បង្ក្រាប​​ឈើ​​ប្រភេទធ្នង់​មួយ​​គោ​យន្ត​ ប្រុង​លោត​ឆត្រ​​ទៅ​​វៀតណា​ម

ខេត្ត​ត្បូងឃ្មុំ ៖ គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​មាន​ផ្ទុក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញ​ទ្រុង​ខាងក្រោយ សង្ស័យ​ដឹក​ចេញពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ចូល​មក​ទឹកដី​ស្រុក​មេមត់ បម្រុង​លោត​ឆត្រ​ទៅ​ប្រទេស​វៀតណាម ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃើញ​ទាន់​ដេញ​ស្ទាក់​ចាប់​ជាប់ កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ២០១៥ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​ចំការ​កៅស៊ូ​មួយ​កន្លែង ក្នុងភូមិ​មេ​មង ឃុំ​មេ​មង ស្រុក​មេមត់ ចំណែក​អ្នកបើកបរ រួម​ទាំង​ព្រូ​បាន​រត់គេច​ខ្លួន​បាត់ ។

នាយ​រង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត លោក​អនុសេនីយ៍ឯក ទូច សម្បត្តិ ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ខាងលើ កំពុង​តែ​បើកបរ​នៅ​លើ​ផ្លូវ​ចិន ត្រង់​ចំណុច​គីឡូ​៥១ ក្នុងភូមិ​មេ​មង កម្លាំង​សម្ងាត់​បាន​រាយការណ៍​មក​រូប​លោក  ភ្លាម​ៗ​នោះ ក៏​បាន​សុំ​គោល​ការ​ណ៏​ពី​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ដើម្បី​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ជា​បន្ទាន់​ក៏​បាន​ប្រទះ​ឃើញ​គោ​យន្ត​ដឹកឈើ​ប្រណីត​ពេញ​តែ​ម្តង  ។

លោក​បន្ត​ថា ទាំង​ព្រឹក​ព្រលឹម​គ្រាន់តែ​ឃើញ​កម្លាំង​របស់​សមត្ថកិច្ច​ទៅ​ពី​ចម្ងាយ អ្នក​បើក​គោ​យន្ត​ដឹកឈើ​រួម​នឹង​ព្រូ​ម្នាក់​ទៀត​បាន​ឈប់​រថយន្ត​អែប​ខាង  ហើយ​លោត​ចុះ​រត់​ចូល​ទៅ​ក្នុង​ចំការ​កៅស៊ូ  កាត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​គេចខ្លួន​បាត់​ទាំង​ពីរ​នាក់  ។  រថយន្ត​ផ្ទុក​ឈើ​ប្រណីត​ពេញ​នេះ ត្រូវ​អូស​យក​មក​ប្រគល់​ឱ្យទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​មេមត់ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា នា​ពេល​កន្លង​ទៅ​ថ្មី​ៗ  រូប​លោក​ក៏​បាន​ចុះ​បង្ក្រាប​ផ្ទះ​ស្តុក​ឈើ​ប្រណីត​នៅ​ចំណុច​ភូមិ​ត្បូង​វត្ត ឃុំ​មេមត់ ស្រុក​មេមត់ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ តុលា ២០១៥ ផ្ទះ​របស់​ឈ្មួញ​ល្បីឈ្មោះ​សុ​ព្រី​ន  ភេទ​ប្រុស ដោយ​រឹបអូស​បាន​ឈើ​គ្រញូង នាងនួន ចំនួន​៣០៤​ដុំ ចំណែក​ម្ចាស់​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

នាយ​ផ្នែក​រដ្ឋបាល​សង្កាត់​ព្រៃឈើ​មេមត់  លោក​ទួត  វុ​ត្ថា  វិញ​ប្រាប់​ឱ្យ​ដឹង​ថា ចំពោះ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ ដែល​កម្លាំង​នគរបាល​សេដ្ឋកិច្ច​បង្ក្រាប​បាន យក​មក​ប្រគល់​ឱ្យ​ជំនាញ​របស់​លោក​នេះ គឺ​មាន​បរិមាណ​ប្រហែល​៣​ម៉ែត្រគូប ។ រហូត​មក​ដល់​វេលា​ម៉ោង​៩​ព្រឹក មិន​ទាន់​លេចមុខ​អ្នក​ណា​ម្នាក់​អះអាង​ជា​ឈើ​របស់​ខ្លួន​នៅឡើយ​ទេ  ។ ដូច្នេះ រូប​លោក​ត្រូវ​រឹបអូស​ដោយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕