​អ្នកស្រុក​កំពង់​សិលា​ថា គ្មាន​ភ្លើងអគ្គិសនី​ប្រើ​គ្រប់គ្រាន់ ដូច​ការ​អួត​របស់​សាមី​អង្គភាព​នោះទេ​

ព្រះសីហនុ: អ្នកស្រុក​កំពង់​សិលា បាន​និយាយថា ពួកគាត់​គ្មាន​អគ្គិសនីប្រើប្រាស់​គ្រប់គ្រាន់ ដូច​ការ​អួតអាង​របស់​អង្គភាព​មួយ​នេះទៅប្រាប់​ថ្នាក់លើ​នោះទេ​។ មួយថ្ងៃៗ ងាក​ដាច់​ភ្លើងៗ ធ្វើ​ឲ្យ​មានការ​ប៉ះពាល់ដល់​ការរស់នៅ និង​មុខរបរសិប្បកម្ម ឩ​ស្សា​ហ​កម្ម​ខ្នាតតូចៗ របស់​ពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​។​
            
​ប្រភព​ដដែល បាន​បន្តថា មួយថ្ងៃដាច់​ភ្លើង​ជិត​១០​ម៉ោង ជួនកាល​៣​ថ្ងៃ ក៏មានដែរ ប៉ុន្តែ​រឿង​ថ្លៃ​សេវា​ប្រចាំខែ​វិញ មិន​ឲ្យ​លើស​១​ថ្ងៃ និង​មិនមាន​ការថយចុះ​ប៉ុន្មាន​ដែរ ដូច​ពាក្យចាស់​តំណាល​ថា ក្រ​ហើយ​ចាយ​ធំ​ទៀត​។​
            
​ប្រភព​ដដែល បាន​បន្តថា អង្គភាព​អគ្គិសនី មិនបាន​ផ្តល់​សេវាប្រើប្រាស់​ចរន្តអគ្គិសនី ដល់​ពលរដ្ឋ នៅតាម​តំបន់​ជនបទគ្រប់​ចំនួន ដូច​ក្នុង​របាយការណ៍ ទៅ​ថ្នាក់លើ​នោះទេ  ហេតុនេះ​ស្នើសុំ​ឲ្យ​អគ្គិសនី​កម្ពុជាមេត្តា​ពិនិត្យឡើងវិញ​ផង​។​
             
​មន្ត្រី​សាលាស្រុក​កំពង់​សិលា​ម្នាក់ សុំ​មិន​ប្រាប់​ឈ្មោះ បាន​រអ៊ូរទាំ​ថា ពិតជា​ពិបាកធ្វើ​ការងារ​ណាស់រាល់ថ្ងៃ ព្រោះ​ពេលនេះ ជា​សម័យជឿនលឿន អ្វីៗ​ពឹង​លើ​អគ្គិសនី​ទាំងអស់ បើ​ដូច​សម័យមុនប្រើ​ម៉ាស៊ីន​អង្គុលីលេខ វា​ស្រួល​ជាង​។​
             
​មន្ត្រី​ដដែល បាន​សំណូមពរ​ដល់អង្គភាព​អគ្គិសនី ឲ្យ​ពិនិត្យឡើងវិញ​ផង បើ​មានការ​ដាក់ពង្រាយបង្គោល​និង​ខ្សែ​ដល់​ទីណា សុំ​ឲ្យ​មាន​ភ្លើង​ដល់ទី​នោះគ្រប់គ្រាន់​ផង ដើម្បី​បញ្ចៀស​នូវ​ការរិះគន់​របស់​រាស្ត្រ​៕V​/S