ជីវិត​នាង ភ​.​ព​. រងកម្ម​ត្រូវ​ប្តី​ធ្វើបាប​

Sanofi

​រឿងរ៉ាវ​ស្នេហា​ប្តី​ប្រពន្ធ​របស់​គ្រួសារ​នីមួយៗ​រមែង​មាន​ភាព​ល្វីង​ជូរចត់​រកាំរកូស​នឹង​គ្នា​ជាក់​ជាមិនខាន មិន​ខុស​អី​ពី​ពាក្យចាស់​ថា «​ចាន​ក្នុង​រាវ​លែង​អី​នឹង​រណ្តំ​អណ្តាត​និង ធ្មេញ​លែង​អី​ដែល​មិន​ប៉ះគ្នា​នោះ​!» ប៉ុន្តែ​វា​អាស្រ័យ​លើ​មនុស្ស​ម្នាក់ៗ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទៅវិញទៅមក ដោយ​ធ្វើ​រឿង​ធំ​ឱ្យក្លាយ​ទៅជា​រឿង​តូច ធ្វើ​រឿង​តូច​ឱ្យ​ក្លាយទៅជា​អត់​មានរឿង ទើប​ជីវិត​រស់នៅក្នុង​គ្រួសារ​មាន​សុភមង្គល ហើយ​បានរស់នៅ​ជាមួយគ្នា​យូរអង្វែង​រហូតដល់​ចាស់ព្រឹទ្ធចាស់ព្រេង ។ ផ្ទុយ​ទៅ វិញ​សម្រាប់​គ្រួសារ​របស់​នាង ភ​. ព​. វិញ ជីវិត​រស់នៅ​របស់គាត់​មិនដែល​ស្គាល់​ថា​អ្វី​ទៅជា​សុភមង្គល​ក្នុង​គ្រួសារ​ឡើយ គឺ​ជីវិត​រស់នៅ​របស់គាត់​ស្គាល់​តែ​អពមង្គល​មិនដែល​ស្គាល់​ភាពសប្បាយ​រីករាយ​ក្នុង​គ្រួសារ​ម្តងណា​ឡើយ ។


នាង ភ​.​ព​. មាន​អាយុ ៤១ ឆ្នាំ បច្ចុប្បន្ន​រស់នៅក្នុង​ភូមិ​តា​ហេ​ល​«​ខ​» ឃុំ​រា​ធរ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ គ្រួសារ​មួយ​នេះ​ថ្វីដ្បិតតែ​មើល​ពី​សម្បក​ក្រៅ​មាន​ជីវភាព​មធ្យម​ក៏ពិតមែន តែ​គ្រួសារ​មួយ​នេះ​ត្រូវបាន​អ្នកផង​ទាំងឡាយ​ក៏ដូចជា​មេភូមិ បាន​និយាយថា មិនសូវមាន​សុភមង្គល​នោះទេ ដោយសារ​ប្តី​ចេះតែ​រករឿង​វាយដំ​ប្រពន្ធ​ជាំ​ស្នាម​ពេញ​ខ្លួន​ស្ទើរ​រាល់ថ្ងៃ​ដោយសារតែ​រឿង​ប្រចណ្ឌ និង យក​ស្រា​ធ្វើជា​ត្រីមុខ​ប្រព្រឹត្ត​អបាយ​ផ្សេងៗ ។ បន្ទាប់ពី​ធ្វើបាប​ប្រពន្ធ​កូន​ហើយ ប្តី​កំហូច​រូបនេះ​បាន​រត់​ចោលផ្ទះ​ជា​ញឹកញាប់ តែ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​លោក​ប្តី​ដែល​ពូកែ​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​កូន​នោះ​ក៏​វិល​វិញ ហើយ​បាន​អុជ​ធូប​ស្បថស្បែរ​នៅមុខ​អាសនៈ​សន្យាថា «​នឹង​ឈប់​ធ្វើបាប​ប្រពន្ធ​កូន​ទៀតហើយ​!» តែ​ការសន្យា​ទាំងនោះ​មិនដឹងថា​អាច​បាន​ប៉ុន្មាន​ថ្ងៃ​នោះទេ ។​

​ចង្អុលបង្ហាញ​ស្នាម​ជាំ​របួស​ជើង និង យកដៃ​ទះ​ទ្រូង​ឆ្អែត​ចិត្ត​នឹកឃើញ​គ្រា​ដែល​ប្តី​ធ្វើបាប តែ​ចិត្ត​មិន​ដាច់​អាល័យ​ដោយសារតែ​ចំណង​គឺ​កូនចៅ​នេះ នាង ភ​.​ព​. ក៏បាន​រៀបរាប់​ប្រាប់​ឱ្យដឹងពី​ប្រវត្តិ​ស្នេហា​របស់គាត់ និង ប្តី​កំណាច​រូបនេះ​ថា ពួកគាត់​ទាំងពីរ​នាក់​បាន​រៀបការ​ជាមួយគ្នា​នៅ​ឆ្នាំ ១៩៨៧ រហូតមកដល់​ពេលនេះ​គាត់​មានកូន​ចំនួន ៣ នាក់​ហើយ ស្រី ១ ប្រុស ២ ។ ដក​ដង្ហើមធំ​បន្តិច​ហើយ​បន្តថា គាត់​មិន​ចង់យក​រឿងរ៉ាវ​ក្នុង​គ្រួសារ​និយាយ​ឱ្យ​អ្នកណា​ដឹង​នោះទេ តែ​វា​ទប់ចិត្ត​លែង​បាន​ហើយ ព្រោះ​នៅ​ជុំវិញ​គាត់​អ្នកណា​ក៏​ដឹង​ដែរ​ថា ប្តី​គាត់​ធ្វើបាប​ប្រពន្ធ​កូន​យ៉ាងណា​នោះ ។​ ចាប់តាំងពី​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​មក​នៅក្នុង​គ្រួសារ​របស់គាត់​គឺមាន​សុភមង្គល​តិចតួច​ណាស់ ដោយសារតែ​ប្តី​របស់គាត់​ជា​មនុ​ស្សញៀន​ស្រា ព្រលឹម​ឡើង​ចេញទៅ​បាត់ ព្រលប់​ចូល​ស្រវឹង​ជោកៗ រករឿង​វាយដំ​មកលើ​រូបគាត់ និង កូន ។


កូនៗ​គ្រាន់តែ​ឃើញ​ឪពុក​ស្រវឹងស្រា ម្នាក់ៗ​ញ័រ​ដូច​កូន​សត្វ​ត្រូវ​ទឹក​អ៊ីចឹង ។ លើសពីនេះទៅទៀត​នៅ​លួចលាក់​មាន​ស្រី​ថ្មី​ទៀត ទើបបានជា​ចេះតែ​ធ្វើបាប​ប្រពន្ធ និង កូន​បែបនេះ ។ នាង ភ​.​ព​. ក៏បាន​រៀបរាប់​បន្តទៀតថា ប្តី​របស់គាត់​ក្នុង​មួយខែៗ​ធ្វើបាប​គាត់​មិនតិចជាង ៤ ទៅ ៥ ដងនោះ​ទេ ។ ពេលខ្លះ​ក៏​រត់​ឱ្យ​អ្នកភូមិផង​ជួយ​ទាន់​ក៏​រួច​ផុតពី​ការវាយដំ​ទៅ​ពេលខ្លះ​រត់​មិនទាន់​ក៏ត្រូវ​ប្តី​កំណាច​វាយ​សន្លប់​ទៅ ។ នៅពេល​វាយ​ធ្វើបាប​គាត់​ម្តងៗ ប្តី​កំហូច​រូបនោះ​ក៏រ​ត់ទៅ​បាត់ ៤ ទៅ ៥ ថ្ងៃ មិនដឹង​ជា​ទៅណា​នោះទេ ។ ដោយសារតែ​អត់ទ្រាំ​នឹង​ប្តី​លែង​បាន​នោះ គាត់​ក៏បាន​ដាក់ពាក្យ​ប្តឹងទៅ​មេភូមិ ឃុំ និង សមត្ថកិច្ច​ជា​ញឹកញាប់​ដែរ ពេល​ប៉ូលិស​ហៅ​ទៅ​សួរនាំ​សុទ្ធតែ​សារភាព​ទទួលកំហុស និង សន្យាថា​ឈប់​ធ្វើបាប​ប្រពន្ធ​កូន​ទៀតហើយ រាង​ហើយ​ពេល​ត្រឡប់មក​ដល់ផ្ទះ​មិនបាន​មួយ​សប្តាហ៍​ផង​ក៏​ចាប់ផ្តើម​ធ្វើបាប​ប្រពន្ធ​កូន​ទៀត ។​

ស្ត្រី​ដែល​ទទួលរង​នូវ​អំពើហិង្សា​ដោយសារ​ប្តី​ធ្វើបាប​ស្ទើរតែ​គ្មាន​លស់​ពេលនេះ​បាន​និយាយ​គួរ​ឲ្យ​អាណិត​ថា គាត់​ដូចជា​មានកម្ម​ពៀរ​ជាមួយ​ប្តី​ខ្លាំងណាស់ មិន​ដូចជា​ភរិយា​គេ​ដទៃ​នោះឡើយ ការរស់នៅ​របស់​ពួកគេ​មាន​សេចក្តីសុខ និង សុភមង្គល​ណាស់ មិនដែល​ឈ្លោះប្រកែក​គ្នា​ឡើយ ។ តើ​ស្រី្ត​ជា​ភរិយា​ណា​ដែល​មិន​ចង់បាន​ជីវិត​រស់នៅក្នុង​គ្រួសារ​មាន​សុភមង្គល​នោះ ? កាលពី​ជិត​មួយខែ​កន្លងមកនេះ ប្តី​របស់គាត់​បាន​វាយដំ​គាត់​ឱ្យ​របួសស្នាម​ពេញ​ខ្លួន ហើយរ​ត់ទៅ​បាត់​ទើបតែ​ចូលមក​ផ្ទះ​វិញ មក​អុជ​ធូប​ស្បថស្បែ​ថា «​ឈប់​ធ្វើបាប​មកលើ​រូបគាត់ និង កូនៗ​ទៀតហើយ​!» តែ​មិនដឹងថា​ប្តី​ធ្វើបាន​តាម​ការ​ស្បថស្បែ​ឬ​អត់​នោះទេ បើ​ធ្វើបាន​មិនដឹង​ជា​គាត់ ក៏ដូចជា​កូនៗ​សប្បាយចិត្ត​យ៉ាងណា​នោះទេ ។​


​លោក ម៉ុង ថ្លឹង ជា​ប្រធានភូមិ​បានឱ្យដឹងថា គ្រួសារ​មួយ​នេះ​មួយ​សប្តាហ៍​ឈ្លោះប្រកែក​វាយដំ​ប្រពន្ធ ៣ ទៅ ៤ ដង មិនបាន​សុខ​ដូច​គ្រួសារ​ផ្សេងៗ​ឡើយ ។ ក្នុងនាម​គាត់​ជា​មេភូមិ​តែងតែ​ហៅ​ប្តី​ទៅ​អប់​រំជា​ញឹកញាប់​ដែរ តែ​ពេល​មកវិញ​ដដែល ហើយ​ជិត​មួយខែ​មុននេះ​គេ​បាន​វាយ​ធ្វើបាប​ប្រពន្ធ​ស្ទើរ​ស្លាប់​ស្ទើរ​រស់ រត់ចោល​ផ្ទះ​បាត់​ទើបតែ​ត្រឡប់មកវិញ​ទេ ដូច្នេះ​ក្នុងនាម​គាត់​ជា​មេភូមិ​ខ្លាច​តែ​នៅ​ថ្ងៃមុខ​អំពើហិង្សា​នេះ​ក្លាយជា​អំពើហិង្សា​ធំ​នោះទេ សង្ឃឹមថា ប្តី​រូបនេះ​ចេះ​កែខ្លួន​តាម​ការអប់រំរ​បស់​គាត់ និង សមត្ថកិច្ច​ទៅ​ចុះ ។​ ពិតណាស់ថា ជាធម្មតា​ស្ត្រី​ជា​ភរិយា​គ្រប់រូប កាលណា​មាន​ប្តី ដែល​ប្រកបទៅដោយ​គន្លង​ធម៌ ចេះ​ជួយ​ធ្វើ​ការងារ​រកស៊ី​ប្រពន្ធ​កូន ភរិយា​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់ ។ ផ្ទុយទៅវិញ បើ​បាន​ប្តី​មិន​សមប្រកប​តាម​កន្លង​ធម៌​វិញ​នោះ គឺ​ថ្ងៃ​ណា​ក៏​ទឹកភ្នែក​ជូត​ក្បាលជង្គង់​ដែរ មិន​ខុស​អី​ពី​ស្រី្ត​ជា​ភរិយា​ឈ្មោះ ភ​.​ព​. នេះឡើយ​ ៕​ ​រ័ត្ន​





Related