សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​ខេត្តពោធិ៍សាត់ នៅតែ​រាលដាល​ដោយ​គ្មាន​ការទប់ស្កាត់​

​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឲ្យ​ស្របទៅតាម​បទបញ្ជា​លេខ​០០២​របស់​រដ្ឋាភិបាល​នោះទេ​។ ផ្ទុយទៅវិញ​លោក ម៉ៅ ធនិន និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ត្រូវគេ​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ ទើប​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ មិនតែប៉ុណ្ណោះ​មាន​មន្ត្រី​យោធា​២​នាក់​បាន​យក លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ជា​ខ្នងបង្អែក​ក្នុងការ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​ទៀតផង​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ដោយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​តាម​ម៉ូតូ គោយន្ត​កែច្នៃ រទេះគោ និង​រថយន្ត​គ្រប់​ប្រភេទ​នៅពេល​យប់​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​ស្រុក​ក្រគរ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ឡើយ ហើយ​ពួកគេ​បែរជា​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ឈើ ដើម្បី​ផលប្រយោជន៍​ទៅវិញ​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​នៅ​តំបន់​ក្សេត្រ​បុរី ព្រ​ងឹល មាន​កម្លាំង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​បង្កើត​កុងត្រូលជជុះ​ចាំ​យកលុយ​ពី​ម៉ូតូ រទេះគោ គោយន្ត​ច្នៃ និង​រថយន្ត​ដឹកឈើ​យកលុយ​យ៉ាង​សុខ​ស្រួល ដោយ​ពួកគេ​មិន​បង្ក្រាប​បទល្មើស​ឡើយ​។ ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ជាច្រើន​គ្រឿង​ដឹកឈើ​ចេញពី​ភូមិសាស្ត្រ​ក្សេត្រ​បុរី ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ឆ្លងកាត់​ផ្លូវ​ក្រុមហ៊ុន​ចិន​ឆ្ពោះទៅ​ស្រុក​ក្រគរ ឡើងទៅ​លើផ្លូវ​ជាតិ​លេខ​៥ ដូច្នេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រមូល​លុយ​បាន​មិនតិច​ឡើយ​។ បញ្ហា​នេះ​លោក ឆេង គឹម​សុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តពោធិ៍សាត់ ជាបន្ទាន់​ព្រោះ​ពួកគេ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​រាលដាល​យ៉ាង​អនាធិបតេយ្យ មិន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​៕

Hong-0571 Hong-0569 Hong-0570