លោក រី ដា​វិ​ន ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក មាន់ ទា ខុសច្បាប់​តាម​អំពើ​ចិត្ត

លោក រី ដា​វិ​ន ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ដែលមាន​ការបើក​ដៃ​ពី​មេៗ​ថ្នាក់លើ កំពុង​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​ក្រហម មាន់ ទា ខុសច្បាប់​ពី​ប្រទេស​យួន​យ៉ាង​អនាធិបតេយ្យ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ បញ្ហា​នេះ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រ​ក្ខា​ប្រមាញ់​និង​នេសាទ មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​បទល្មើស​នាំចូល​ជ្រូក​ក្រហម មាន់ ទា ពី​ស្រុក​យួន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ ដែលជា​អ្នក​ទទួលទាន​។ មានន័យថា ប្រធាន​មន្ទីរ​កសិកម្ម​និង​លោក រី ដា​វិ​ន ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ គិតតែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។

ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ថ្ងៃ​ជ្រូក​ក្រហម មាន់ ទា ដែល​ឈ្មួញ​នាំចូល​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​ឈ្មួញ​ដឹកជញ្ជូន​តាមផ្លូវ​ជាតិ​លេខ​៧​យ៉ាង​អនាធិបតេយ្យ​។ ជ្រូក​ក្រហម​និង​មាន់ ទា ទាំងនោះ ត្រូវ​យកមក​ចែកចាយ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម និង​ចូលដល់​រាជធានី​ភ្នំពេញ​ផងដែរ ព្រោះ​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះឡើយ​។ ផ្ទុយទៅវិញ​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការគ្រប់គ្រង​រប​ស់លោក រី ដា​វិ​ន គឺជា​អ្នក​រាប់​ក្បាល​រថយន្ត​ដឹក​ជ្រូក​ក្រហម មាន់ ទា យកលុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​បំផុត​។ ឈ្មួញ​នាំចូល​ជ្រូក​ក្រហម មាន់ ទា ពី​ប្រទេស​យួន​ត្រូវមាន​ទំនាក់ទំនង​ជាមួយ​លោក រី ដា​វិ​ន ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ទើប​អាច​ប្រកប​អាជីវកម្ម​ដោយ​រលូន​គ្មាន​ឧបសគ្គ​។

​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​ប្រធាន​មន្ទីរ​កសិកម្ម និង​ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ​ជាបន្ទាន់ ព្រោះ​ពួកគេ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​មាន់ ទា និង​ជ្រូក​ក្រហម យ៉ាង​ពេញបន្ទុក​។ ជាមួយគ្នានេះ​គេ​សង្ស័យថា លោក តាន់ ផាន់​ណា​រ៉ា ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​និង​បសុព្យាបាល​នៃ​ក្រសួងកសិកម្ម អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផងដែរ ទើប​បណ្ដោយ​ឲ្យ​លោក រី ដា​វិ​ន ប្រធានការិយាល័យ​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ការហូរចូល​ជ្រូក​ក្រហម​និង​មាន់ ទា ពី​ស្រុក​យួន គឺជា​ការបំពាន​លើ​បំរាម​របស់​ក្រសួងកសិកម្ម​យ៉ាង​គឃ្លើន ដូច្នេះ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនត្រូវ​ទុក​ឲ្យ​មន្ត្រី​ខិលខូច​ទាំងនោះ​ឃុបឃិត​ជាមួយ​ឈ្មួញ​ទុច្ចរិត​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​៕

08-12-2014_meet_australyលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ