នគរបាល​សណ្ដាប់ធ្នាប់​បង្ក​ភាពអនាធិបតេយ្យ​ពេញ​ក្រុង​សៀមរាប

ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​សៀមរាប បាន​អំពាវនាវ​ឲ្យ​លោក សត ណា​ឌី ជា​ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​កាត់បន្ថយ​អំពើអាក្រក់​របស់​កូនចៅ​ក្រោម​ឱវាទ​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ការអំពាវនាវ​បែបនេះ​បាន​កើតឡើង​ក្រោយពេល​ប្រជាពលរដ្ឋ​កត់សម្គាល់ថា នគរបាល​សណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដើរ​ប្រមូល​លុយ​ពី​ក្រុម​អ្នកលក់ដូរ​តាម​ចិញ្ចើមថ្នល់ ជុំវិញ​ផ្សារ​ចាស់​យ៉ាង​អនាធិបតេយ្យ​។ ប្រសិនបើ​អ្នកលក់ដូរ​ណា​មិន​បង់លុយ​ទេនោះ គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​លក់ដូរ​នៅតាម​ចិញ្ចើមថ្នល់​ទៀតឡើយ​។

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ផ្លូវ​នៅ​ផ្សារ​ចាស់​ត្រូវ​កក់​ស្ទះចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់ ព្រោះ​មាន​អ្នកលក់ដូរ​តាម​ចិញ្ចើមថ្នល់​យ៉ាង​កកកុញ​។ ជាពិសេស​ការជាប់​ឡាន​និង​ម៉ូតូ​អត់​សណ្ដាប់ធ្នាប់​ពេញ​ដងផ្លូវ​ជុំវិញ​ផ្សារ​ចាស់ គឺជា​មូលហេតុ​នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍ ហើយ​មន្ត្រីនគរបាល​ស​ណ្ដា​ប់​ធ្នាប់​គិតតែ​រឿង​ប្រមូល​លុយ​តែប៉ុណ្ណោះ​។ មន្ត្រីនគរបាល​សណ្ដាប់​ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មិន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​នោះទេ គឺ​គិតតែ​ពី​រឿង​ស្វែងរក​ផលប្រយោជន៍ ហើយ​ការដើរ​ប្រមូល​លុយ​ពី​អ្នកលក់ដូរ​តាម​ចិញ្ចើមថ្នល់ មិនត្រូវ​បាន​គេ​បញ្ចូល​ទៅក្នុង​ថវិការដ្ឋ​ឡើយ​។

នៅក្នុង​ក្រុង​សៀមរាប​នោះដែរ បទល្មើស​ផ្សេងៗ​កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​ដូចជា ល្បែងស៊ីសង គ្រឿងញៀន និង​អំពើចោរកម្ម​ជាដើម​។ លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ ហើយ​បណ្ដោយ​ឲ្យ​កូនចៅ​ក្រោម​ឱវាទ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ជាក់ស្ដែង​ករណី​នគរបាល​សណ្ដាប់ធ្នាប់​ជំរិត​យកលុយ​ពី​អ្នកលក់ដូរ​តាម​ចិញ្ចើមថ្នល់ ជុំវិញ​ផ្សារ​ចាស់​បែរជា​លោក សត ណា​ឌី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ដោយ​ទុក​ឲ្យ​ភាពអនាធិបតេយ្យ​រាលដាល​កាន់តែខ្លាំង​ឡើងៗ​៕

sort_NaDI1លោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប