ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ រំពឹង​មាន​អ្នក​ចូលរួម​លើស​ពី​៨​ពាន់​នាក់


ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ រំពឹង​មាន​អ្នក​ចូលរួម​លើស​ពី​៨​ពាន់​នាក់

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​លើក​ទី​២០ ក្នុង​ឆ្នាំ​២០១៥ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ​ខាង​មុខ ដែល​គេ​សង្ឃឹម​ថា​នឹង​មាន​ចំនួន​អ្នក​ចូល​រួម​រត់​ប្រណាំង​ច្រើន​ជាង​ឆ្នាំ​មុន​ៗ រហូត​អាច​លើស​ពី ៨​ពាន់​នាក់។

 

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ រំពឹង​មាន​អ្នក​ចូលរួម​លើស​ពី​៨​ពាន់​នាក់
សន្និសីទ​ស្ដី​ពី​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​លើក​ទី​២០

 

ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង បាន​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៦ ដែល​គិត​មក​ដល់​ឆ្នាំ​នេះ គឺ​ជា​លើក​ទី២០ ហើយ។ ចំនួន​អ្នក​ចូល​រួម​បាន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​២០១៤ កន្លង​ទៅ អ្នក​រត់​ប្រណាំង​មាន​ប្រមាណ ៨០០០​នាក់ មក​ពី ៧៨​ប្រទេស​នៅ​លើ​សាកលលោក បាន​ចូល​រួម​រត់​នៅ​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរវត្ត ខេត្ត​សៀមរាប​។

 

ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ដែរ គឺ​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង មាន​ការ​ចូល​រួម​​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និង​រៀបចំ​ដោយ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា ដើម្បី​ជួយ​ប្រមូល​ថវិកា​សម្រាប់​អង្គការ​មនុស្សធម៌​នានា​ដែល​ជួយ​គាំទ្រ​ដល់​កុមារ​កំព្រា និង​ជន​រងគ្រោះ​ដោយសារ​គ្រាប់​មីន ដូច​ជា​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ និង​កាកបាទ​ក្រហម​កម្ពុជា​ជា​ដើម។

 

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ រំពឹង​មាន​អ្នក​ចូលរួម​លើស​ពី​៨​ពាន់​នាក់

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​ជា​នាយក​ចាត់ការ​ទូទៅ​​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

 

ដោយ​សារ​មាន​ដៃគូ​ជាប់​លាប់​បន្ត​គាំទ្រ​រយៈ​ពេល ៥​ឆ្នាំ ទើប ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បង្ហាញ​ក្ដី​សង្ឃឹម​នៅ​ក្នុង​សន្និសីទ​កាល​ពី​ព្រឹក​មិញ​ថា ព្រឹត្តិការណ៍​ឆ្នាំ​នេះ​នឹង​ទាក់​ទាញ​អ្នក​ចូល​រួម​កាន់​តែ​ច្រើន​ជាង​ឆ្នាំ​មុនៗ ហើយ​អាច​​កើន​ឡើង​លើស​ពី ៨​ពាន់​នាក់។ បច្ចុប្បន្ន​ជន​បរទេស​ដែល​ចុះ​ឈ្មោះ​ចូល​រួម​មាន​ជាង ៤​ពាន់​នាក់​ទៅ​ហើយ ដែល​អាច​កើន​ឡើង​ដល់ ៥​ពាន់​នាក់ បូក​រួម​ទាំង​អ្នក​ចូល​រួម​ជា​ជន​ជាតិ​ខ្មែរ​ទៀត។

 

ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​ឆ្នាំ​នេះ រំពឹង​មាន​អ្នក​ចូលរួម​លើស​ពី​៨​ពាន់​នាក់
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា

 

ទិវា​រត់​ប្រណាំង​ពាក់​កណ្ដាល​​ម៉ារ៉ាតុង​នៅ​អង្គរ​វត្ត​លើក​ទី​២០ ចែក​ចេញ​ជា ៣​វិញ្ញាសា​គឺ ២១​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង ៣​គីឡូម៉ែត្រ។ សម្រាប់​ប្រជាជន​ខ្មែរ​ដែល​មាន​បំណង​ចង់​ចូល​រួម ត្រូវ​បង់​ថវិកា ២១​គីឡូម៉ែត្រ(១៥​ដុល្លារ), ១០​គីឡូម៉ែត្រ(១២​ដុល្លារ) និង​ ៣​គីឡូម៉ែត្រ(៥​ដុល្លារ)។

 

ចំពោះ​ជន​បរទេស ដែល​ចុះ​ឈ្មោះ​មុន​ខែ​ដំណាច់​ខែ​តុលា តម្រូវ​ឲ្យ​បង់​ប្រាក់​ចូល​រួម ២១​គីឡូម៉ែត្រ(៤៥​ដុល្លារ), ១០​គីឡូម៉ែត្រ(៤០​ដុល្លារ) និង​ ៣​គីឡូម៉ែត្រ(២០​ដុល្លារ)។ សម្រាប់​ជន​បរទេស​ដែល​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ត្រូវ​បង់​ប្រាក់ ២១​គីឡូម៉ែត្រ(៥៥​ដុល្លារ), ១០​គីឡូម៉ែត្រ(៥០​ដុល្លារ) និង​ ៣​គីឡូម៉ែត្រ(៣០ដុល្លារ)៕

 

អត្ថបទ៖ គង់ វិសាល