​ទារក​ទល់លាមក ៖ សញ្ញា មូលហេតុ និង​ដំណោះស្រាយ​

​ទារក​ទល់លាមក ៖ សញ្ញា មូលហេតុ និង​ដំណោះស្រាយ​

​ក្នុងនាម​ជា​ម្តាយ​ថ្មីថ្មោង អ្នកនឹង​តែងតែ​សង្កេតមើល និង​ព្រួយបារម្ភ​សុខភាព​កូន​ជា​និច្ច សូម្បី​តែ​ពេល​គេ​សើច យំ នោម ឬ​ជុះ​។ ការ​ជុះ​លាមក គឺជា​រឿង​មួយ ដែល​អ្នក​គួរ​ព្រួយបារម្ភ បើ​កូន​ជុះ​បាន​ទៀងទាត់ នោះ​គឺ​វា​មិន​អី​ទេ តែ​ជុះ​ញឹក ឬ​មិន​សូវ​ជុះ វា​អាច​ជា​សញ្ញា នៃ​បញ្ហា​សុខភាព​របស់​កូន​ហើយ​។​

​រោគសញ្ញា​
​គ្រូពេទ្យ​មួយចំនួន បាន​និយាយថា ទារក​តូចៗ​នឹង​ជុះ បន្ទាប់ពី​គេ​បៅ​រួច​។ ពេល​ធំ​បន្តិច អាច​ម្តង ពីរដង ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយថ្ងៃ​។​
​ផលិតផល​ទឹកដោះគោ ក៏​អាច​ជះ​ឥទ្ធិពល​ចំពោះ​ការ​ជុះ​របស់​ទារក​ផងដែរ ដូច្នេះ អ្នក​គួរ​ប្រុងប្រយ័ត្ន និង​សង្កេតមើល​ទម្រង់ ពណ៌ ក្លិន និង​ភាព​ញឹកញាប់ ដែល​កូន​របស់​អ្នក​ជុះ​។ ជាធម្មតា ទារក​ចាប់ពី​កើត​ទៅ​បួន​ខែ អាច​ជុះ​ជា​មធ្យម ៣ ទៅ ៤ ដង ឬ​ច្រើន​ជាង​នេះ ក្នុង​មួយ​ថ្ងៃ ហើយ​បន្ទាប់​ពី​អ្នកផ្តល់​ចំណី​រឹងៗ នោះ​ការ​ជុះ​អាច​ចុះថយ​បន្តិច​ម្តងៗ​។​

​ការ​ជុះ​ទៀងទាត់ មិនមែន​មានន័យថា មិន​ទល់លាមក​នោះទេ ព្រោះថា លាមក​រឹង​ពេក ឬ​ពិបាក​ពេល​ជុះ ក៏​គេ​ចាត់ទុកថា ទល់​ដែរ ហើយ​ពេល​ខ្លះ វា​អាច​បង្ក​ជាការ​ហូរឈាម តាម​លាមក​ទៀតផង​។​ ​ប្រសិនបើ​ទារក​ខំប្រឹង​ខ្លាំង ធ្វើ​មុខ​ធ្វើ​មាត់ មុន​ពេល​ជុះ​ចេញ នោះ​វា​អាច​ជា​សញ្ញា នៃ​ការ​ទល់លាមក​ហើយ​។

​មូលហេតុ​
​ទោះបីជា​ទារក​តូច ដែល​បៅដោះ ឬ​ទឹកដោះគោ កម្រ​នឹង​ទល់លាមក​ក៏ដោយ ប៉ុន្តែ វា​នៅតែ​អាច​កើតមាន​បាន​។ ផលិតផល​ម្សៅ​ទឹកដោះគោ​មួយ​ចំនួន អាច​បណ្តាល​ឲ្យ​កូន​របស់​អ្នក​ទល់​បាន ដូច្នេះ អ្នក​គួរតែ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ អំពី​ម៉ាក​ទឹកដោះគោ ដែល​អ្នក​ចង់ឲ្យ​កូន​បៅ​។​ ​ពេល​កូន​អាយុ ៦ ខែ គ្រូពេទ្យ​កុមារ​មួយចំនួន អាច​ណែនាំ​ឲ្យ​អ្នក ប្រើ​អាហារ​កំប៉ុង​កុមារ ដែល​វា​ជា​ហេតុ​នាំ​ឲ្យ​កុមារ​ទល់​។ ចូរ​ចាប់ផ្តើម​អាហារ​កុមារ ដែល​មាន​ផ្ទុក​ជាតិ​ផ្លែ​ប៉ោ​ម ចេក និង​គ្រាប់​ធញ្ញជាតិ​។ ទោះជា​យ៉ាងណា អ្នក​គួរ​ប្រុងប្រយ័ត្ន ក្នុង​ការជ្រើសរើស​ផលិតផល​ទាំងនេះ​។ ម្យ៉ាងវិញទៀត ពេល​កូន​ធំ ហើយ​ចាប់ផ្តើម​ញ៉ាំ​អាហារ​ចម្រុះ​បាន នោះ​មូលហេតុ​នៃ​ការ​ទល់​អាចមាន​ច្រើន និង​ពិបាក​កំណត់​។​

​វិធី​ព្យាបាល​
​ការផ្លាស់ប្តូរ​ម៉ាក​ទឹកដោះគោ ឬ​ម្តាយ​ផ្លាស់ប្តូរ​ការ​ញ៉ាំ​អាហារ អាច​ជួយ​ដល់​បញ្ហា​ទល់លាមក​របស់​កុមារ​បាន​។ អាហារ​រឹង ជាទូទៅ នឹង​ធ្វើឲ្យ​កុមារ​ទល់ ប៉ុន្តែ វា​ក៏​អាច​ដោះស្រាយ​បាន​ដែរ តាមរយៈ​ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន​។ ទឹក ក៏​ជា​របស់​ចាំបាច់​សម្រាប់​ព្យាបាល​ការ​ទល់លាមក​ដែរ ដូច្នេះ កុមារ​គួរ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​។​

​ប្រសិន​បើ​ដំណោះស្រាយ​ខាងលើ មិន​ទទួល​ជោគជ័យ​ទេ នោះ​អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ​ហើយ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។