ប្រជា​នេសាទ​ចាប់​បាន​ចោរ​សមុទ្រ​ ៣​នាក់ ខណៈ​ជិះទូក​មក​ លួច​ក្តាម​ទាំង​យប់

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្រជា​នេសាទ​ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ ព័ទ្ធ​ចាប់​ជនសង្ស័យ​ ៣​នាក់ (​ចោរ​សមុទ្រ​) ខណៈ​កំពុង​ ធ្វើ​សកម្មភាព​ជិះទូក​ មក​លួច​អូស​យក​ក្តាម​ របស់​ប្រជា​នេសាទ​ ដែល​ខំ​រកបាន កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​ ២៤ តុលា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ។

ប្រភព​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដោយ​ត្រូវ​ បាន​ចាប់​ប្រគល់​ទៅ​ឱ្យ​ខាង​ នគរបាល​ដែនទឹក ដើម្បី​ចាត់ការ​តាម​ ផ្លូវច្បាប់ ។

ប្រភព​ពី​អ្នកនេសាទ​ម្នាក់​បានឱ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ​នោះ គាត់​បានឃើញ​ជន សង្ស័យ​ជិះទូក​មក​ លួច​ក្តាម ពេល​នោះ​រូប​ គាត់​ក៏​ទូរស័ព្ទ​ហៅ​ គ្នីគ្នា​ដែល​ជា​អ្នកនេសាទ​ ដូច​គ្នា ជិះទូក​២០​ គ្រឿង​មក​ក​ន្លែ​កើតហេតុ ធ្វើការ​ព័ទ្ធ​ចាប់​ទូក​របស់​ជន សង្ស័យ​ខាងលើ ទើប​ក្របួច​ជាប់​ ទាំង​៣​នាក់​តែ​ម្តង ។

អ្នកនេសាទ​នោះ​បន្ត​ថា កន្លង​មក​ពួក​គាត់​តែងតែ​បាត់​ក្តាម​អស់​រាប់​ពាន់​ក្តាម​មក​ហើយ ហើយ​ក៏​បាន​ ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ដែរ តែ​មិន​ដែល​ ឃើញ​ចាប់​បាន​នោះ​ទេ ទើប​ថ្ងៃនេះ ពួក​គាត់​ព័ទ្ធ​ចាប់​ដោយ​ ខ្លួនឯង​តែ​ម្តង ។ បច្ចុប្បន្ន ក្រុម​ប្រជា​នេសាទ​ជាង​ ១០០​នាក់ កំពុង​រង់ចាំ​ការ​កាត់ទោស​ របស់​ខាង​អាជ្ញាធរ​ផង​ដែរ ។

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត