ពលរដ្ឋ​ខ្មែរ​បង្ខំចិត្ត​លក់ និង​បរិភោគ​ត្រី​ចិញ្ចឹម​ព្រោះ​មិនសូវ​សម្បូរ​ត្រី​ធម្មជាតិ

ត្រី​គឺជា​អាហារ​ដ៏​សំខាន់​សម្រាប់​មនុស្ស ក៏ប៉ុន្តែ​រហូតមកដល់​ពេលបច្ចុប្បន្ន​បរិមាណ​ត្រី​ធម្មជាតិ​ហាក់​មានការ​ថយចុះ​នៅលើ​ទីផ្សារ​កម្ពុជា។ នៅពេលដែល​ត្រី​ធម្មជាតិ ឬ​ត្រី​ស្រែ​មានការ​ធ្លាក់ចុះ​បរិមាណ​នៅក្នុង​ទីផ្សារ​តម្លៃ ត្រី​ប្រភេទ​នេះ​ក៏​កាន់តែ​មានតម្លៃ​ថ្លៃ ចំណែក​ត្រី​ចិញ្ចឹម​ក្លាយជា​ចំណុច​ពិចារណា​រវាង​អាជីវករ​និង​ប្រជាពលរដ្ឋ។

មាន​វ័យ៤៥ឆ្នាំ អ្នក​មីង យ៉ឹ​ម ឆេន ជា​អាជីវ​ករលក់​ត្រី​នៅ​ផ្សារ​ទឹកថ្លា រាជធានី​ភ្នំពេញ ទទួលស្គាល់ថា​មានការ​លំបាក​នៅក្នុង​ស្វែង​រកត្រី​ធម្មជាតិ ឬក៏​ត្រី​ស្រែ ដើម្បី​យកមក​លក់​ដល់​អតិថិ​ជន។ មាន​មាឌធំ​អ្នកស្រី ឆេន  បាន​លើកឡើងថា៖ «សព្វថ្ងៃ សម្បូរ​តែ​ត្រី​ចិញ្ចឹម​ទេ ចំណែក​ត្រី​ស្រែ​ពិបាក​រក​ណាស់។ វា​មិន​ត្រឹមតែ​ពិបាក​រក​ទេ វា​ថែមទាំង​តម្លៃ​វា​ថ្លៃ​ទៀតផង»។

ពលរដ្ឋ​ខ្មែរ​បង្ខំចិត្ត​លក់ និង​បរិភោគ​ត្រី​ចិញ្ចឹម​ព្រោះ​មិនសូវ​សម្បូរ​ត្រី​ធម្មជាតិក្នុងនាម​ជា​អាជីវករ​លក់​ត្រី​អស់​រយៈពេល​ជាង១០ឆ្នាំ​មកហើយ​នេះ អ្នកស្រី ឆេន តែងតែ​ក្រោក​តាំងពី​ម៉ោង៣ ឬ៤ព្រឹក ដើម្បី​ធ្វើដំណើរ​ទៅ​លើក​ត្រី​ពី​ព្រែក​ភ្នៅ ឬ​គីឡូ​លេខ៩ ពេល​ថ្ងៃ​ខ្លះ​អ្នក​មីង​ក៏​អាច​បាន​ត្រី​ស្រែ​ខ្លះ​ដើម្បី​យកមក​លក់ តែ​ជា​ញឹកញាប់​គឺ​មិនបាន​នោះទេ គឺ​អ្នក​មីង​លើក​យកតែ​ត្រី​ចិញ្ចឹម​មក​លក់​តែប៉ុណ្ណោះ។

ដៃ​កំពុង​ធ្វើ​ស្រការ​ត្រី​ឲ្យ​អតិថិជន ស្ត្រី​វ័យ៤៥ឆ្នាំ​រូបនេះ​បាន​បន្ដថា អតិថិជន​របស់​អ្នកស្រី​តែងតែ​សួររក​ត្រី​ស្រែ តែ​អ្នក​មីង​មិនដឹង​ធ្វើ​ម៉េច ព្រោះ​ដោយសារតែ​អ្នកស្រី មិនអាច​រក​ទិញ​យកមក​លក់​បន្ត។ ហើយ​អតិថិជន ព្រមជាមួយ​អ្នក​មីង​ផ្ទាល់​ក៏​ហូប​ត្រី​ចិញ្ចឹម ព្រោះ​មិនដឹង​ទៅរក​ត្រី​ស្រែ​ពី​ណា​បាន។

នៅពេល​និយាយ​ពី​តម្លៃ​ត្រី​វិញ អ្នកស្រី ឆេន​បាន​ឲ្យ​ដឹងថា ត្រី​ស្រែ​គឺ​ពិតជា​មានតម្លៃ​ថ្លៃ​ជាង​ត្រី​ចិញ្ចឹម​គឺ ត្រី​ស្រែ​តម្លៃ​ទាប់​បំផុត១៥០០០រៀល សម្រាប់​ត្រី​កូន​ត្រីតូចៗ ហើយ២០០០០រៀល​ឡើងទៅ សម្រាប់​ត្រីធំ។ ចំណែក​ត្រី​ចិញ្ចឹម​វិញ​អ្នកស្រី​ឆេន បាន​ឲ្យ​ដឹងថា វា​មាន​តម្លៃថោក​នោះទេ គឺ​មួយ​គីឡូ​ត្រឹមតែ៨០០០រៀល ទៅ១២០០០រៀល​តែប៉ុណ្ណោះ។
ងាក​មក​ចាប់អារម្មណ៍​អាជីវករ​មួយរូប​ទៀត លោក​តុង សុវណ្ណ គឺជា​អាជីវ​ករលក់​ត្រី នៅ​ផ្សារ​ទឹកថ្លា​ជាមួយនិង​ភរិយា​អស់​រយៈពេល​ជិត៦ឆ្នាំ​មកហើយ។

បុរស​វ័យ៣០ឆ្នាំ បុរស​សម្បុរ​សណ្ដែកបាយ​រូបនេះ​បាន​លើកឡើងថា លោក​ពិបាក​រកត្រី​ស្រែ ឬ​ត្រី​ធម្មជាតិ​ដើម្បី​យកមក​លក់​ខ្លាំងណាស់ ព្រោះ​លោក​ត្រូវមាន​ម៉ូយ​យកមក​ឲ្យ​តាំងពី​ខេត្តបាត់តំបង និង​ខេត្តកំពង់ឆ្នាំង។ លោក​ថាបើ​បាន​ត្រី​ស្រែ​យកមក​លក់​គឺ លោក​ងាយស្រួល​លក់​ជាង​លក់​ត្រី​ចិញ្ចឹម​ព្រោះ​វា​លក់​ឆាប់​ដាច់​ទោះបី​វា​មានតម្លៃ​ថ្លៃ​ជាង​ត្រី​ចិញ្ចឹម​ក៏ដោយ ហើយ​អតិថិជន​របស់លោក​គេ​រកតែ​ត្រី​ស្រែ​នោះទេ។ បុរស​រូបនេះ​បាន​ប្រាប់​យ៉ាង​ដូច្នេះ​ថា៖ «ពេល​ម៉ូយ​មកដល់ គេ​សួរថា មាន​ត្រី​ស្រែ​អត់? ខ្ញុំ​ពេលខ្លះ​ពិបាក​ឆ្លើយ​ព្រោះ​ខ្ញុំ​អត់​មាន​ត្រី​ស្រែ​លក់​ផង ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​ម៉ូយ​ដែល​ទិញ​រាល់ថ្ងៃ​ទៅ​ទិញ​អ្នកផ្សេង​នោះទេ»។ ពលរដ្ឋ​ខ្មែរ​បង្ខំចិត្ត​លក់ និង​បរិភោគ​ត្រី​ចិញ្ចឹម​ព្រោះ​មិនសូវ​សម្បូរ​ត្រី​ធម្មជាតិ

មាន​តូប​ប្រវែង​ប្រមាណ២ម៉ែត្រ​បណ្ដោយ​និង​ទទឹង១ម៉ែត លោក លាង​គឺ ជា​ម្ចាស់​តូប​តូច​មួយ​នេះ។  មាន​វ័យ​ប្រហែល ៣៥ឆ្នាំ លោក​លាង គឺជា​អាជីវករ​មួយរូប​ដែល​លក់​តែ​ត្រី​ធម្មជាតិ​សុទ្ធ ឬ​ត្រី​ស្រែ ដែល​ដាក់​លើ​កញ្ច្រែង​តាម​ប្រភេទ​ត្រីផ្សេងៗគ្នា។ 

ក្នុងនាម​ជា​អាជីវករ ដែល​លក់​តែ​ត្រី​ស្រែ​សុទ្ធ​លោក​លាង ពិតជា​មានការ​លំបាក​ក្នុងការ​លើកយក​ត្រី​ប្រភេទ​នេះ​យកមក​លក់។ ជា​រៀងរាល់ថ្ងៃ​លោក​ត្រូវ​ជិៈ​ម៉ូតូ​ទៅ​លើកយក​ត្រី​តាំងពី​ម៉ោង៣ព្រឹក ក្នុង​ចំងាយ​ដី​ប្រមាន​ជាង៥០គីឡូ​ម៉ែត ដោយ​លោក​ត្រូវ​ទៅ​លើកយក​ត្រី​បន្ត​ពី​ម៉ូយ​របស់លោក ជា​អាជីវករ​តាម​ភូមិ​នៅ​ខេត្ត​កំពង់​ឆ្នាំ។

មាន​សម្លៀកបំពាក់​ប្រឡាក់​ដោយ​ឈាម​និង​ស្រការ​ត្រី​ផង​នោះ បុរស​វ័យ៣៥ឆ្នាំ​រូបនេះ​បានលើកឡើង​ពី​ភាពលំបាក​របស់ខ្លួន​ក្នុង​ការរក​ទិញ​ត្រី​ស្រែ​ដើម្បី​យកមក​លក់​បន្ត​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ត្រូវ​ក្រោក​ពី​ម៉ោង៣ព្រឹក ហើយ​ជិៈ​ម៉ូតូ​ប្រហែល​ជាជាង១ម៉ោង ដើម្បី​ទៅយក​ត្រី​ពី​ម៉ូយ​ខ្ញុំ​នៅ​កំពង់​ឆ្នាំ។ ហើយ​ទម្រាំ​បាន​ពី២០ទៅ៣០គីឡូ​ដើម្បី​យកមក​លក់​នោះ គឺ​ត្រូវ​សន្សំ​ទិញ​ពី​អ្នកនេសាទ ម្នាក់ៗបានតែ២ទៅ៣គីឡូ ហើយ​ទាន់​តែ​ម៉ោង​ប្រហែល៦ ទៅ៧ព្រឹក ទើបបាន​មកដល់​ភ្នំពេញ​វិញ»។ លោក​លាង​បាន​បន្តថា ពេល​លោក​លក់​ត្រី​ធម្មជាតិ​នេះ​គឺ​តែងតែ​ទទួល​ការស្នើរ​សុំ​ឲ្យ​បញ្ចុះតម្លៃ​ពី​អតិថិជន​របស់លោក តែ​លោក​មិនអាច​បញ្ចុះតម្លៃ​បានទេ​ព្រោះ​លោក​បាន​លើកយក​ពី​គេ​ក៏​ថ្លៃ​ដូចគ្នា។ ក៏ប៉ុន្តែ​លោក​លាង ក៏មាន​ភាពងាយស្រួល​ក្នុង​ការលក់​ត្រី​ប្រភេទ​នេះ​ទៅវិញ ព្រោះ​អ្នកមាន​លុយ ឬ​គេ​មាន​ជីវភាព​សមរម្យ​គេ​រកតែ​ត្រី​ប្រភេទ​នេះ ទោះ​វា​ថ្លៃ​បន្តិច​មែន​ក៏​គេ​ទិញ​ដែរ។

ចំណែក​អ្នកស្រី សៅ ច​ន្ធី មាន​វ័យ៤៥ឆ្នាំ ជា​ប្រជាពលរដ្ឋ​ដែល​មក​ទិញ​ត្រី បាន​មានប្រសាសន៍ថា​អ្នកស្រី​បច្ចុប្បន្ន​ពិបាក​សម្រេចចិត្ត​ខ្លាំងណាស់​ពេលដែល​អ្នកស្រី​មក​ដើរ​ផ្សារម្ដង។ ព្រោះ​អ្នក​មីង​មិនដឹងថា​ត្រូវ​ទិញ​ត្រី​អ្វី​សម្រាប់ធ្វើ​ម្ហូប។ មាន​សម្បុរ​ស ក្នុង​សម្លៀកបំពាក់​ថ្មី អ្នកស្រី​កំពុងតែ​ដើរ​មើល​ត្រី និង​តថ្លៃ​ត្រី​ជាមួយ​អាជីវករ​លក់​ត្រី អ្នកស្រី ច​ន្ធី បាន​មានប្រសាសន៍ថា៖ «អ្នកផ្ទះ​មីង​មិន​ចំណូល​ញាំ​សាច់​ទេ​ជ្រូក​ទេ តែបើ​ទិញ​សាច់គោ​វា​ថ្លៃ។

មីង​ទិញ​តែ​ត្រី​ទេ តែ​ពេលខ្លះ​រកត្រី​ស្រែ​ទិញ​មិនបាន មានតែ​ទិញ​ត្រី​ចិញ្ចឹម​ទៅ ទោះយ៉ាងណា​វា​ល្អ​ជាង​ញាំ​សាច​ដែរ»។ អ្នកស្រី ច​ន្ធី ចង់បាន​ត្រី​ស្រែ ព្រោះ​វា​មាន​រស់ជាតិ ឆ្ងាញ់ ហើយ​ញាំ​ទៅ​មិនមាន​អារម្មណ៍​ថា​ញញើត តែ​ត្រី​ចិញ្ចឹម​គឺ​អ្នក​មីង​ធ្លាប់​ឮ​ត​ត​គ្នា​ថា គេ​ប្រើ​ថ្នាំ​ឬ​ចំណី​ជាដើម ទើប​ធ្វើ​ឲ្យ​អ្នក​មីង​ច​ន្ធី​មិនសូវ​ចង់​ទិញ​ត្រី​ចិញ្ចឹម តែដោយសារ​គ្មាន​ជម្រើស។

ចំណែក​យុវជន ជួន ភក្ត្រា ជា​និស្សិត​មកពី​ខេត្តកំពង់ចាម បានលើកឡើង​មិន​ខុសពី​អ្នក​មីង​ច​ន្ធី​ប៉ុន្មាន​នោះទេ។ ភក្ត្រា គ្មាន​ជម្រើស​ក្នុង​ការទិញ​ត្រី​ចិញ្ចឹម ព្រោះ​កម្ររ​មាន​ត្រី​ស្រែ ណាមួយ​បើ​មាន​ក៏​តម្លៃ​ថ្លៃ ដែល​ខ្លួន​មិនអាច​ទិញ​បាន​ព្រោះ​លុយ​ខ្លួន​មានកំណត់។

រហូតមកដល់​ពេលបច្ចុប្បន្ន​នេះ មិន​ត្រឹមតែ​ស្ត្រី​មេផ្ទះ​ដែលជា​អ្នកដើរ​ផ្សារ សូម្បីតែ អាជីវករ​ខ្លួនឯង​ក៏មាន​ការលំបាក​ក្នុង​ការលក់ និង​រក​ទិញ​ត្រី​ដូចគ្នា។ រីឯ​យុវជន​ដែលជា​សិស្ស​និស្សិត​ក៏មាន​ការលំបាក់​ដូចគ្នា​ព្រោះ​ទីផ្សា​សម្បូរ​តែ​ត្រី​ចិញ្ចឹម ចំណែក​ត្រី​ស្រែ​មានតម្លៃ​ថ្លៃ ហើយ​មាន​ចំនួន​តិច​មិនអាច​គ្រប់គ្រាន់​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​នោះទេ៕


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​