​ប្រជាពលរដ្ឋ​ជិត ១០០ គ្រួសារ នាំគ្នា​ជីក​ផ្តាច់​ផ្លូវ ដើម្បី​បង្ហូរ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​លិច​ភូមិ ឋាន​របស់​ពួកគាត់​

ស្វាយរៀង: នៅ​ព្រឹក​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ ប្រជាពលរដ្ឋ​ប្រមាណ​ជិត ១០០ គ្រួសារ ដែល មាន​ទីលំនៅ ស្ថិតក្នុង​ភូមិ​តា​ប៉ ឃុំ តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បាននាំគ្នា​យកចប បង្គី ជីក​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ មួយ​ខ្សែ ដែលជា​អំណោយ​របស់ កងវិស្វកម្ម ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង ខណៈដែល​ទឹកភ្លៀង បាន​ជន​លិច​ដីស្រែ​. លំនៅឋាន​របស់​ពួកគាត់ និង​កំពុង​បន្ត​លិច​ផ្លូវលំ​តូចៗ ចូលក្នុង​ភូមិ​ផងដែរ​។​

​បើតាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា​៖ ជំនន់​ទឹកភ្លៀង​នេះ បាន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់ យ៉ាងខ្លាំង​ដល់​លំនៅឋាន របស់​ពួកគាត់ រួមទាំង​កន្លែង​ចិញ្ចឹមសត្វ​ទៀតផង ពុំ​អាច​ឲ្យ​សត្វ​រស់នៅ ក្នុងភូមិ​បាន​ទៀត​ទេ ចាប់តាំងពី​រយៈពេល​មុន​ភ្ជុំបិណ្ឌ​ទៅទៀត​។

​ដោយ​ឃើញ​សភាព​បែបនេះ ពួកគាត់​បាន​ប្រាប់​ទៅ​មេភូមិ មេឃុំ​ផងដែរ ប៉ុន្តែ​តែ​ចុងក្រោយ គឺ​ពុំ​អាចជួយ​អ្វី​បាន​ទាំងអស់ ក្រៅពី​មកឈរ​មើល ហើយ​ចេញ​ទៅវិញ​។ ហើយ​នៅពេល​ថ្មីៗ កន្លងទៅនេះ ពួកគាត់​ក៏​បា​នាំគ្នា​ឡើង មកដល់​សាលាស្រុក​ស្វាយជ្រំ​ទៀត ដើម្បី​ឲ្យ​ខាង​ស្រុក​ជួយ​ដោះស្រាយ ប៉ុន្តែ​ខាង​ស្រុក និយាយថា​៖ លុះត្រា​ណា​មាន​ថវិកា ចាប់ពី ៣០០ ដុល្លារ ទៅ ៣៥០ ដុល្លារ ដើម្បី​ជួល​គ្រឿងចក្រ​មក​ជីក ដើម្បី​ដាក់លូ ទើប​ដូច្នេះហើយ សូម​ឲ្យ​ពួកគាត់ ជួយ​រកលុយ​មក​ទើបបាន​។

​ដោយ​អស់ជម្រើស ទើប​ពួកគាត់ ក៏​នាំគ្នា​ជីក​ផ្តាច់​ផ្លូវ​តែម្តងទៅ ពីព្រោះ​គ្មាន​លុយ ជួល​គ្រឿងចក្រ​ទេ បើ​ពុំ​ដូច្នេះ​ទេ ច្បាស់​ជា​សត្វ​របស់​ពួត​គាត់ គ្មាន​ទី​ជំរក ងាប់​អស់​ជាពុំខាន​។ ម្យ៉ាងទៀត នៅត្រង់​កន្លែង​នោះ កាលពីដើម គឺមាន​លូទឹក​មួយ ដើម្បី​បង្ហូរទឹក​ចូលទៅក្នុង​ព្រែក លុះដល់​ខាង​កងវិស្វកម្ម មក​ធ្វើ​ផ្លូវ​ថ្មី​បាន​ស្អាត​ហើយ បែរជា​លុប​លូទឹក​ចាស់​បាត់ ជាហេតុ​ធ្វើ​ឲ្យ​កើតមាន គ្រោះ​ជំនន់​ទឹកភ្លៀង ជន់​លិច​ភូមិឋាន​របស់ ពួត​គាត់​ទៅវិញ​។​

​លោក សុទ្ធ គឹម​ច័ន្ទ អភិបាលស្រុក​ស្វាយជ្រំ បាន​មានប្រសាសន៍ តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា​៖ រឿងនេះ លោក​បានដឹង​ដែរ ហើយ​លោក​ក៏បាន​អំពាវនាវ ឲ្យ​ប្រជាពលរដ្ឋ ដើម្បី​រក​ថវិកា​ជួល​គ្រឿងចក្រ ដើម្បី​ជីក​ដាក់លូ​បង្ហូរទឹក ប៉ុន្តែ​ប្រជាពលរដ្ឋ គ្មាន​លទ្ធភាព​ទេ​។ ម្យ៉ាងទៀត គ្រឿងចក្រ​របស់​កងវិស្វកម្ម ត្រូវបាន​ដឹកយក​ទៅ​កន្លែង​ផ្សេង​។ ដូច្នេះហើយ​មានតែ​ជួល​ខាង​ឯកជន មក​ជីក​ទេ ហើយ​គេ​យក​តំលៃ ៣០០ ដុល្លារ ទៅ ៣៥០ ដុល្លារ​ឯណោះ​។

​លោក​អភិបាលស្រុក បាន​បន្តទៀតថា​៖ រឿងនេះ លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ ចុះទៅ​ពិនិត្យមើល​បន្តទៀត​។ ហើយ​លោក​អភិបាលស្រុក ផ្តោតទៅលើ​បញ្ហា​ហ្នឹង​ដែរ​ថា​៖ នៅពេល​គេ​កំពុង​ធ្វើ​ផ្លូវ អត់​មាន​នាំគ្នា​មក​តវ៉ា​ទេ លុះដល់​ផ្លូវ​ធ្វើ​ហើយ ទឹក​លិច​ទើប​នាំ​គ្នាមក​តវ៉ា​។

​ដោយឡែក អ្នក​ដែល​ឃើញ​ហេតុការណ៍ នៃ​ការជីក​ផ្តាច់​ផ្លូវ ដើម្បី​បង្ហូរ​ទឹកជំនន់​លិច​នេះ បាន​និយាយថា​៖ អ្នកធ្វើ​ផ្លូវ​បានល្អ​ពេក ប៉ុន្តែ​ឥត​សិក្សា អំពី​ចរន្តទឹក​នោះទេ លុះដល់​ទឹកភ្លៀងលិច​ភូមិ​ប្រជាពលរដ្ឋ ដូច្នេះ​ទើប​ដាក់​បញ្ហា​បាចទឹក​ដាក់គ្នា ទៅវិញ ទៅមក យកតែ​ត្រូវ​រៀងៗខ្លួន​ជាការ​ស្រេច​៕V/S

​ប្រជាពលរដ្ឋ​ជិត ១០០ គ្រួសារ នាំគ្នា​ជីក​ផ្តាច់​ផ្លូវ ដើម្បី​បង្ហូរ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​លិច​ភូមិ ឋាន​របស់​ពួកគាត់​

​ប្រជាពលរដ្ឋ​ជិត ១០០ គ្រួសារ នាំគ្នា​ជីក​ផ្តាច់​ផ្លូវ ដើម្បី​បង្ហូរ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​លិច​ភូមិ ឋាន​របស់​ពួកគាត់​

​ប្រជាពលរដ្ឋ​ជិត ១០០ គ្រួសារ នាំគ្នា​ជីក​ផ្តាច់​ផ្លូវ ដើម្បី​បង្ហូរ​ជំនន់​ទឹកភ្លៀង ដែល​កំពុង​លិច​ភូមិ ឋាន​របស់​ពួកគាត់​