កម្លាំង​នគរបាល​ខេត្តបាត់ដំបង ជាង​៤០០​នាក់ គ្រោង​ដាក់​ការពារ​សន្តិសុខ ក្នុង​ពិធីបុណ្យ​អុំទូក​

បាត់ដំបង​: កម្លាំង​នគរបាល​ខេត្តបាត់ដំបង ជាង​៤០០​នាក់ គ្រោង​នឹងដាក់​ពង្រាយ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ នៅក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក រៀបចំ​នៅ​ខេត្តបាត់ដំបង ដែលមាន​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៦ និង ២៧ ខែតុលា ឆ្នាំ ២០១៥ ខាងមុខនេះ​។​

​កិច្ចប្រជុំ ពង្រឹង​ដាក់​ផែនការ​ដល់ កងកម្លាំង​នគរបាល​ខេត្តបាត់ដំបង បានរៀបចំ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ស្នងការដ្ឋាន​នគរ​បាល ​ខេត្តបាត់ដំបង ប្រព្រឹត្តទៅ​ក្រោម​វត្តមាន លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត​ស្នងការ​នគរបាល​ខេត្តបាត់ដំបង គ្រា​ដែល​ពិធីបុណ្យ​អុំទូក រៀបចំ​នៅ​ខេត្ត​បាត់​ដំបង នៅសល់តែ​រយៈពេល​៣​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នឹង​ឈាន​មកដល់​នោះ​។​

​ពិធីបុណ្យ​អុំទូក ដែល​អាជ្ញាធរខេត្ត​បាត់ដំបង រៀបចំ​ធ្វើឡើង​នៅ​ឆ្នាំនេះ គេ​គ្រោង​និង​មាន​ទូក​អុំ​ជាច្រើន មក​ចូលរួម​ប្រកួតប្រណាំង ដើម្បី​ដណ្តើមយក​ជ័យលាភី និង​ដើម្បី​ជ្រើសរើស​ទូក ជាប់​ចំណាត់ថ្នាក់ ទៅ​ប្រណាំង​នៅ​រាជធានី​ភ្នំពេញ​ទៀតផង​។ ពិធីបុណ្យ​អុំទូក​នោះដែរ ត្រូវគេ​និយាយថា នឹងមាន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​រាប់ម៉ឺន​នាក់ មក​ទស្សនាការ​ប្រណាំង​ទូក និង​មក​ដើរលេង​កំសាន្ត​ដែលមាន​រៀបចំឡើង ការតាំងពិព័រណ៍ និង​សំដែង​សិល្បៈ​កំសាន្ត​ផ្សេងៗ ទៀត​។​

 ថ្លែង​ក្នុង​កិច្ចប្រជុំ​ដាក់​ផែនការ​ការពារ​សន្តិសុខ ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តបាត់ដំបង នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង បាន​ណែនាំ​ដល់ កងកម្លាំង​នគរបាល គ្រប់ផ្នែក​គ្រប់​ជំនាញ ត្រូវការពារ​តាម​គោលដៅ ទទួលខុសត្រូវ​របស់​ខ្លួន​នីមួយៗ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ដើម្បី​ធានា​ឲ្យ​បាន​សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មកលេង​កំសាន្ត ឲ្យ​បាន​ប្រសើរ​ជាទីបំផុត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ ស្នងការ បានលើកឡើង​ទៀតថា មិន​ត្រឹមតែ​ប្រើប្រាស់​កម្លាំង​យាម តា​មក​គោលដៅ​ប៉ុណ្ណោះ​ទេ គឺ​ប្រើប្រាស់​កម្លាំង​ចល័ត ដោយ​ចំហរ និង​សម្ងាត់ ដើម្បី​តាមដាន​រាល់​សកម្មភាព ទប់ស្កាត់​ជនខិលខូច ឆ្លៀតឱកាស​ដែលមាន​មនុស្ស​កកកុញ បន្លំ​លួច ទ្រព្យសម្បត្តិ​សម្ភារៈ និង​គ្រឿងអលង្ការ ប្រជា​ពល​
​រដ្ឋ​ជាដើម​នោះ​។​

 សូមបញ្ជាក់ថា អាជ្ញាធរខេត្ត​បាត់ដំបង នឹង​រៀបចំ​ពិធីបុណ្យ​អុំទូក ប្រារព្ធ​ធ្វើឡើង នៅ​ស្ទឹង​សង្កែ​។ ការរៀបចំ​ពិធីបុណ្យ​អុំទូក នៅ​ខេត្តបាត់ដំបង នៅ​ឆ្នាំនេះ អាជ្ញាធរខេត្ត នឹង​បង្ក​ការកំសាន្ត​ជាច្រើន​ទៀត ក្រៅពី​ការ​ប្រ​ណាំ​ទូក សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត ។ ការរៀបចំ​ពិធីបុណ្យ​អុំទូក​របស់ អាជ្ញាធរខេត្ត​បាត់ដំបង​នោះដែរ ក៏​ត្រូវគេ​និយាយថា ដើម្បី​បង្កើន​សក្តានុពល ទៅលើ​វិស័យ​ទេសចរណ៍ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ខេត្តបាត់ដំបង ដែលជា​ខេត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ទីក្រុង​ស្អាត និង​មាន​រមណីយដ្ឋាន​ទេ​ចរណ៍​ជាច្រើន សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​កំសាន្ត ដើម្បី​បង្កើន​ចំណូល​ថវិកាខេត្ត និង​ប្រជាពលរដ្ឋ ឲ្យ​បាន​មួយកំរិត​ថែមទៀត​នោះ​ផងដែរ​៕V​/S