ផ្លាស់ប្ដូរ​ស្នងការ​នគរបាល​ហើយ ក៏​បទល្មើស​ផ្សេងៗ​នៅតែ​កើតមាន​ដដែល​ក្នុង​ខេត្តកំពត

​ការដកហូត​លោក ថ្លាង ភិរិន្ទ ចេញពី​តំណែង​ស្នងការ​នគរបាល​ខេត្តកំពត ហើយ​ដាក់​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ជំនួស​វិញ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សង្ឃឹមថា សន្តិសុខ​សង្គម​ក្នុង​ខេត្ត​នេះ​អាចមាន​ភាពល្អប្រសើរ​ជាង​មុន​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បទល្មើស​ផ្សេងៗ​ក្នុង​ខេត្តកំពត​ដូចជា ល្បែងស៊ីសង អំពើចោរកម្ម និង​គ្រឿងញៀន​ជាដើម នៅតែ​បន្ត​កើតមាន​គួរ​ឲ្យ​ព្រួយបារម្ភ​ដូច​មុន​ដដែល​។ ប្រការនេះ​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម ដើម្បី​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​និង​បទបញ្ជា​របស់លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។

កាលពី​ថ្ងៃទី​២២​និង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​ខេត្តកំពត បាន​ចាត់វិធានការ​បង្ក្រាប​គ្រឿង​ញៀន​៣​ករណី ដោយ​ឃាត់ខ្លួន​ក្រុម​អ្នកជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​៧​នាក់ ព្រមទាំង​វត្ថុតាង​មួយចំនួន​។ ករណី​ទី​១ គឺ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ​តា​កុក ឃុំ​តានី ស្រុក​អង្គរជ័យ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី យប់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រឹបអូស​គ្រឿងញៀន​១៩​កញ្ចប់​តូច ទម្ងន់​២៩,២៩​ក្រាម កាំភ្លើងខ្លី​ម៉ាក​កា​៥៤​មួយ​ដើម​មាន​៧​គ្រាប់ ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត​។

ករណី​ទី​២ គឺ​បង្ក្រាប​បទល្មើស​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ឃុំ​ដើម​ដូង ស្រុក​អង្គរជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ រឹបអូស​គ្រឿងញៀន​ម្សៅ​ក្រាម​ពណ៌​ស​៦​កញ្ចប់​តូច អាវុធ​ច្នៃ​២​ដើម ព្រមទាំង​វត្ថុតាង​ជាច្រើន​ទៀត​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥​។ ករណី​ទី​៣ គឺ​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ខ្មោច​ចោរ ភូមិ​អណ្ដូង​ខ្មែរ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ឃាត់ខ្លួន​ជនសង្ស័យ​ពីរ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​៦​កញ្ចប់​តូច​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ជុំវិញ​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ក្រោយពេល​ផ្លាស់ប្ដូរ​តំណែង​ស្នងការ​នគរបាល​ខេត្តកំពត​រួចមក បទល្មើស​ផ្សេងៗ​នៅតែ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​ដដែល​៕

Hong-0582 Hong-0583