អាជ្ញាធរខេត្ត​មណ្ឌលគិរី​បណ្តែតបណ្តោយ​ឲ្យ​មាន​ទីតាំង​រ៉ែ​មាស​អនាធិបតេយ្យ​នៅ​ស្រុក​ពេ​ជ្រា​ដា

​ប្រជាពលរដ្ឋ​ស្រុក​ពេ​ជ្រា​ដា​បាន​រាយការណ៍​មក​ថា ទីតាំង​រ៉ែ​មាស​អនាធិបតេយ្យ ស្ថិតក្នុង​ភូមិ​ក្រង​តេះ ឃុំក្រង​តេះ ស្រុក​ពេ​ជ្រា​ដា នៅតែ​បន្ត​កើតមាន​ដដែល បើទោះជា​កន្លងមក​សម​ត្ថ​កិច្ច​ពាក់ព័ន្ធ​នៅ​ខេត្តរតនគិរី​បាន​ចុះបង្ក្រាប​ក៏ដោយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការដែល​បទល្មើស​ជីក​រ៉ែ​ខុសច្បាប់​នៅតែ​បន្ត​កើតមាន គឺអាច​មកពី​សមត្ថកិច្ច​ជំនាញ​អនុវត្ត​ច្បាប់​មិនបាន​ពេញលេញ ឬក៏​អាច​បណ្តាលមកពី​ទំនាក់ទំនង​ពិសេស​អ្វីមួយ​ហើយ ទើប​កន្លងមក​ជនល្មើស​ជីក​រ៉ែ​ដែលមាន​ទាំង​ជនជាតិខ្មែរ និង​យួន​តែងតែ​រួចខ្លួន​ជានិច្ច​។​

​មន្ត្រី​បម្រើការ​នៅ​មន្ទី​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី​មួយរូប​បាន​បង្ហើប​ថា អ្នក​ជីក​រ៉ែ​ខុសច្បាប់​នៅ​ខេត្តមណ្ឌលគិរី ពិសេស​នៅ​ស្រុក​ពេ​ជ្រា​ដា គឺមាន​ទាំង​ជនជាតិ​យួន និង​ខ្មែរ ហើយ​ពួកគេ​ទាំងនោះ​មិនមែនជា​អ្នកទទួលបាន​ផលប្រយោជន៍​ធំ​នោះទេ ព្រោះ​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ច្រើនជាងគេ​នៅក្នុង​ការធ្វើ​អាជីវកម្ម​រ៉ែ គឺជា​កុងសែ​នៅក្នុង​ខេត្តមណ្ឌលគិរី​ដែលមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​មានអំណាច​នៅក្នុង​ខេត្តមណ្ឌលគិរី​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​ទំនាក់ទំនង​ជិតស្និទ្ធ​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​មន្ត្រី​ជំនាញ​ពិបាក​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ព្រោះ​ពេលខ្លះ​មុនពេល​សមត្ថកិច្ច​ជំនាញ​ចុះ​ដល់ទី​តាំង​ប្រព្រឹត្ត​បទល្មើស ជនល្មើស​បានគេច​ខ្លួន​ទៅហើយ​ដែល​ករណីនេះ​គេ​សង្ស័យថា​ជនល្មើស​បានដឹង​ពី​សកម្មភាព​សមត្ថកិច្ច​ជំនាញ​។​

​ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ​ស្រុក​ពេ​ជ្រា​ដា​បាន​ត្អូញត្អែរថា​ខេត្តមណ្ឌលគិរី​មាន​ធនធាន​សម្បូរបែប​ពិសេស​ព្រៃឈើ និង​ធនធាន​រ៉ែ តែ​ភាពជាក់ស្តែង​ប្រជាពលរដ្ឋ​ខេត្ត​នេះ​នៅតែមាន​កម្រិតជីវភាព​ក្រីក្រ​ដដែល ហើយ​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​ការអភិវឌ្ឍ​តិចតួច​ជាងគេ​នោះ គឺ​ជនជាតិដើម​ភាគតិច​ដែលជា​ម្ចាស់​ទឹក​ផ្ទាល់​តែម្តង​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បញ្ហា​ខាងលើនេះ​គឺ​បណ្តាលមកពី​ការអភិវឌ្ឍ​ដោយ​គ្មាន​តម្លាភាព និង​សមធម៌ ព្រោះ​មន្ត្រី​ពុករលួយ និង​អ្នកមានអំណាច ព្រមទាំង​ឈ្មួញ​ខិលខូច​ប៉ុណ្ណោះ​ដែល​ទាញ​ផលប្រយោជន៍​ពី​ធនធានធម្មជាតិ​ដ៏​សម្បូរបែប​ពី​ខេត្ត​មួយ​នេះ​។ ប្រជាពលរដ្ឋ​ស្រុក​ពេ​ជ្រា​ដា​បាន​បញ្ជាក់ថា រដ្ឋាភិបាល​គួរ​គិតពី​បញ្ហា​ទាំងនេះ​ឡើងវិញ ព្រោះ​បើ​អស់​ធនធានធម្មជាតិ​ទៅ ខេត្តមណ្ឌលគិរី មិនអាច​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​ប្រសើរឡើង​បានឡើយ ខណៈ​តំបន់​ទេសចរណ៍​ក៏​រង​កា​រប​ផ្លិ​ច​បំផ្លាញ​ដែរនោះ​៕

5473efa4-45fd-4ef9-b323-b29d1fbdbd9f d971d70a-14e7-49de-a89d-f76341797b8a