ប៉ូលិស​បញ្ជូន​ជនជាតិ​បរទេស ២​នាក់ ដែល​ធ្វើ​សកម្មភាព​រំលោភ​លើ​លំនៅឋាន និង​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស ទៅ​តុលាការ​

​សៀមរាប: ម្នាក់​ជា​ជនជាតិ​អូស្ត្រាលី និង​ម្នាក់ទៀត ជា​ជនជាតិ​ញ៉ូ​ហ្សេ​លែ​ន ត្រូវបាន​កំលាំង​កា​រិ​យា ល័យ​អន្តោប្រវេសន៍​នៃ​ស្នងការ​ខេត្តសៀមរាប បានធ្វើការ​ឃាត់ខ្លួន ដើម្បី​អនុវត្ត​ច្បាប់ ខណៈពេល ដែល​ជនជាតិ​បរទេស ២​រូបនោះ ត្រូវបាន​រំលោភ​លើ​លំនៅឋាន និង​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស លើ​ជនជាតិ​អង់គ្លេស​។​
​    ​លោក​វរសេនីយ៍ទោ ជា គឹម​សាន ប្រធានការិយាល័យ​អន្តោប្រវេសន៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ជនជាតិ​បរទេស​ទាំង​២​នាក់ ត្រូវបាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៨​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ស្ថិតនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ខណៈពេលដែល​សមត្ថកិច្ច​កោះ ហៅ​មក​សាកសួរ​។ ការឃាត់ខ្លួន​នោះ​ក៏​ធ្វើឡើង​តាម​បញ្ជា​របស់លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តសៀមរាប​ផងដែរ​។
​    ​
​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វីរៈ យោងតាម​បណ្តឹង​របស់លោក DAVID SCOTCHER ភេទ ប្រុស អាយុ​៦៦​ឆ្នាំ សញ្ជាតិ​អង់គ្លេស មានមុខរ​បរជា​គ្រូបង្រៀន ស្នាក់នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប បាន​ប្តឹង​ជនសង្ស័យ​ទាំង​២​ខាងលើ​ថា បាន​ចូលមក​បន្ទប់​ស្នាក់ នៅ​ឯកជន​របស់ខ្លួន ហើយ​បាន​វាយ​សម្លុត ទះកំផ្លៀង និង​បាន​ដកហូតយក​លិខិតឆ្លងដែន​មួយ និង ម៉ាស៊ីនថតរូប​ចំនួន​មួយ​ពី​ខ្លួន​ទៅ​។​
​    ​
​យោងតាម​ការស្រាវជ្រាវ​មួយរយៈ ទើប​សមត្ថកិច្ច​ដែលមាន​តំណាង​អយ្យការ ក៏​ឈានដល់ ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​។ ជន​នោះ​ទី​១.​ឈ្មោះ EGLITIS GUIDO JAMES ភេទ​ប្រុស អាយុ ៦៨​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ​E4053650 ស្នាក់នៅ​ផ្ទះជួល​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​ទី​២​ឈ្មោះ BRETT MICHAEL HASTIE ភេទ ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ញ៉ូ​ហ្សេ​លែ​ន កាន់​លិខិតឆ្លងដែន​លេខ​LN395172 មានមុខ​របរ ជា​អ្នក ម៉ៅការ​សំណង់ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។
​    ​
​លោក​វរសេនីយ៍ឯក ចៅ ម៉ៅ​វីរៈ បាន​បន្តថា ជនសង្ស័យ​ទាំង ២​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥​នេះ ដើម្បី​ចោទប្រកាន់​ទៅតាម​ផ្លូវច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ប៉ូលិស​បញ្ជូន​ជនជាតិ​បរទេស ២​នាក់ ដែល​ធ្វើ​សកម្មភាព​រំលោភ​លើ​លំនៅឋាន និង​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស ទៅ​តុលាការ​

ប៉ូលិស​បញ្ជូន​ជនជាតិ​បរទេស ២​នាក់ ដែល​ធ្វើ​សកម្មភាព​រំលោភ​លើ​លំនៅឋាន និង​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស ទៅ​តុលាការ​
​រូបភាព​៖​ឃាត់ខ្លួន​ជនជាតិ​បរទេស​២​នាក់ ដែល​ធ្វើ​សកម្មភាព​រំលោភ​លើ​លំនៅឋាន និង​លួច​ដោយមាន​ស្ថាន​ទម្ងន់ទោស លើ​ជនជាតិ​បរទេស​ដូចគ្នា​៕​គូលែន​