Cooperation with ASEAN Office of Guangxi Zhuang Autonomous Region) សម្ភាសន៍​ជាមួយ​ប្រតិភូ អ្នកសារព័ត៌មាន​កម្ពុ​ជា អំឡុង ពេល​ទស្សនកិច្ច ក្នុងប្រទេស​ចិន តាម​ការរៀបចំ និង​ឧបត្ថម្ភ​ដោយ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ទីភ្នាក់ងារសារព័ត៌មាន​កណ្តាល​ចិន និង​រដ្ឋបាលខេត្ត ក្រុង​នានា កាលពី​ថ្ងៃទី​២០ ខែតុលា បាន​ឲ្យ​ថ្លែងថា​: គណៈប្រតិភូ​មួយចំនួន ដែលជា​មន្ត្រី​ជំនាញ​របស់​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន នឹង​មក​ចូលរួម​កិច្ចប្រជុំ នៅក្នុង​ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន នៅ​ខែវិច្ឆិកា ដើម្បី​ពិភាក្សាគ្នា រក​យុទ្ធសាស្ត្រ មធ្យោបាយ​រួម ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច រវាង​ចិន និង​អាស៊ាន ជាពិសេស​តាម​តំបន់ ឈូង​សមុទ្រ​ចិន និង​ប្រទេស​អាស៊ាន ក្នុងនោះ​ក៏​នឹង​ផ្តោត​ទៅ​ការដឹកជញ្ជូន​ផ្លូវទឹក រវាង​កំពង់ផែ​ព្រះសីហនុ ប្រទេស​កម្ពុជា និង​កំពង់ផែ​ប៉េ​ហាយ ក្នុង​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប៉េ​ពូ ក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ផងដែរ​។​

​លោក​បាន​ថ្លែងថា​: «​កិច្ចប្រជុំ​នេះ ក្រៅពី​មន្ត្រី​ជំនាញ ប្រទេស​ទាំងពីរ ក៏មាន​តំណាង​មកពី​កំពង់ផែ សរុប ៤០ ក្នុងប្រទេស​ចិន ចូលរួម​ពិភាក្សា សិក្សា​ស្រាវជ្រាវ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ ក្នុងការ​រៀបចំ ពិនិត្យ​ស្ថានភាព និង​ដំណើរការ​កិច្ចប្រតិបត្តិការ កំពង់ផែ​ព្រះសីហនុ និង​កំពង់ផែ​ប៉េ​ហាយ​។ ជាមួយគ្នានេះ ក៏មាន​តំណាង ក្រុមហ៊ុន​វិនិយោគ ចូលរួម​ដើម្បី​ពិនិត្យ លទ្ធភាព​វិនិយោគ ក្នុង​វិស័យ​ហេ​រដ្ឋា​រចនាសម្ព័ន្ធ របស់​កម្ពុជា តែ​នេះ​ក៏​អាស្រ័យ​លើ​កម្ពុជា ក្នុងការ​បង្ហាញ​នូវ​សក្តានុពល​នេះ​ផងដែរ​»​។​
    
​បើតាម​លោក ហ្វា​ង លីន​ហ្ស៊ី  ប្រទេស​ទាំងពីរ បាន​ចុះ​អនុស្សរណៈ​យោគយល់ ⁣​បង្កើត​កិច្ចសហប្រតិបត្តិការ ដឹកជញ្ជូន​ផ្លូវទឹក កំពង់ផែ​មិត្តភាព រវាង​កំពង់ផែ​ព្រះសីហនុ និង​កំពង់ផែ​ហៃ​ណាន កាលពី​ឆ្នាំ​២០១៣ មកម្ល៉េះ តែ​មិនទាន់បាន​ដំណើរការ ការដឹក ជញ្ជូន​នៅឡើយ​ទេ​។ នោះ​មកពី​កំពង់ផែ​ព្រះសីហនុ មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ រឹងមាំ អាច​បង្កលក្ខណ​:​ឲ្យ​សង្វាក់ ផលិតកម្ម​សមស្រប​។ គឺ​នៅមាន​តិចតួច មិនអាច​ឆ្លើយតប​ទៅនឹង តម្រូវការ​របស់​ចិន ទើប​នាំ​ឲ្យ​មានការ​នាំចូល តាមរយៈ​ច្រក​កំពង់ផែ​ហៃ​ហ្វុ​ង ប្រទេស​វៀតណាម ដែល​បាន​នាំចូល​ផលិត​របស់ខ្លួន ច្រើនជាងគេ​ទៅកាន់​ប្រទេស​ចិន​។ ទោះជា​យ៉ាងណា កន្លងមក កម្ពុជា បាន​នាំ​ផលិតផល​ខ្លួន មក​ប្រទេស​ចិន​ហើយ នូវ​អង្ករ​ក្រអូប មើម និង​ម្សៅ​ដំបូង​មី ម្ហូបអាហារ និង​គ្រឿង​សង្ហា​រឹម​...​មកកាន់​ខេត្ត​ក្វាង​ស៊ី និង​ខេត្ត ក្រុង​ខ្លះទៀត នៅ​ប្រទេស​ចិន ។​
 
​ចំណែក​ខេត្ត​ក្វាង​ស៊ី​វិញ បាន​នាំ​ចេញទៅ​កម្ពុជា​វិញ នូវ​គ្រឿង​អេ​ឡិច​ត្រូ​និ​ច រួមមាន ទូរស័ព្ទ ទូរទស្សន៍ ។ ម៉ាស៊ីន​កសិកម្ម គ្រឿង​សង្ហា​រឹម ម្ហូ​ម​អាហារ ជាដើម ទៅ​កម្ពុជា ហើយ​ឧបនាយករដ្ឋមន្ត្រី ទទួល​ប្រចាំការ នៃ​រាជរដ្ឋាភិបាល​កម្ពុជា លោក​គាត ឈន់ ធ្លាប់បាន​ឲ្យ​ដឹងថា ទំហំ​ពាណិជ្ជកម្ម រវាង​ខេត្ត​ក្វាង​ស៊ី និង​កម្ពុជា បាន​កើនឡើង​ចំនួន ៤៨% នៅ​ឆ្នាំ​២០១៤ ហើយ​ក្រុមហ៊ុន​វិនិយោគ មកពី​ខេត្ត​ក្វាង​ស៊ី បាន និង​កំពុង​អនុវត្ត​គម្រោង​វិនិយោគ ចំនួន ៣៥ គម្រោង​នៅ​កម្ពុជា ដែល​គិត​ជា​ទុនវិនិយោគ សរុប​មាន​ចំនួន​ប្រមាណ ៤០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ​៕V/S

កំពង់ផែ​ប៉េ​ហាយ ក្វាង​ស៊ី​-​ព្រះសីហនុ កម្ពុជា នឹង​សហប្រតិបត្តិការ ជម្រុញ​ការដឹកជញ្ជូន​ផ្លូវ​សមុទ្រ​

   លោក ហ្វា​ង លីន​ហ្ស៊ី ប្រធានការិយាល័យ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ តំបន់​សេដ្ឋកិច្ច​ឈូង​សមុទ្រ ប៉េ​ហាយ និង​ការិយាល័យ​កិច្ចសហប្រតិបត្តិការ អាស៊ាន ខេត្ត​ក្វាង​ស៊ី​(​រូប​:​សូ​ផុន​)
កំពង់ផែ​ប៉េ​ហាយ ក្វាង​ស៊ី​-​ព្រះសីហនុ កម្ពុជា នឹង​សហប្រតិបត្តិការ ជម្រុញ​ការដឹកជញ្ជូន​ផ្លូវ​សមុទ្រ​

កំពង់ផែ​ប៉េ​ហាយ ក្វាង​ស៊ី​-​ព្រះសីហនុ កម្ពុជា នឹង​សហប្រតិបត្តិការ ជម្រុញ​ការដឹកជញ្ជូន​ផ្លូវ​សមុទ្រ​

​ប្រតិភូ​អ្នកកាសែត​កម្ពុជា​ទស្សន​កិច្ច​និង​សម្ភាសន៍​លោក​ហ្វា​ង​នី​ក្រុង​ណាន​នី​ង​(​រូប​:​សូ​ផុន​)​