China Airlines ទាមទារ​ប្រាក់ ៣៣ ០០០ ដុល្លារ​ពី​ស្ត្រី​ដែល​បាន​សម្រាលកូន​ក្នុង​យន្តហោះ​របស់ខ្លួន

ស្ត្រី​ជនជាតិ​តៃវ៉ាន់​ម្នាក់​ដែល​បាន​សម្រាលកូន​ក្នុង​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Airlines ត្រូវ​ក្រុមហ៊ុន​នេះ​ទាមទារ​ប្រាក់​សងជំងឺចិត្ត​ចំនួន ៣៣ ០០០ ដុល្លារ ដោយសារ​យន្តហោះ​របស់​ខ្លួន​ត្រូវ​ធ្វើការ​ចុះចត​ជាបន្ទាន់។

រឿងហេតុ​បានកើត​ឡើង​នៅ​ថ្ងៃទី ៧ តុលា​កន្លងទៅថ្មីៗនេះ នៅពេលដែល​ស្ត្រី​រូបនេះ​បាន​ជិះ​ជើងហោះហើរ​ពី​ទីក្រុង​តៃប៉ិ ឆ្ពោះទៅកាន់​ទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ក្រោយពី​ធ្វើដំណើរ​បាន ៦ ម៉ោង ទារក​ក៏បាន​ចាប់កំណើត​ក្នុង​យន្តហោះ។ បន្ទាប់មក​យន្តហោះ​ត្រូវ​ធ្វើការ​ចុះចត​ជាបន្ទាន់​នៅ​ទីក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក រយៈពេល ៣ ម៉ោង។ ព្រឹត្តិការណ៍​ដ៏​គួរ​ឲ្យ​រីករាយ​នៃ​ការចាប់​កំណើត​របស់​ទា​រក​នេះ​ត្រូវបាន​គេ​ថត និង​ផ្សព្វផ្សាយ​តាម​គេហទំព័រ YouTube ។

ប៉ុន្តែ ក្រោយមក បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន China Post ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បានធ្វើ​ការប្តឹង​ស្ត្រី​ដែល​បាន​សម្រាលកូន​ក្នុង​យន្តហោះ​របស់ខ្លួន ដោយហេតុថា ស្ត្រី​រូបនេះ​បាន​ប្រាប់​ក្រុមហ៊ុន​ថា នាង​មាន​ផ្ទៃពោះ​ចំនួន ៣២ សប្តាហ៍ តែ​តាម​ការពិត ទារក​ក្នុង​ផ្ទៃ​នោះ​មាន​អាយុ ៣៦ សប្តាហ៍​ទៅហើយ។ ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​ចៀសវាង​ទទួលយក​ស្ត្រី​អ្នកដំណើរ​មាន​ផ្ទៃពោះ​ជិត​ដល់ពេល​សម្រាលកូន​ណាស់ ដើម្បី​បង្ការ​ការ​សម្រាលកូន​ដោយ​ចៃដន្យ។

បណ្តាញ​ព័ត៌មាន​របស់​តៃវ៉ាន់​បាន​រិះគន់​ស្ត្រី​វ័យក្មេង​ជា​ម្តាយ​របស់​ទារក ដោយ​ចោទប្រកាន់ថា នាង​មានបំណង​ជិះ​យន្តហោះ​ទៅ​សហរដ្ឋអាមេរិក ដើម្បី​សម្រាលកូន​នៅ​ទីនោះ ហើយ​កូន​របស់​នាង​នឹង​អាច​ទទួលបាន​សញ្ជាតិ​អាមេរិកាំង​ជា​ស្វ័យប្រវត្តិ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​