អ្នកវិទ្យាសាស្ត្រ៖ មិនគួរឲ្យជឿថា សត្វក្រពើ អាចដេកលក់ ដោយទុកភ្នែកម្ខាង នៅតែបើកនិង ដំណើរការបាន

អូស្ត្រាលី៖ វាជារឿងដ៏គួរឲ្យ ភ្ញាក់ផ្អើលនិង មិនធ្លាប់បានដឹងពីមុនមក ដែលនាពេលថ្មីៗនេះ មានរបាយការណ៍មួយ បានបញ្ជាក់ថា សត្វក្រពើ អាចដេកលក់ ដោយទុកឲ្យភ្នែកម្ខាង របស់វានៅ បើកនិង ដំណើរការធម្មតាបាន។

យោងតាមប្រភពព័ត៌មាន ដែលបានដកស្រង់ ចេញពីរបាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា សត្វក្រពើគឺអាច ដេកលក់បានដោយ ទុកឲ្យភ្នែកម្ខាងរបស់វា បើក និងដំណើរការធម្មតា ដើម្បីឃ្លាំមើល អ្វីដែលនៅជុំវិញខ្លូន ក៏ដូចជាដើម្បីការពារខ្លួនវា ផងដែរ។

ក្នុងនោះអ្នកវិទ្យាសាស្ត្រ ក៏បានសន្និដ្ឋានថា នៅពេលដែលសត្វក្រពើ បើកភ្នែកម្ខាងក្នុងពេល ដែលពួកវាដេកលក់ នោះក៏មានន័យថា ខួរក្បាលមួយផ្នែក របស់វាក៏កំពុងតែ ដំណើរការក្នុងពេលនេះ ផងដែរ ស្របពេល ដែលខួរក្បាលមួយផ្នែក ត្រូវបានសម្រាកនៅក្នុង ដំណេកលង់លក់របស់វា។

អ្នកវិទ្យាសាស្ត្រ៖  មិនគួរឲ្យជឿថា សត្វក្រពើ អាចដេកលក់ ដោយទុកភ្នែកម្ខាង នៅតែបើកនិង ដំណើរការបាន
សត្វក្រពើអាច ដេកលក់ដោយបើកភ្នែកម្ខាង

ការសន្និដ្ឋាន និងការរកឃើញទាំងនេះ មានឡើងបន្ទាប់ពី ក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការពិសោធន៍ទៅលើ ប្រភេទសត្វមួយចំនួន មានទាំងបក្សី និងពពួកសត្វល្មូន ហើយក្នុងនោះ របាយការណ៍ទាក់ទង ទៅនឹងការ ដេកលក់ដោយ បើកភ្នែកម្ខាងរបស់ សត្វក្រពើនោះគឺជា ការរកឃើញដ៏ថ្មី និងជាក់ស្តែងមួយ។

វេជ្ជបណ្ឌិត John Lesku អ្នកវិទ្យាសាស្ត្រមកពី សាកលវិទ្យាល័យ La Trobe នៃទីក្រុង Melbourne និងជាអ្នកដឹកនាំ ក្នុងការស្រាវជ្រាវ មួយនេះបាននិយាយថា “កាលពីមុនយើងបានដឹងថា ប្រភេទសត្វត្រីផ្សោតសមុទ្រ និងត្រី dolphin ព្រមទាំងពពួកសត្វបក្សី គឺអាចដេកលក់ ដោយទុកភ្នែកម្ខាង របស់វាឲ្យនៅបើកដំណើរការ ដើម្បីការពារខ្លួនពួកវា ពីការប្រមាញ់ តែពេលនេះយើង ក៏បានដឹងថាសត្វក្រពើ ក៏ជាប្រភេទសត្វ ស្ថិតនៅក្នុងចំណោមនោះដែរ។ នេះគឺជា កត្តាធម្មជាតិ ដ៏អស្ចារ្យមួយរបស់សត្វ ដែលវាខុសពីមនុស្សយើង ព្រោះថាយើងដេកលក់ គឺខួរក្បាលទាំងស្រុង ត្រូវបានផ្អាកដំណើរការ តែម្តង ពោលគឺមិនអាច សម្រាកមួយផ្នែក ទុកមួយផ្នែក ដូចពពួកសត្វ ទាំងនេះបានឡើយ”។

នេះគឺជារបាយការណ៍ថ្មី មួយរបស់អ្នកវិទ្យាសាស្ត្រ​ ដែលបានបញ្ជាក់ អំពីកត្តាធម្មជាតិមួយចំនួន ដែលពួកយើងភាគច្រើន មិនធ្លាប់បានដឹង ពីមុនមក៕

អ្នកវិទ្យាសាស្ត្រ៖  មិនគួរឲ្យជឿថា សត្វក្រពើ អាចដេកលក់ ដោយទុកភ្នែកម្ខាង នៅតែបើកនិង ដំណើរការបាន
សត្វក្រពើ មានសមត្ថភាព អាចដំណើរការខួរក្បាលមួយផ្នែក អំឡុងពេលដែល ពួកវាដេកលក់

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត