ការបង្ក្រាប​បទល្មើស​នេសាទ​នៅ​ខេត្តពោធិ៍សាត់ គ្រាន់តែ​ជា​រឿង​លេងសើច

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​បាកាន និង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​នៅ​តំបន់​ជាប់​បឹង​ទន្លេសាប​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​នោះទេ​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុងស្រុក​ទាំងពីរ​ខាងលើ បាន​លើកឡើងថា​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ធ្វើ​បានតែ​ចំពោះ​ជនល្មើស​តូចតាច​តែប៉ុណ្ណោះ ចំណែក​ជនល្មើស​ធំៗ​ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ គឺ​គេច​ផុតពី​ការបង្ក្រាប​រហូត​។ អាច​និយាយបានថា ការបង្ក្រាប​បទល្មើស​នេសាទ​ជា​បន្តបន្ទាប់​កន្លងទៅនេះ គឺជា​រឿង​លេងសើច​ហើយ​នៅតែ​បំផុត​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល​។

​កាលពី​ថ្ងៃទី​២១​និង​២២ ខែតុលា ឆ្នាំ​២០១៥ កម្លាំងចម្រុះ​ប្រមាណ​២០​នាក់​រួមមាន មន្ត្រីរដ្ឋបាល​ជលផល​ផ្នែក​រាំង​ទឹល សង្កាត់រដ្ឋបាល​ជលផល​បាកាន កងរាជអាវុធហត្ថ យោធា​សឹក​រង សហគមន៍​នេសាទ បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​បាកាន ហើយ​បំផ្លាញ​វត្ថុតាង​ចោល​នៅនឹងកន្លែង​តែម្ដង​។ វត្ថុតាង​ដែល​រឹបអូស​បាន​ពី​ក្រុម​ជនល្មើស​នៅក្នុង​បឹង​ទន្លេសាប​ភូមិ​ដី​រនាត និង​ភូមិ​ព្រែក​ក្រ ឃុំ​មេទឹក រួមមាន ប​ចំនួន​៦​ខ្សែ មាន​ប្រវែង​៩០០​ម៉ែត្រ បង្គោល​ចម្រឹង​៣៣០​ដើម និង​ឧបករណ៍​ជាច្រើន​ទៀត ហើយ​លែង​ត្រី​៧០​គីឡូក្រាម ចូល​ទន្លេសាប​វិញ​ផងដែរ​។

ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាកាន គ្មាន​ជំនឿ​លើ​វិធានការ​របស់​សមត្ថកិច្ច​ចម្រុះ ក្នុងការ​បង្ក្រាប​បទល្មើស​នេសាទ​នោះទេ ព្រោះ​ការបង្ក្រាប​នោះ​ទទួលបាន​លទ្ធផល​តិចតួច​ក្នុងខណៈដែល​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ដូច្នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តពោធិ៍សាត់ ពុំមាន​ការថយចុះ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា ក្រុម​ជនល្មើស​ដែល​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពុករលួយ អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ស្រេច​តែ​អំពើ​ចិត្ត ហើយ​សមត្ថកិច្ច​បង្ក្រាប​តែ​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​យ៉ាង​ក្រអឺតក្រទម​៕

IMG_16521 IMG_6908