បុរសពិការម្នាក់ ស្នើសូមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ដោះលែងកូនគាត់ តុលាការចេញដីកា២ តែទោសខុសគ្នា

កោះកុង៖ បុរសពិការ លើកាយសម្បទាម្នាក់ មុំ សុធា មានទីលំនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគីរីសាគរ ខេត្ត កោះកុង បាននិយាយពីប្រព័ន្ធតុលាការ ខេត្តកោះកុង ដែលមានភាពអយុត្តិធម៌ ចំពោះការកាត់ទោស កូនរបស់ គាត់ដោយ បង្គាប់ឲ្យចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៤ ក្រោមបទចោទប្រកាន់ហិង្សា ដោយចេតនានិង ធ្វើឲ្យ ខូចខាតដោយចេតនា ដែលប្រព្រឹត្តនៅភូមិពាំកាយ ឃុំកោះស្តេច ស្រុកគីរីសាគី ខេត្តកោះកុង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣។

លោក មុំ សុធា បាននិយាយថា កាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៤ តំណាងអយ្យការអមសាលាដំបូង ខេត្តកោះកុង លោក ប៊ូ ប៊ុនហាំង បានចេញដីកាលេខ ៩៧៧ អ.យ/១៤ ឲ្យដំណឹងអំពីសេចក្តីសម្រេចរបស់ តុលាការធ្វើនៅ កោះកុង ថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០១៤ ដោយសម្រេចផ្តន្ទាទោសឈ្មោះ មុំ ឌីណា ភេទប្រុស អាយុ២៧ឆ្នាំ កំណត់ ដាក់ពន្ធនាគារ ០៣ឆ្នាំ(បីឆ្នាំ) ព្យូរទោស ពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៣ ហើយបង្គាប់ឲ្យ កូនគាត់ឈ្មោះ មុំ ឌីណាសងប្រាក់ចំនួន ៤.០០០.០០០រៀល (បួនលាន់រៀល) ទៅឲ្យឈ្មោះ ឡាយគុណត្រូវ ជាដើមបណ្តឹង ដែលត្រូវខូចខាតកាំម៉ារ៉ា១គ្រឿង ទូរស័ព្ទដៃ១គ្រឿង ទៅឲ្យម្ចាស់ដើមវិញ។

បុរសពិការម្នាក់នេះ បានបន្តថា ចំពោះសំណុំរឿងកូនគាត់នេះ បានដោះស្រាយគ្នារួចរាល់ហើយ និងមានការ ឯកភាព ភាគី ទាំងសងខាង ប៉ុន្តែនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥កន្លងទៅ ស្រាប់តែមានដីកាបង្គាប់ឲ្យ ចាប់ខ្លួនរបស់អយ្យការអមសាលាដំបូង ខេត្តកោះកុងលេខ ១៧.អយ.១៥ ធ្វើនៅកោះកុង ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ មានត្រានិងហត្ថលេខា តំណាងអយ្យការ ប៊ូ ប៊ុនហាង ព្រះរាជ្ញាទៅចាប់ខ្លួនកូនគាត់ម្តងទៀត ដោយចោទប្រកាន់បទហិង្សា ដោយចេតនានិងធ្វើឲ្យខូចខាត ដោយចេតនាដដែល ហើយត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ០៤ឆ្នាំទៅវិញ។

ហេតុដូច្នេះគាត់មានចម្ងល់និងសូមឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាជួយរកភាពយុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ ផង ព្រោះគ្រួសារគាត់រាល់ថ្ងៃមានភាពក្រីក្រណាស់ តើតុលាការយុត្តិធម៌ចំពោះ ក្រុមគ្រួសារគាត់ដែរអត់ហើយគាត់ បានបញ្ជាក់ថាផ្តន្ទាទោស ដាក់ពន្ធនាគារ៣ឆ្នាំហើយឥឡូវដីការមួយទៀត៤ឆ្នាំ ដោយឥឡូវកូនគាត់នៅក្នុង នៅក្នុងគុក។

យ៉ាងណាក៏ដោយ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរកការបកស្រាយ បាននៅឡើយទេ ពីតំណាងអយ្យការអមសាលាដំបូងខេត្តកោះកុង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥នេះ៕

បុរសពិការម្នាក់ ស្នើសូមរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ ដោះលែងកូនគាត់ តុលាការចេញដីកា២ តែទោសខុសគ្នា