បែប​ខ្លាច​សង្គម​ផ្លាស់​ប្តូរ

មាន​សេដ្ឋី​ថ្មី​មិន​ច្រើន​នាក់​ទេ ​នៅ​កម្ពុជា​ ត្រូវ​បាន​គេ​និយាយ​ហូរហែ​ថា បាន​កើប​ដុល្លារ​ទៅរ​កស៊ី​បណ្តាក់ទុន​នៅ​ក្រៅប្រទេស​យ៉ាង​រំភើយ​ផាត់​... ​ក្នុង​ឱកាស​ដែល​ប្រមុខ​ដឹកនាំ​ប្រទេស អំពាវនាវ​រក​បរទេស​ឱ្យចូល​មក​វិនិយោគ ។ ​

សេដ្ឋី​ថ្មីចែស​នោះ កើប​ប្រាក់​ពី​អចលនទ្រព្យ​ដែល​រដ្ឋ​បើកផ្លូវ​ឱ្យ​ដើរ ដែល​អ្នក​ដទៃ​មិន​អាច​ធ្វើ​តាម​បាន ។ មាន​តែ​ក្រុម​គាត់​ទេ​ដែល​«​ចេះ​»... និង​«​ពូកែ​មែនទែន​» ។

អចលនទ្រព្យ​ដែល​រដ្ឋ​បើកផ្លូវ​មួយ​កន្លែង​នោះ បើ​លក់​ទាំងអស់​ត្រូវ​បាន​ប្រហាក់ប្រហែល​១​ពាន់​លាន​ដុល្លារ​... ​។ នេះ​គ្រាន់តែ​មួយ​កន្លែង​ទេ​... ​នៅ​ច្រើន​កន្លែង​ទៀត​ ដែល​ប្រមូល​កើប​ប្រចាំ​ថ្ងៃ​...​ ប្រចាំខែ​...​ ប្រចាំឆ្នាំ​...​ ទំនង​រាប់​បាវ​... ​។​ល​។

ប្រមូល​បាន​មហាសាល​ម្លឹ​ង​ៗ... ​គួរ​ឱ្យ​សរសើរ​ណាស់ និង​គួរ​ជួយ​ត្រេកអរ​... ​ព្រោះ​គិត​ថា ខ្មែរ​ក្នុងស្រុក​... ​ប្រាក់​រកបាន​ដោយ​ប្រាជ្ញា​នោះ​នឹង​ត្រូវ​យក​មក​ចំណាយ​វិនិយោគ​ក្នុងស្រុក​... ​មក​ជួយ​សង្គម អភិវឌ្ឍន៍​ឱ្យ​វា​ណា​ណី​ក្នុងស្រុក​... ​ជួយ​សង្គម​កុំឱ្យ​ល្ហេ​ម​ល្ហា​ម​ដូច​សព្វថ្ងៃ​ពេក​...​ យ៉ាង​ហោច​ក៏​ជួយ​ធ្វើ​ផ្លូវ ធ្វើ​ផ្សារ​... ​ធ្វើ​រោងចក្រ​តូច​-​ធំ​... ​សង់ផ្ទះ បង្កើត​បាន​បូ​រី​ពេញ​ដី​... ​ជួយ​កូន​ខ្មែរ​ឱ្យ​មានការ​ងារ​ធ្វើ ។

ប៉ុន្តែ​ម្ចាស់​ថ្លៃ​... ​ម្ចាស់​ថោក​អើយ​...​ ពិតជា​ភ្លីភ្លើ​មិន​គួរ​ជឿ​មែន​...​ បាន​ទុក​ឱកាស​ឱ្យ​សេដ្ឋី​ថ្មី ប្រមូលប្រាក់​ទៅរ​កស៊ី... ​ទៅ​អភិវឌ្ឍន៍​នៅ​ក្រៅប្រទេស ឯណោះ​ឆ្កុយ​ទៅ​... ​ហេ ! ហេ !... ​ពិតជា​គួរ​សរសើរ​មែន !

មិន​គួរ​ច្រណែន​ទេ​...​ ព្រោះ​គេ​ចេះ​...​​ ចេះ​សូត្រ​... ​ចេះ​ផ្លុំ​... ​ចេះ​មន្តអាគម​គាថា​...​ បាន​ដី បាន​បឹង​ពី​ដូនតា​ខ្មែរ​... ​រាប់រយ រាប់​ពាន់​លាន​ដុល្លារ​... ​សម្ងំ​ស្ងាត់​ៗ ​ទៅ​ជួយ​ស្រុក​គេ​ស្មោះ !

តើ​នៅ​មាន​សល់​អ្វី​ឱ្យ​គាត់​ទៀត​ទេ ? ដូច​ជា​ជួយ​បើកផ្លូវ​ជូន​គាត់​អស់ហើយ​ទេ​ដឹង អ្វី​ដែល​ខ្លាញ់​... គ្រូអាចារ្យ​ម្នាក់​ទេសនា​ថា «​ដល់​ពេល​ស្លាប់​ទៅ​... ​តាម​ទម្លាប់​បើ​មិន​កប់​ គឺ​ដុត​... ​បើ​មិន​ដុត​ គឺ​កប់​... ​បើ​ដុត​បាន​មួយ​កញ្ចប់​... ​បើកប់​បាន​ស្នូល​ដី​» ។

ជីវិត​រស់នៅ​កុំ​លោភលន់​ហួសហេតុ​ពេក​... ​ល្មម​ៗ​បាន​ហើយ​... ​ចែក​គេ​រស់​ផង​... ​កុំ​រស់​ម្នាក់ឯង ស៊ី​មួយ​រយ​ជីវិត​ទៀតមិន​អស់នោះ​... ​ពិតជា​អា​សោចិ៍​កេរ្តិ៍​ណាស់ ។

ឬ​មួយ​វេច​បង្វិច​រត់​ឱ្យ​ហើយ​... ​ខ្លាច​សង្គម​ផ្លាស់​ប្តូរ​... ​ដែល​បក្ស​មួយ​នោះ​កំពុង​យក​មក​ធ្វើ​នយោបាយ ? ចាំ​មើល​ទៀត​... អា​រឿង​«​បក្ស​ចាញ់​»​កំពុង​មើលឃើញ​«​ឈ្នះ​» ​ស្រែ​កថា​«​ឈ្នះ​»... ​ភ្លូក​ទឹក ភ្លូក​ដី​នេះ​... ​កំពុង​ធ្វើ​ឱ្យ​សេដ្ឋី​ថ្មី​ៗ​ខ្លះ​... ​ចង់​«​ភ្នែក​ស​...» ​ម្តង​ៗ​ទៅ​ហើយ ។
បើ​អ្នកមាន​ខ្លះ​ក្នុងស្រុក​«​ភ័យ​» ​ទៅហើយ​... ​តើ​ជះ​ទម្ងន់​ដល់​អ្នក​មក​ពី​ក្រៅ​ដែរ ឬ​អត់ ?​...​ ប្រាកដជា​មាន !!
                      អា​ឡេវ