អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ត្រឹម​ដាក់ចេញ​វិធានការ​អត់​ប្រយោជន៍

ករណី​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រីជាន់ខ្ពស់ រំលោភ​យក​ដី​មាត់បឹង​ព្រែក​ទប់ ក្នុងភូមិ​មួយ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មិនទាន់​ត្រូវបាន​លោក យន្ត មីន ជា​អភិបាលខេត្ត ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ទេ​។ កន្លងមក​លោក យន្ត មីន ធ្លាប់​ដាក់ចេញ​នៅ​វិធានការ​ព្រមាន​ទៅលើ​អ្នករំលោភ​យក​ដី​រដ្ឋ​ដី​មាត់បឹង​ព្រែក​ទប់ និង​ដីព្រៃ​របស់​រដ្ឋ នៅ​តំបន់​ក្បាលឆាយ ក៏ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ​វិធានការ​របស់លោក យន្ត មីន បានក្លាយ​ទៅជា​រឿង​លែង​សើច​អត់​ប្រយោជន៍​។ បញ្ហា​នេះ​លោក យន្ត មីន គួរ​អនុវត្តន៍​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​វិធាន​ការដែល​អាជ្ញាធរខេត្ត​ដាក់ចេញ​នាពេល​កន្លងមក ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​ជុំ​ទិស​។

ឥឡូវនេះ​ប្រជាពលរដ្ឋ​និង​ក្រុមមន្ត្រី​អង្គការក្រៅរដ្ឋាភិបាល បាន​រង់​ចាំមើល​ចំណាត់ការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​ទៅលើ​ក្រុម​ជន​ដែល​រំលោភ​យក​ដី​ចំណី​មាត់បឹង​ព្រែក​ទប់​ដែលជា​បឹង​សម្រាប់​ស្តុក​ទឹកស្អាត​។ កន្លងមក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​ធ្លាប់​ព្រមាន​ទៅលើ​មន្ត្រី​រដ្ឋាភិបាល​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​បទល្មើស​រំលោភ​យក​ដី​រដ្ឋ នៅ​មាត់បឹង​ព្រែក​ទប់​ឲ្យ​ដកខ្លួន​ជាបន្ទាន់ ព្រោះ​អាច​ត្រូវ​ប្រឈមមុខ​នឹង​ការផ្ដន្ទាទោស​តាមច្បាប់​។ ក៏ប៉ុន្តែ​អ្នកមាន​លុយ អ្នកមានអំណាច និង​មន្ត្រីជាន់ខ្ពស់ មិន​ញញើត​នឹង​ការព្រមាន​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នោះទេ ហើយ​ពួកគេ​នៅតែ​បន្តសកម្មភាព​សាងសង់​សំណង់​ផ្សេងៗ និង​រំលោភ​យក​ដី​មាត់បឹង​ព្រែក​ទប់​យ៉ាង​គឃ្លើន​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​អះអាងថា​នឹង​ខំ​ពង្រឹង​អនុវត្តន៍​តាម​អនុសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងការ​ការពារ​បឹង​ព្រែក​ទប់​ដែលជា​កន្លែង​ស្តុក​ទឹកស្អាត​។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្ត​ព្រះសីហនុ គ្មាន​ជំនឿ​លើ​ការប្ដេជ្ញាចិត្ត​របស់លោក យ​នុ្ត មីន នោះទេ ព្រោះ​គេ​ឃើញថា​អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក តាក វណ្ណ​ថា បាន​សាងសង់​ភូមិគ្រឹះ​ដ៏​ធំ​មួយ​នៅ​មាត់បឹង​ព្រែក​ទប់ ហើយ​អាជ្ញាធរខេត្ត​ព្រះសីហនុ មិន​ហ៊ាន​ប៉ះពាល់​លោក តាក វណ្ណ​ថា ដែល​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ​នោះទេ​។ មន្ត្រីរាជការ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​រិះគន់ថា សំណង់​ភូមិគ្រឹះ​របស់លោក តាក វណ្ណ​ថា ពុំមាន​ច្បាប់​អនុញ្ញាត​ឡើយ​ហើយ​រហូតមក​ដល់ពេលនេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​ក្រសួង​ពាក់ព័ន្ធ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​៕

yun-620លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ imageដីមាត់បឹងព្រែកទប់ដែលមានអំណាចរំលោភជាបន្តបន្ទាប់