បាត់​មួយ​យប់ ព្រឹក​ឡើង​ទើប​ប្រទះឃើញ​លង់ទឹក​ស្លាប់​

ភ្នំពេញ: ប្រទះឃើញ​សព យុវជន មាន​សតិ​មិន​ប្រក្រតី​ម្នាក់ នៅក្នុង​បឹង កាលពី​ព្រឹក ថ្ងៃទី​២៤ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ស្រែអំពិល សង្កាត់​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យបន្ទាប់ពី​បាត់​ខ្លួន​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ ម្សិលមិញ​។​

​ស្ត្រី​ឈ្មោះ ចាន់ អេង អាយុ​៥០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ មានមុខរ​បរដក​ព្រលិត​លក់ ត្រូវជាម្តាយ​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កូន​របស់គាត់​ឈ្មោះ សំណាង ហៅ​ប៉ូ​ឡូអាយុ​១៨​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី (​មិន​គ្រប់ទឹក​) ។​

​លោក ខុន វ៉ាន់​នី អាយុ​៥២​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​ម្តុំ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថាមុនពេល​កើតហេតុ គាត់​បានឃើញ​ជនរងគ្រោះ​កាន់​ស្រាថ្នាំ​១​ដប បាយ​១​កញ្ចប់សម្លរ​១​ថង់ មក​អង្គុយ​ស៊ីផឹក​ម្នាក់ឯង ខណៈ​ផឹក​បាន​បន្តិច​ក៏​ងើប​ដើរ​សំដៅទៅមាត់ទឹក ក៏​ស្រែក​សួរថា ឯង​ទៅណា ជនរងគ្រោះ​ក៏​ឆ្លើយថា​ទៅ​នោម តែដោយ​បាត់​យូរពេក​គាត់​ក៏​ស្រែកហៅ តែ​មិនឮ​តប​ក៏​ដើរទៅ​រកមើល​ស្រាប់តែប្រទះឃើញ​ខោអាវ និង​ស្បែកជើង​ជនរងគ្រោះ​នៅ​មាត់ទឹក ពេលនោះ​គាត់ភ័យ​ណាស់​ក៏​រត់​មក​យក​ម៉ូតូ​ជិះ​ទៅប្រាប់​អ្នកភូមិ​ឲ្យ​ដឹង និង​មកជួយ​រាវរកជនរងគ្រោះ​ទាំងអស់គ្នា តែ​រហូតមក​ដល់ពេលនេះ​ម៉ោង​ជិត​៨​ទៅហើយ​នៅមិនទាន់​រកឃើញ​នៅឡើយ​ទេ​។​

​លុះ​មកដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ទើប​ប្រជាពលរដ្ឋ​នាំគ្នា​មករា​វ​ម្តងទៀត​ទើបប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ និង​រាយការណ៍​ទៅ​សម​ត្ត​កិច្ច​ចុះពិនិត្យ​ជាក់​ស្តែក​ថា​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ទើបប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​