តុលាការ​ខេត្តសៀមរាប ដោះលែង​ជន​គម្រាម​សម្តេច​ក្រឡាហោម ស ខេង បន្ទាប់ពី​ផ្តន្ទាទោស ដោយ​កាត់​តម្រឹម

​សៀមរាប: ជន​ដែល​គម្រាម​សម្តេច​ក្រឡាហោម ស ខេង ដែល​កាលនោះ សម្តេច​ជា​រដ្ឋមន្ត្រី​ស្តីទី ត្រូវបាន​តុលាការ សម្រេច​បើកសវនាការ​ជំនុំជម្រះ សម្រេច​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៥​ខែ តែ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​តែ​រយៈពេល ១​ខែ​ប៉ុណ្ណោះ​។ ជននេះ នឹងត្រូវ​ចេញពី​ពន្ធនាគារ នៅ​ថ្ងៃទី​២៨ ខែតុលា ខាងមុខ​។

​យុវជន​នោះ ត្រូវបាន​នាំខ្លួន មក​ជំនុំជម្រះ នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ដោយមាន​លោក ឈុន ច​ន្ទ័​សីហា ជា​ចៅក្រម​ជំនុំជម្រះ លោក សំរិទ្ធ សុខុន ជា​តំណាង​អយ្យការ និង​លោក យ៉ែម ពិត​ណ្ណា ជា​ក្រឡាបញ្ជី​សវនាការ និង​មេធាវី​ការពារ​ជនជាប់ចោទ ២​រូប គឺ​កញ្ញា ថា រ័ត្ន​ថុ​ន និង​លោក កុយ កិ​ត្យា បន្ទាប់ពី​ចប់​សវនាការ​ភ្លាម ចៅក្រម​ជំនុំជម្រះ បានប្រកាស​សាលក្រម​ផ្តន្ទាទោស​ឈ្មោះ តៅ សាវឿន ដាក់ពន្ធនាគារ​រយៈពេល​១៥​ខែ តែ​ទោស​ត្រូវអនុវត្ត​ក្នុង​ពន្ធនាគារ​រយៈពេល​១​ខែ​។​

​ទណ្ឌិត​ខាងលើ​មានឈ្មោះ​តៅ សាវឿន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីកន្លែង​កំណើត​ភូមិ​ដូន​ឪ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ស្នាក់នៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀម រាប ខេត្តសៀមរាប​។
​    ​
​ជននេះ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​សា​លក​វិទ្យាល័យ សៅ​ស៍​អ៊ី​ស​ថ៍​អេ​យ​សៀ បន្ទាប់ពី​រូបគេ​បាន​ចូលមក​ទទួល​សញ្ញាប័ត្រ​បញ្ចប់​ការសិក្សា នៅ​សាល​កល​វិទ្យា​នេះ ដែល​ផ្តល់ជូន​ដោយ​សម្តេច​ក្រឡាហោម ស ខេង​។
​    ​
​ទណ្ឌិត​រូបនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពេលនោះ ពីបទ​គម្រាម​សម្លាប់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងទៅនេះ​។ ទណ្ឌិត​រូបនេះ​ដែរ មាន​មុខរបរ​មុនពេល​ចាប់ខ្លួន​ជា​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន នៅ​សណ្ឋាគារ​សុខា​រ័ត្ន នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។
​    ​
​បើ​គិតពី​ថ្ងៃ​ឃុំខ្លួន ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៥ គឺ​ទណ្ឌិត តៅ សាវឿន នឹងត្រូវ​ចេញពី​ពន្ធនាគារ​នៅ ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥​ខាងមុខ ហើយ​គេ​នឹងមាន​សេរីភាព​ធម្មតា​វិញ​។ យុវជន​នេះ ត្រូវបាន​ចាប់ខ្លួន ដោយសារតែ​រូបគេ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ថា នឹងដាក់​គ្រាប់បែក​ឲ្យ​ស្លាប់​តែម្តង នៅពេល​សម្តេច​សខេង ទៅ​ចែក​សញ្ញាប័ត្រ ព្រោះ​សាលា​នោះ លើក​ពេល​ចែក​សញ្ញាបត្រ​៕

តុលាការ​ខេត្តសៀមរាប ដោះលែង​ជន​គម្រាម​សម្តេច​ក្រឡាហោម ស ខេង បន្ទាប់ពី​ផ្តន្ទាទោស ដោយ​កាត់​តម្រឹម
​រូបភាព​៖​កាត់ទោស​ជន​គម្រាម​សម្តេច​ក្រឡាហោម ស ខេង ចំនួន​១៥​ខែ តែ​អនុវត្ត​ទោស​រយៈពេល​១​ខែ​៕ ​គូលែន​